ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប បានធ្វើការរិះគន់ថា លោកជៀម-កោសេន ប្រធានអគ្គីសនីខេត្ត និងលោក ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាប បានសន្យាខ្យល់មុនពេលបោះឆ្នោតថា និងធ្វើការតភ្ជាប់បណ្តាញអគ្គីសនីអោយពួកគាត់ប្រើប្រាសអោយតែ គណបក្សប្រជាជនជាប់ឆ្នោតនៅអាណត្តិទី០៥នេះ។ប្រជាពលរដ្ឋខាងលើបាន អោយដឹងថា នៅដើមខែកក្កដាឆ្នាំ២០១៣ មុនថ្ងៃបោះឆ្នោតក្រុមអគ្គីសនីខេត្តនិងលោកអភិបាលខេត្តសៀមរាបដែល ទើបតែឡើងកាន់តំណែងថ្មី បានសម្ភោធន៍កាត់ខ្មែរបូរ និងប្រើប្រាសគ្រឿងចក្រខួងបោះបង្គោលអគ្គីសនីនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដែលមានមន្រ្តីអ្នកមុខអ្នកការឈរហែរហមអមដំណើរ ឈរតំរៀបជួរអោយគេថតរូបទុកគ្រាន់បង្អួតថ្នាក់លើ និងជាលេសអោយប្រជាពលរដ្ឋមានជំនឿដើម្បីគៀងគររកសន្លឹកឆ្នោតជូន គណបក្សប្រជាជនកម្ពុជា តែបន្ទាប់ពីបោះឆ្នោតរួចមកទល់ពេលនេះជិត១ឆ្នាំហើយ គេមិនឃើញមានអស់លោកខាងលើតភ្ជាប់បណ្តាញអគ្គីសនីអោយពលរដ្ឋប្រើ ប្រាសទេ គឺឃើញតែបង្គោលភ្លើងដេកស្តូកលើដីដដែល។ការសន្យាខ្យល់របស់មន្រ្តី ក្រោមឱវាតលោកនាយករដ្ឋមន្រ្តី ហ៊ុន-សែន តែងតែកើតមានឡើងជានិច្ចនៅមុនពេលបោះឆ្នោតម្តងៗ តែក្រោមការបោះឆ្នោតមន្រ្តីក្រោមឱវាតទាំងនោះគឺជិះសេះលែងដៃ ចង់អ្នកណាគេជេរថាយ៉ាងណាក៏ពួកគេធ្វើហាក់គរថ្លង់មិនលឺមិនឃើញ មិននឹកឃើញអំពីការសន្យារបស់ខ្លួនទាល់តែសោះ ទង្វើទាំងនេះហើយដែលធ្វើអោយគណបក្សប្រជាជនកម្ពុជាបាត់បង់កៅអី បាត់បង់ប្រជាប្រិយភាព ធ្វើអោយពលរដ្ឋអស់ជំនឿទៅលើការសន្យាខ្យល់ទាំងនេះ ដូចពាក្យចាស់មួយបានពោលថា ˝ពេលឈឺយកដំរីទៅបន់ តែពេលស្រន់យកពងមាន់ទៅសែន“ តែឥឡូវសូម្បីតែពងមាន់ក៏គេមិនបានសែនដែរ។ពលរដ្ឋខេត្តសៀមរាប ធ្វើការរិះគន់ថា ចៅហ្វាយខេត្តសៀមរាបពីមួយជំនាន់ទៅមួយជំនាន់ ហាក់អសមត្ថភាពក្នុងការអភិវឌ្ឈន៍ខេត្តនេះអោយបានសម្បូរសប្បាយ។ បើយើងក្រឡេកមើលជំនាន់លោក ស៊ូ-ភិរិន្ទ អភិបាលខេត្តចាស់ដែលកាន់តំណែងប៉ុន្មានឆ្នាំក្នុងខេត្តនេះ លោកអភិបាលខេត្តរូបនេះបានធ្វើការលក់អាគាររដ្ឋខ្ទេចអស់រហូតជំ លៀសសាលាខេត្តទៅដាក់កណ្តាលព្រៃរហោរដ្ឋានដ៏សែនស្ងាត់ច្រងំដែលមាន ចម្ងាយជាង២០គីឡូម៉ែត្រពីក្រុងសៀមរាប រួចនិយាយយកលេសថា ជាការអភិវឌ្ឈន៍ដើម្បីពង្រីកទីក្រុងសៀមរាប។
បើយើងធ្វើការប្រៀបធៀបរវៀងលោក ស៊ូ-ភិរិន្ទ និងលោក ឃឹម-ប៊ុនសុង ឃើញថា មានការខុសគ្នាបន្តិចបន្ទូចដែរ ត្រង់ចំណុចលោកឃឹមប៊ុនសុងចេះជួសជុលផ្លូវដាច់តិចតូចក្នុង ក្រុងអោយធ្វើចរាចរណ៍បានស្រួល និងចេះដាក់ភ្លើងពណ៍លំអរទីក្រុងសៀមរាបដែលមានផ្ទៃដីប៉ុនសំបក ក្តាមនេះ ប៉ុន្តែតែពលរដ្ឋរស់នៅចម្ងាយតែ២គីឡូម៉ែត្រពីទីក្រុងនៅតែងងឹត សូន្យសុងដដែល។លោកនាយករដ្ឋមន្រ្តី ហ៊ុន-សែន ធ្លាប់បានប្រកាសក្តែងៗថា សូមអោយអង្គភាពអគ្គីសនីគ្រប់ខេត្តក្រុង ធ្វើការតភ្ជាប់បណ្តាញអគ្គីសនីអោយប្រជាពលរដ្ឋនៅជាយក្រុងបាន ប្រើប្រាសផង តែការប្រកាសនេះហាក់គ្មានតំលៃ គ្មានន័យខ្លឹមសាអ្វីទាំងអស់ ព្រោះមន្រ្តីក្រោមឱវាតរបស់លោកគេមិនគោរពតាម ហើយចេះតែឆ្លើយថា ˝បាទសម្តេចៗ ខ្ញុំនិងធ្វើ“ ។ពលរដ្ឋបន្តរិះគន់ថា គ្រាន់តែបណ្តាញអគ្គីសនីដែលបានកាត់ខ្សែបូរខួងបោះបង្គោលជា ផ្លូវការរួចទៅហើយ នៅតែមិនធ្វើតាមការសន្យា ចុះទំរាំការងារធំៗផ្សេងៗទៀតធ្វើម្តេចនិងកើត បើការងារប៉ុនអាចម៌រុយធ្វើមិនកើតផង។ ពលរដ្ឋថា ពួកគាត់ច្បាស់ជាចងចាំជានិច្ចនូវការសន្យាខ្យល់របស់ ប្រធានអគ្គីសនីខេត្ត និងលោកអភិបាលខេត្តរូបនេះ។ ពលរដ្ឋចង់ដឹងថា តើបន្តទៅទៀតលោក ឃឹម-ប៊ុនសុង និងលោក ជៀម-កោសេន នៅមានសន្យាខ្យល់អ្វីទៀត? ពួកគាត់កំពុងរងចាំមើល៕ ដោយ៖ នាយពាង