ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី បានថ្លែងថា នៅថ្ងៃអង្គារនេះ ក្រុមការងារទាំងអស់ កំពុងផ្តោតទៅកាន់ភាគខាងត្បូង សមុទ្រឥណ្ឌា ទីដែលយន្តហោះ MH-370 ធ្លាក់ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីបានប្រកាស កាលពីយប់ថ្ងៃចន្ទថា យន្តហោះ MH370 ដែលបានបាត់ខ្លួន ពិតជាបានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា រួមនឹងថ្លែងថា រដ្ឋាភិបាល មានការសោកស្តាយដែលជូនដំណឹងថា អ្នកនៅលើយន្តហោះទាំងអស់ គ្មានអ្នកណាម្នាក់ មានជីវិតរស់រានទេ ។
នៅថ្ងៃអង្គារ ទី២៥ ខែមីនា នេះ នៅមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងប៉េកាំង ក្រុមគ្រួសារអ្នកដំណើរជនជាតិចិន បានផ្ទុះកំហឹងបានធ្វើបាតុកម្មតវ៉ា ដោយបានស្រែកចាត់ទុករដ្ឋាភិបាល និងក្រុមហ៊ុនហោះហើរម៉ាឡេស៊ីថា ជាឃាតករ ។ ក្រសួងការបរទេសចិន ក៏ហាក់នៅមានមន្ទិលសង្ស័យ និងបានទាមទារឲ្យរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់រាល់ភស្តុតាង និងទិន្នន័យ ដែលអះអាងបញ្ជាក់ថា យន្តហោះ MH370 ពិតជាបានធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌា ។ គេនៅមិនទាន់ដឹងពី មូលហេតុដែលធ្វើឲ្យយន្តហោះប្តូរទិសដៅ និងត្រូវធ្លាក់ចូលក្នុងមហាសមុទ្រទេ។ គេនៅរង់ចាំមើលទិន្នន័យ និងស្តាប់សំឡេង ដែលគេអាចរកឃើញ នៅក្នុងប្រអប់ខ្មៅសិន។
ជាទូទៅយន្តហោះមានប្រអប់ខ្មៅពីរ ! មួយសម្រាប់ថត ទុករាល់សកម្មភាពធ្វើដំណើរ របស់យន្តហោះ និងមួយទៀត គឺថតសំឡេងរបស់អ្នកបើកយន្តហោះ នៅក្នុងបន្ទប់បញ្ជាយន្តហោះ។ បញ្ហាគឺនៅត្រង់ប្រអប់ខ្មៅនេះតែម្តង ព្រោះថា យន្តហោះ MH370 របស់ម៉ាឡេស៊ី មានប្រអប់ខ្មៅពីរដែលមានអាយុត្រឹម៣០ថ្ងៃ។ មានន័យថា ចាប់តាំងពីពេលដែល វាធ្លាក់ទៅប៉ះទឹក នោះវានឹងអាចផ្តល់សញ្ញា Beep Beep ក្នុងរយៈពេល៣០ថ្ងៃ។ បច្ចុប្បន្ននៅសល់តែជាង១០ថ្ងៃទៀត ប៉ុណ្ណោះ ដែលប្រអប់ខ្មៅអាចបញ្ជូនសញ្ញាទៅខាងក្រៅ ក្នុងរយៈបរិវេណ ២ ទៅ៣គីឡូម៉ែត្រ។
ក្នុងការស្វែងរកដ៏សកម្មនោះ សហរដ្ឋអាម៉េរិក បានបញ្ជូនឧបករណ៍តាមដានរកប្រអប់ខ្មៅ ដែលមានសមត្ថភាពស្វែងរក ដល់ជំរៅជាង ៦០០០ម៉ែត្រ ។ ប្រអប់ខ្មៅ ជាប្រអប់ដែលសំខាន់បំផុត ដើម្បីដឹងរឿងរ៉ាវនៃការប្តូរទិសដៅហោះហើររបស់ខ្លួន និង ធ្លាក់យន្តហោះដ៏អាថ៌កំបាំងនេះ។
កាលពីជាង១០ថ្ងៃមុន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាននិយាយថា យន្តហោះម៉ាឡេស៊ី ត្រូវបានបញ្ជាដោយមនុស្សដែលមានជំនាញខាងការហោះហើរនិងមានចេតនា បើកយន្តហោះចេញខុសពីគន្លងដែលត្រូវធ្វើដំណើរ៕