ជ​ញ្ជីង​ថ្លឹង​រថ​យ​ន្ត​នៅ​ឃុំអ​ន្លង់​វិលក្លា​យជា​កន្លែ​ង​ប្រ​មូល​លុ​យរ​បស់​លោ​ក ស៊ូ​ ប៊ុណ្ណា​រ៉ុង

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ បាន​លើកឡើងថា ចំណុច​ជញ្ជីង​ថ្លឹ​រថ​យន្ត​របស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង មិន​ដែលមាន​ជញ្ជីង​ប្រើប្រាស់​ទេ  តែបើ​មាន​វិញ​យកទៅ​ព្យួរ​តាម​មែកឈើ គ្រាន់តែ​ជា​សញ្ញា​សម្គាល់​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​បង់លុយ ​ ​ មិន ​ខ្វល់​ថា ក្រុម​ឈ្មួញ​ដឹកទំនិញ​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​នោះគឺត្រូវ ​ចូល​បង់លុយ ដោយ​គ្មាន​ការយោគយល់​។ ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​ផល​កសិកម្ម ដែល​ទទួលបាន​ផលចំណេញ​តិចតួច​ក៏ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង បង្គាប់​ឲ្យ​បង់លុយ​យ៉ាងតិច ២០​ម៉ឺន​រៀល សម្រាប់​រថយន្ត​ផ្ទុក​លើស​ទម្ងន់​បន្តិចបន្តួច តែបើ​មិនមាន​ផ្ទុក​លើស​ទម្ងន់ ក៏ត្រូវ​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ចាប់ពី ៧​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ប្រសិនបើ​មានការ​សុំ​ចុះថ្លៃ ឬ​ប្រកែក​តវ៉ា​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ គំរាមកំហែង​ចាប់​អូស​យក​ដាក់​មន្ទីរ​ដើម្បី​ថ្លឹង​និង​ផាកពិន័យ​ក្នុង​ កម្រិត​ខ្ពស់​។​

ប៉ុន្មាន​ថ្ងៃមុន​នេះ អភិបាលរង​ខេត្តបាត់ដំបង លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ត្រួតពិនិត្យ​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​ផ្ទុក​ លើ​​ស​ទម្ងន់​បាន​ចំនួន​៣​គ្រឿង ដើម្បី​ធ្វើការ​ផាកពិន័យ ប្រមូល​ថវិកា​ជូន​ជាតិ ប៉ុន្តែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​បញ្ជា​របស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង ដែល​ប្រចាំ​ការឡើង​ដុះ​ស្លែ​ទៅហើយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​ ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ក្លាយជា​ទីតាំង​ជញ្ជីង​ថ្លឹង​លុយ ឬ​រាប់​ក្បាល​ដឹកទំនិញ​យកលុយ​តាមតែ​អំពើ​ចិត្ត​មិន​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់ ​អ្វី​ឡើយ​។ បើទោះបីជា​នៅក្បែរៗ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នោះគេ​សង្កេតឃើញ​ផ្លូវ​ ជាច្រើន​កន្លែង​បាន​បាក់ស្រុត​ប្រេះស្រាំ ក៏​លោក ស៊ូ ប៊ុណ្ណា​រ៉ុង ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​ធ្វើ​មិនដឹងមិនឮ​ដដែល គឺ​សម្ងំ​កើប​តែ​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។សកម្មភាព​រកស៊ី​ ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ខ្សែ ដែល​ភាគច្រើន​ផ្ទុក​លើស​ទម្ងន់​របស់​ក្រុម​ឈ្មួញ​ធំៗ​មកពី​ច្រកព្រំដែន​ ខេត្តបាត់ដំបង ឬ​មកពី​ខេត្តបន្ទាយមានជ័យ​សុទ្ធតែ​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​មន្ត្រី​ដែល​ ប្រចាំការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយ​ចូលទៅ​បង់លុយ​ប្រចាំ​ខែ​ឲ្យ​ទៅ​លោក ស៊ូ ប៊ុណ្ណា​រ៉ុង ថែមទាំង​មានការ​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ជូន​ក្រុម​ដែល​ប្រចាំការ​នៅ​ចំណុច​ ថ្លឹង​រថយន្ត​នោះ ដែល​គេ​ហៅថា​ជា​លុយ​ថ្លៃ​បាយ ក្នុង​មួយ​រថយន្ត​ចាប់ពី​២​ម៉ឺន​រៀល ដល់​៥​ម៉ឺន​រៀល​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​លើក​ជា​សំណួរ​ថា រាល់​ការ​បង់លុយ​ក្រៅផ្លូវការ​ឲ្យ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​លោក ស៊ូ ប៊ុណ្ណា​រ៉ុង មិន​ដែលមាន​លិខិតស្នាម ឬ​វិក្កយបត្រ​នោះទេ អាច​ចាត់ទុកជា​អំពើពុក​រលួយ ហេតុអ្វី​បានជា​លោក ឱម យ៉ិនទៀង មិនដែល​ធ្វើការ​ស៊ើបអង្កេត​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​រង​ទុក្ខ​តទៅទៀត​។ដោយឡែក ជញ្ជីង​ថ្លឹង​រថយន្ត​មួយកន្លែង​ទៀត ត្រូវបាន​លោក ស៊ូ ប៊ុណ្ណា​រ៉ុង រៀបចំ​តាមរបៀប​ចល័ត​ចុះឡើងៗ ប៉ុន្តែ​ឧស្សាហ៍​ធ្វើ​សកម្មភាព​នៅ​ចំណុច​ភូមិ​អូរ​តា​គី តាមផ្លូវ​ជាតិ​លេខ​១០ ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​ច្រើនសន្ធឹក​សន្ធាប់​មកពី​ខេត្ត​ប៉ៃលិន សុទ្ធតែ​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ផ្ទុក​លើស​ទម្ងន់ ក៏​ជា​ប្រភព​ចំណូល​ច្រើន​គួរសម ដែល​លោក ស៊ូ ប៊ុណ្ណា​រ៉ុង ប្រមូលយក​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ និង​បែងចែក​ថ្នាក់លើ​ដើម្បី​កុំ​ឲ្យ​មានការ​ចាប់កំហុស ឬ​ដាក់ពិន័យ​។ គេ​ចាំបាន​ថា​លោក ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លុបបំបាត់​ បញ្ហា​ធំៗ​ចំនួន​២​ឲ្យ​មាន​ប្រសិទ្ធភាព​កុំ​ឲ្យ​ក្លាយទៅជា​ដំបៅ​មហារីក​ តទៅទៀត គឺ​ទី​១ ការដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ និង​ទី​២​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ត្រូវតែ​ពង្រឹង​ ការងារ​របស់ខ្លួន កុំ​ឲ្យ​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាដាច់ខាត​។​ គេ​ចង់ឃើញ​លោក ច័ន្ទ សុផល ជា​អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ក្តៅ​ដើម្បី​កែទម្រង់​ភាព​អសកម្ម របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​បញ្ជា​របស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង ដែល​កំពុងតែ​ ប្រព្រឺត្ត​អំពើ​ចិត្ត​ ​៕​

ត្រាំ-អ៊ីវតឹក