ខេត្តកំពង់ចាម ៖សម្រាប់ ប្រជាពលរដ្ឋដែលមាន លិខិតឆ្លងដែន និងមានឯកសារគ្រប់គ្រាន់ ក៏មន្ត្រីនគរបាល អន្តោប្រវេសន៍ របស់លោក កើត ដារ៉ាស៊ី តម្រូវឲ្យបង់លុយ ទាំងទៅទាំងមកចំនួន ១០ដុល្លារ ។ ជារឿយៗក្រសួងមហាផ្ទៃ បានហាមប្រាមមិនឲ្យ មានការកោសរូស ឲ្យប្រជាពលរដ្ឋបង់លុយ សម្រាប់ការធ្វើដំណើរ ទៅក្រៅប្រទេសនោះទេ ប៉ុន្តែលោក កើត ដារ៉ាស៊ី នៅតែបិទភ្នែក ឲ្យមន្ត្រីក្រោមឳវាទ ប្រព្រឹត្តអំពើពុករលួយ ផ្គើនចំពោះការណែនាំ របស់ថ្នាក់លើ មិនទាន់មានការកែទម្រង់នៅឡើយទេ។ គេមិនដឹងថា ការតម្រូវឲ្យប្រជាពលរដ្ឋ បង់លុយរបៀបនេះជាគោលការណ៍ របស់លោក កើត ដារ៉ាស៊ី ដែលត្រូវប្រមូល យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន ឬក៏បង់ចូលជា ថវិកាជាតិនោះទេ។ លោក កើត ដារ៉ាស៊ី ចាត់តាំងឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាមបង្ខំឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ព្រំដែន បង់លុយតាមរបៀបពុករលួយសម្រាប់អ្នកដែលគ្មានលិខិតឆ្លងដែន ហើយមានធុរៈត្រូវធ្វើដំណើរទៅកាន់ ប្រទេសវៀតណាម ដើម្បីព្យាបាលជំងឺ ត្រូវបង់លុយចាប់ពី ១៥ទៅ២០ ដុល្លារអាមេរិក ហើយពេលត្រឡប់មកវិញ ក៏ត្រូវបង់លុយក្នុងតម្លៃដដែល ។ ចំណែក រថយន្តដឹកទំនិញ ចេញចូលឆ្លងកាត់ព្រំដែន ក៏ត្រូវបង់លុយឲ្យមន្ត្រីនគរបាល អន្តោប្រវេសន៍ ដែលមានតួនាទី កាន់បារ៉ាស នៅច្រកព្រំដែនផងដែរ ។ លោក កើត ដារ៉ាស៊ី ក៏បានរក្សាទុកក្រុមអ្នកគួកជេ ឱ្យនៅលាយឡំជាមួយមន្ត្រី ក្នុងការជួយរត់ការឯកសារ និងជាអ្នកប្រមូលលុយ យកទៅឱ្យមន្ត្រីនគរបាល អន្តោប្រវេសន៍ ហើយសម្រាប់ការ បំពេញសាលាកបត្រឆ្លងដែន ក៏មានការតម្រូវឱ្យបង់ ថ្លៃសេវាទឹកប៊ិច ក្រៅផ្លូវការផងដែរ គឺលោក កើត ដារ៉ាស៊ី មិនដែលខ្វល់ខ្វាយ ពីការព្រមានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាត់ទុកថា រាល់ការបង់លុយក្រៅផ្លូវការ និងគ្មានវិក្កយបត្រ គឺជាអំពើពុករលួយ ដែលត្រូវកែទម្រង់ជាបន្ទាន់ ។
លោក កើត ដារ៉ាស៊ី ក្នុងតួនាទីជា ប្រធាននគរបាល អន្តោប្រវេសន៍ប្រចាំ ច្រកព្រំដែនអន្តរជាតិ ត្រពាំងងផ្លុង កំពុង ប្រមូលលុយ ពីប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរ ទៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ ។ ជៀម ដារា ប្រធានផ្នែកបែបបទ ប្រចាំច្រកព្រំដែន ត្រពាំងងផ្លុង បង្កព្យុះភ្លៀងតាមតែទំនើងចិត្ត ក្នុងការគាបសង្កត់ ជំរិតយកលុយ ពីប្រជាពលរដ្ឋ និងភ្ញៀវបរទេស ។
លោក កើត ដារ៉ាស៊ី បានប្រើប្រាស់សិទ្ធអំណាច បំពានទៅលើការងារ របស់មន្ត្រីជំនាញ និងសមត្ថកិច្ច ដែលចុះទៅប្រចាំការ នៅច្រកព្រំដែនត្រពាំងផ្លុង តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្របសម្រួល ឲ្យទំនិញបង់ពន្ធមិនគ្រប់ របស់ក្រុមឈ្មួញ ទាំងតូចទាំងធំ ហូរចូលប្រទេសកម្ពុជា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនខាតចំណលពន្ទរដ្ទ៕