ជ​ញ្ជីង​ថ្លឹង​ឡាន​និង​ថ្លឹង​លុយ​នៅ​ក្បែរ​ផ្សារ​ឧ​ដុង្គ​ ប្រមូ​លលុយ​​ចូ​ល​​ហោ​​ប៉ៅ​​លោក​​ ម៉ឹង ​​យូ​​ឡេង​ មិន​​ខ្វល់​​ពីកា​រ​បំផ្លា​ញ​​ផ្លូ​វ​ថ្នល់​​ស្ពាន​​អោយ​​តែបា​ន​​លុយ

ខេត្តកណ្តាល ប្រជាពលរដ្ឋ​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ត្រូវ​ចូល​បង់លុយ​ថ្លៃ​បាយ ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ​នោះ ចាប់ពី ៤​ម៉ឺន​រៀល ដល់​១០ ម៉ឺន​រៀល ជា​ទៀងទាត់​។ ក្នុង​មួយថ្ងៃៗ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ មកពី​ច្រកព្រំដែន​នានា រាប់រយ​គ្រឿង ទាំង​រថយន្ត​ខ្សែ ហើយក៏​មានការ​ដឹកទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ ដែល​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត របស់លោក ម៉ឹង យូ​ឡេង សប្បាយ​ក្នុងការ​កើប​លុយ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាម​វិធី​កោសរូស​ផ្សេងៗ ហើយ​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ មិន​ចង់​ឲ្យ​មាន​បញ្ហា ក៏​ចេះតែ​បង់លុយ​ឲ្យ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ដើម្បី​ចៀសផុត ពី​ការត្រួតពិនិត្យ​ឆែកឆេរ ឬ​ការរុះរើ​ផ្ទេរ​ទំនិញ​។ ការដាក់​​ប៉ុស្តិ៍​​ជ​ជុះ នៅ​​ចំ​ណុច​​ផ្សារ​​ឧ​ដុង្គ តាម​ផ្លូវ​​ជាតិ​​លេខ​​៥ នៃ​​ស្រុក​​ព​ញា​ឮ ខេត្ត​ក​ណ្តា​ល ដើ​ម្បី​​ត្រួត​ពិ​និត្យ រថ​យន្ត​​ដឹក​ជ​ញ្ជូន​លើស​​​ទម្ងន់ ក្នុង​ន័យ​​បង្ការ​​ទប់ស្កាត់ កុំ​ឲ្យ​មានការ​បំផ្លាញ​ផ្លូវ​ស្ពាន ប៉ុន្តែ​រឿង​ពិត ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ផ្សារ​ឧដុង្គ​នោះ បានត្រឹមតែ​រាប់​ក្បាល​ឡាន​ដឹកទំនិញ យកលុយ​តែប៉ុណ្ណោះ មិនដែល​ខ្វល់ខ្វាយ ពី​ការផ្ទុក​លើស​ទម្ងន់​អ្វី​នោះទេ ​ទីតាំង ជញ្ជីង​ថ្លឹង​រថយន្ត គេ​សង្កេតឃើញ​ផ្លូវជាតិ​លេខ​៥ ប្រេះ​ស្រុត​ជាច្រើន​កន្លែង ហើយ​លោក ម៉ឹង យូ​ឡេង ជា​ប្រធាន​មន្ទីរ សាធារណការ​ខេត្តកណ្តាល មិនដែល​អើពើ ពី​ភាព​អសកម្ម​ទាំងនេះ​ទេ​។​ សកម្មភាព​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ មិន​ខុសពី​ក្រុម​កុងត្រូលជជុះ ប៉ុន្មាន​នោះទេ គឺ​ពួកគេ​ចាំតែ​អង្គុយ រាប់​ក្បាល​ឡាន ដឹកទំនិញ​យកលុយ ទាំង​ការផ្ទុក​លើស​ទម្ងន់  និង​ការផ្ទុក​មិន​លើស​ទម្ងន់ សូម្បីតែ​រថយន្ត​តាក់ស៊ី ក៏ត្រូវ​តែ​ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន​ចាប់ពី ៥​ពាន់​រៀល ដល់ ២​ម៉ឺន​រៀល បើ​មិន​ដូច្នេះ​ទេ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នឹង​ប្រដេញ​តាម​ចាប់ ឲ្យ​ចូល​បង់លុយ​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់​។ ក្នុង​មួយថ្ងៃៗ​គ្រាន់តែ ប្រាក់ចំណូល​ដែល​បានមកពី ការរាប់​ក្បាល​ឡាន​យកលុយ រកតែ​បាវ​ច្រក​គ្មានទេ ជាពិសេស​នៅពេល​យប់ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​ខ្សែៗ គឺជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​របស់លោក ម៉ឹង យូ​ឡេង ដែល​រក្សាទុក ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ ជា​សេនាធិការ សម្រាប់​ប្រមូល​លុយ យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​ ​លោក ម៉ឹង យូ​ឡេង មិនបាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ ឲ្យ​បាន​ដិតដល់​ចំពោះ​សកម្មភាព នៃ​ការដឹកជញ្ជូន​ទំនិញ ផ្ទុក​លើស​ទម្ងន់​ម្តងណា​ឡើយ គិតតែ​ប្រមូលប្រាក់​ថ្លៃ​ក្បាល​ឡាន ដូចជា​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ បានធ្វើ​សកម្មភាព រាប់​ទសវត្សរ៍​មកហើយ តាំងពី​ជំនាន់ លោក មាស សឿន រហូត​ដល់ពេល ដែល​លោក ម៉ឹង យូ​ឡេង ឡើង​ធ្វើជា​ប្រធាន សាធារណការ​ខេត្តកណ្តាល  អ្វីៗ​នៅតែ​ដដែល គ្មាន​ការកែទម្រង់​ទេ​។ នៅពេល​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ សួរនាំ​ពី​ការ​កោសរូស ឲ្យ​បង់លុយ​ក្នុង​កម្រិត​ខ្ពស់ គេ​សង្កេតឃើញ​មន្ត្រី​ប្រចាំការ នៅ​ជញ្ជីង​រថយន្ត​ក្បែរ​ផ្សារ​ឧដុង្គ បញ្ជាក់ថា ប្រមូល​លុយ​បង់​ជូន​មេ​។​

​តែ​គេ​មិនដឹងថា មេ​កើយ​របស់​ពួកគេ ឈ្មោះ​អ្វី​នោះទេ  គ្រាន់តែ​ដឹងថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ នៅ​ទូទាំង​ខេត្តកណ្តាល ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់ របស់​ក្រុមចម្រុះ​ដែល​ដឹកនាំ ដោយ​មន្ទីរ​សាធារណការ ខេត្តកណ្តាល និង​មានការ​ចូលរួម ពី​មន្ត្រី​សាលាខេត្ត​កណ្តាល ដូច្នេះ​គេ​អាច​កាត់​យល់បាន​ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ផ្សារ​ឧដុង្គ​នេះ គឺជា​ប្រភព​សេដ្ឋកិច្ច សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ របស់​ថ្នាក់ដឹកនាំ សាលាខេត្ត​កណ្តាល​ ។

Wat-200217