អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ធំ គេសង្កេតឃើញមន្ត្រីកងរាជអាវុធហត្ថ បែងចែកជា២ក្រុមធំៗក្នុងការបង្ក្រាប ឬចុះប្រមូលលុយពីបទល្មើស ដែលក្រុមទី១ ដឹកនាំដោយលោក សេង ប៊ុនតេង ក្នុងនាមជាជំនួយការផ្ទាល់ផ្នែកសេដ្ឋកិច្ចរបស់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកម្លាំង ៤ទៅ១០នាក់ ចេញល្បាតដាក់ប៉ុស្តិ៍ជជុះចាំប្រមូលលុយពីឡានដឹកឈើខុសច្បាប់ និងចាំរត់ការបើកផ្លូវឲ្យក្បួនឡានដឹកឈើរបស់ឈ្មួញធំៗឆ្លងកាត់ ទឹកដីខេត្តកំពង់ធំ និងក្រុមមួយទៀតស្ថិតក្រោមបញ្ជារបស់មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដ៏មានអំណាចម្នាក់និងធ្លាប់មានឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គភាព ប្រឆាំងអំពើពុករលួយ។ មន្ត្រីកងរាជអាវុធហត្ថទាំង២ក្រុមនេះ សុទ្ធសឹងជាជើងកាប់ដាវ ដាក់ប៉ុស្តិ៍ជជុះចាំប្រមូលលុយពីឡានដឹកឈើយ៉ាងប្រសេចប្រសាច និងតាមចាប់ឡានដឹកឈើតាមរបៀបលោតឆ័ត្រ ហើយលួចយកឈើប្រណីតដែលជាវត្ថុតាងសម្រាប់លក់ឲ្យឈ្មួញដទៃទៀតយ៉ាង សុខស្រួល។លោក សេង ប៊ុនតេង ជាមន្ត្រីកងរាជអាវុធហត្ថដ៏មានអំណាចប្រចាំខេត្តកំពង់ធំ ដៃម្ខាង ជួញដូរ ដៃម្ខាងទៀតចាប់ ជាពិសេសរាល់ករណីបង្ក្រាបឡានដឹកឈើខុសច្បាប់គេសង្កេតឃើញមន្ត្រី កងរាជអាវុធហត្ថក្រោមបញ្ជារបស់លោក សេង ប៊ុនតេង ដែលជាមនុស្សជំនិតបំផុតរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ តែងតែស៊ីឡាក់ លួចឈើប្រណីតដែលជាវត្ថុតាងបង្កឲ្យមានមន្ទិលសង្ស័យជាច្រើនករណី មកហើយ។ ប៉ុន្តែគេមិនដែលឃើញថ្នាក់លើចាត់វិធានការដាក់ពិន័យឬព្យួរមុខតំណែង របស់លោក សេង ប៊ុនតេង ម្តងណាឡើយ នាំឲ្យគេលើកជាសំណួរថា តើលោក សេង ប៊ុនតេង គឺជាអ្នកប្រមូលសេដ្ឋកិច្ចយកទៅជូនថ្នាក់លើ ឬក៏យ៉ាងណាបានជាលោក សេង ប៊ុនតេង មានសិទ្ធិអំណាចបង្កព្យុះភ្លៀងតាមតែអំពើចិត្ត។
ភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមលោក សេង ប៊ុនតេង បានធ្វើឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញដទៃទៀតមើលបំណាំនិងមិន សប្បាយចិត្តទាល់តែសោះ ព្រោះពេលខ្លះមន្ត្រីជំនាញបានប្រដេញតាមឡានដឹកឈើខុសច្បាប់មកពី ខេត្តសៀមរាប ឬព្រះវិហារឆ្លងចូលទឹកដីខេត្តកំពង់ធំ ក៏ត្រូវកម្លាំងរបស់លោក សេង ប៊ុនតេង ចេញរថយន្តតាមបិទគូថក្បួនឡានដឹកឈើទាំងនោះ ដើម្បីរារាំងមិនឲ្យមន្ត្រីជំនាញចេញបង្ក្រាប ហើយកូនចៅរបស់លោក សេង ប៊ុនតេង មួយចំនួនទៀត ត្រូវបានដាក់ឲ្យប្រចាំការតាមប៉ុស្តិ៍ជជុះនៅក្បែរៗទីស្នាក់ការ នគរបាលសេដ្ឋកិច្ចនិងទីស្នាក់ការជំនាញរដ្ឋបាលព្រៃឈើជាដើម។ សកម្មភាពកងរាជអាវុធក្រោមបញ្ជារបស់លោក សេង ប៊ុនតេង អនាធិបតេយ្យខ្លាំងណាស់ ផ្ទុយពីសេចក្តីណែនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះទាមទារឲ្យថ្នាក់លើត្រូវតែពិនិត្យមើលលក្ខណៈសម្បត្តិរបស់លោក សេង ប៊ុនតេង ឡើងវិញខ្លះផង ដែលយ៉ាងហោចណាស់បង្ហាញពីការអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅឲ្យមាន ប្រសិទ្ធភាព។ ភាពអនាធិបតេយ្យដែលបង្កឡើងដោយលោក សេង ប៊ុនតេង កំពុងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ប្រឡាក់ប្រឡូសដោយរឿងអាស្រូវ តើថ្នាក់លើទទួលបានផលប្រយោជន៍ពីភាពអនាធិបតេយ្យរបស់លោក សេង ប៊ុនតេង ប៉ុន្មាននោះទេ ក្នុងមួយខែៗទើបភាពអសកម្មនិងកំហុសឆ្គងរបស់លោក សេង ប៊ុនតេង មិនដែលត្រូវបានថ្នាក់លើស៊ើបអង្កេតឬដាក់ពិន័យ បើទោះបីជាអំពើអាក្រក់ប្រព្រឹត្តដោយកូនចៅរបស់លោក សេង ប៊ុនតេង នេះឡើយ ៕