រាជធានីភ្នំពេញ ៖ ឈ្មួញតូចតាចមួយចំនួនបាន ឲ្យដឹងថា ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនដឹកជញ្ជូន គាធី រកស៊ីកាក់កបប្រមូលលុយ បានច្រើនសន្ធឹកសន្ធាប់ ព្រោះថា អាចធានាសុវត្ថិភាពដល់ទំនិញគេចពន្ធ របស់ឈ្មួញដែល គេជួលឲ្យដឹកជញ្ជូន ពីច្រកព្រំដែន មកដល់ឃ្លាំងនៅរាជធានីភ្នំពេញ។ រថយន្តរបស់ក្រុមហ៊ុន គាធី មានទាំងតូចទាំងធំ និងរថយន្តធុនយក្សគ្រប់ប្រភេទ សុទ្ធតែមានបិទស្លាកយីហោ គាធី ទាំងអស់ ហើយសូម្បីតែម៉ូតូកង់បី ប្រភេទឃ្លុបដឹកទំនិញ ក៏មានច្រើនផងដែរ សម្រាប់សាងទំនិញ ពីកន្លែងមួយ ទៅកន្លែងមួយទៀត នៅរាជធានីភ្នំពេញ ។ ក្រុមហ៊ុនដឹកជញ្ជូន គាធី បានឲ្យដឹងថា ប្រធានក្រុមហ៊ុននេះ ដំបូងឡើយ រកស៊ីនាំចូលទំនិញ ចាប់ហួយគ្រប់ប្រភេទ មកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកកោះកុង ស្រែអំបិល មកកាន់រាជធានីភ្នំពេញ ដោយជួលរថយន្ត ក្រុមហ៊ុនផ្សេង ឲ្យដឹកទំនិញរបស់ខ្លួន ដែលមួយចំនួនបង់ពន្ធ ហើយមួយចំនួនទៀត មិនបង់ពន្ធសូម្បីតែមួយរៀល ដោយសារមានជំនាញគយ ជាអ្នកជួយសម្របសម្រួល។ ដោយការរកស៊ី មិនសូវកាក់កប និងឃើញថា ការរកស៊ីឈ្នូលដឹកទំនិញឲ្យគេ វាគ្រាន់បើជាង ក៏បង្កើតក្រុមហ៊ុនដឹកជញ្ជូន ដាក់ស្លាកយីហោគាធីនេះ រកម៉ូយដឹកដោយខ្លួនឯង។ អ្នករកស៊ីដឹកទំនិញ ចាប់ហួយគ្រប់ប្រភេទ នាំចូលពីប្រទេសថៃ និងវៀតណាម បានឲ្យដឹងថា សព្វថ្ងៃនេះ មានក្រុមហ៊ុនដឹកជញ្ជូនមួយ យីហោ គាធី ដែលមានភាគហ៊ុនរកស៊ីដ៏ ជាមួយលោកជំទាវៗ និងមន្ត្រីដែលមានអំណាចធំ ក្នុងការបង្ក្រាបអំពើរត់ពន្ធទំនិញ ធានាស៊ីឈ្នូលដឹកទំនិញ ដែលបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ យ៉ាងមានសុវត្ថិភាព ព្រោះគ្មានសមត្ថកិច្ចណាមួយ ហ៊ានចាប់ទំនិញ ដែលក្រុមហ៊ុន គាធី ម៉ៅការដឹកជញ្ជូនឡើយ ។ ជាធម្មតាក្រុមហ៊ុនដឹកជញ្ជូន គាធី បានប្រើឈ្មោះលោកធំ ឬអ្នកមានអំណាច មកឡូកឡំ និងធានាថា ក្រុមហ៊ុនរបស់គេនេះ ដឹកទំនិញគេចពន្ធ គ្មានសមត្ថកិច្ចណាមួយ ហ៊ានចាប់នោះទេ។ លោកហ៊ុន សេនគួរតែ លុបបំបាត់អំពើពុករលួយ និងទំនិញគេចពន្ធ គេរង់ចាំមើលថា តើក្រុមហ៊ុន គាធី អាចធ្វើសកម្មភាព រហូតដល់ណា៕