លោក​ សំ ​សុ​ខា​ ប្រ​ធាន​សា​ខា​គយ​ខេត្ត​កំ​ពត​បើក​ស្ថា​នីយ៍​លក់​សាំ​ង​គេចព​ន្ធនិង​បង់ព​ន្ធមិ​នគ្រ​ប់

ខេត្តកំពត ៖ប្រភពពតិ័មាន ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា មួយថ្ងៃៗ​មាន​ឈ្មួញ ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​រថយន្ត​និង​តាម​ទូក ចូល​ដែនសមុទ្រ​ខេត្ត​កំពត មិនដែល​មាន​នរណា​ហ៊ាន​ត្រួតពិនិត្យ ទិន្នន័យ​ជាក់ស្តែង ឈ្មួញ​ធំៗ​ ៦​នាក់​បច្ចុប្បន្ន កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រេងសាំង​គេចពន្ធ យ៉ាង​គគ្រឹកគគ្រេង មកពី​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង ចូលមក​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ដឹកជញ្ជូន​តាម រថយន្ត​កាមរី និង​រថយន្ត​ទួរីស មក​លក់​ចែកចាយ នៅ​ទូទាំង​ខេត្តកំពត​។ ជំនាញ​គយ​របស់លោក សំ សុខា ក៏បាន​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាច្រើន​កន្លែង​ផងដែរ ប៉ុន្តែ​មិនដែល​ឃើញ មាន​សកម្មភាព​ត្រួតពិនិត្យ ឬ​បង្ក្រាប​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ដ៏​អនាធិបតេយ្យ​នោះ​ម្តងណា​ឡើយ ព្រោះ​គេ​ដឹងថា​ឈ្មួញ​ធំៗ​ទាំង ៦​នាក់​នោះ បាន​ទំនាក់ទំនង​បង់លុយ ជាប់​ជាប្រចាំ​ឲ្យ​ជំនាញ​គយ របស់លោក សំ សុខា និង​ក្រុម​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត​។​ បច្ចុ​ប្បន្ន​នេះ លោក សំ សុ​ខា ជា​​ប្រ​ធាន​​សា​ខា​គយ​​និង​​រដ្ឋា​ករ ប្រ​ចាំ​​ខេត្ត​កំ​ពត ដែល​​សឹង​​ក្លាយ​ជា​ ​ស្តេច​ត្រាញ់​​ទៅ​ហើយ​នោះ កំ​ពុង យក​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ របស់​​រាជ​រដ្ឋា​ភិ​បាល ទៅ​ធ្វើ​ជា​​លេស​​ក្នុង​ការ កោស​រូស ​ឲ្យ​ក្រុម​ឈ្មួញ បង់លុយ​តាមតែ​អំពើ​ចិត្ត មិនដែល​ខ្វល់​ពី​ការ​រឹតបន្តឹង លើ​ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​នោះទេ ហើយ​មន្ត្រី​ជាច្រើន ក៏បាន​លួច​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា លោក សំ សុខា បាន​បង្កើត​ទីតាំង​ស្តុក​ប្រេង ដ៏​ធំ​មួយកន្លែង​និង​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​ស្ថានីយ៍​ដទៃ ក៏​ព្រោះតែ​គាត់​មានអំណាច ប្រមូល​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ឲ្យ​យកទៅលក់​ជូន​គាត់​ក្នុង​តម្លៃថោកៗ​។​ ​ដោយឡែក សម្រាប់​ការដឹកជញ្ជូន​ទំនិញ ភាគច្រើន​ស្ករស គ្រឿងសំណង់ ចូល​តាម​ខេត្តកំពត គឺ​ជំនាញ​គយ របស់លោក សំ សុខា ជួយ​សម្របសម្រួល ឲ្យ​មានការ​បង់ពន្ធ តិចតួច​ប៉ុណ្ណោះ​ចូល​រដ្ឋ តាមរយៈ​ការឃុបឃិត លួច​បន្លំ​ពន្ធ​តាម​ជំនាញ​បច្ចេកទេស ពោលគឺ​ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក សំ សុខា អាច​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត មិនដែល​ក្រែង​ញញើត ពី​ការកែទម្រង់​ស៊ីជម្រៅ​ស្អី​នោះទេ​។ ក្នុង​អំណាច​ជា​មេ​គយ ប្រចាំ​ខេត្តកំពត លោក សំ សុខា បាន​អួតអាង​ប្រាប់​គេឯង​ថា គាត់​ស្វែងរក​ផលប្រយោជន៍ តាម​គ្រប់​មធ្យោបាយ​យកទៅ ជួយ​លោក ប៉ែន ស៊ីម៉ន ចុះ​ពង្រឹង​មូលដ្ឋាន ​។​

​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​ខេត្តកំពត ចេញទៅ​ស្រុក​យួន ដូចជា​ឈើ​ប្រណីត កសិផល ជាដើម សុទ្ធ​តែមាន​ទំនាក់ទំនង បង់លុយ​ជូន​លោក សំ សុខា ដូចជា​នៅ​ច្រក​ទាន់ហន់ ច្រក​ព្រែក​ចាក រួមទាំង​ច្រករបៀង​ជាច្រើន​កន្លែង​។ សូម្បីតែ​ការនាំ​គោ ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏​ជំនាញ​គយ​របស់លោក សំ សុខា ចាំ​រាប់​ចំនួន​យកលុយហើយ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​មួយចំនួន ដូចជា​ត្រី​ឆ្តោ ឬ​ប្រភេទ​ចំណីអាហារ ដែលមាន​ប្រឡាក់​ជាតិ​ថ្នាំ​គីមី មាន​ជាតិពុល នាំ​មកពី​ស្រុក​យួន ក៏​អាច​ដឹកជញ្ជូន​ឆ្លងកាត់ ទឹកដី​ខេត្តកំពត យកមក​លក់​ចែកចាយ ដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ល្អ ឲ្យ​តែ​បង់លុយ​ជូន​លោក សំ សុខា និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ យ៉ាង​ប្រសេចប្រសាច ពោលគឺ​មន្ត្រី​ទាំងនោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប ម្តងណា​ឡើយ ឲ្យ​តែ​ក្រុម​ឈ្មួញ​យល់ព្រម​បង់លុយ ទៅតាម​ការតម្រូវ​រប​ស់​ពួកគេ​។​

​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ខេត្តកំពត លោក សំ សុខា ក៏មាន​ជាប់​ពាក់ព័ន្ធ នឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ ឈូសឆាយ​ដីព្រៃ រាប់សិប​ហិកតា យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយលោក សំ សុខា បាន​បើក​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​គេ ហើយ​គេ​ដឹង​ថា​រៀងរាល់​យប់​ថ្ងៃ មាន​រថយន្ត​ដឹកជញ្ជូន​ប្រេង ប្រភេទ​កាមរី ឬ​រថយន្ត​ទួរីស ដែល​ដឹក​ប្រេង​តាម​ប៊ីដុង យកទៅ​ចាក់​ចូលក្នុង​ស៊ីទែន ស្តុក​ប្រេង​របស់លោក សំ សុខា ដើម្បី​លក់​ចែកចាយ​គ្រប់ច្រកល្ហក ៕

Wat-100317