រាជធានីភ្នំពេញ ៖ មេឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធគ្រប់ប្រភេទ ឈ្មោះ ស៊ុន ហួរ បានប្រើឈ្មោះ ជាយោធាដើម្បីរកស៊ីដឹកជញ្ជូនទំនិញ នៅតាមផ្លូវជាតិលេខ៦ ហើយចុងក្រោយនេះមេឈ្មួញ ស៊ុន ហួរបានបង្កើតក្រុមហ៊ុនឡានក្រុងមួយឈ្មោះ ១៥អេសអិច ដើម្បីដឹកជញ្ជូនទំនិញគេចពន្ធ មកពីស្រុកយួនតាមច្រកបាវិត យ៉ាងគគ្រឹកគគ្រេង ទ្រង់ទ្រាយធំគ្មានបង់ពន្ធ ម្តងណាឡើយ។មេឈ្មួញ ស៊ុន ហួរ គ្រាន់តែជាមេការ ឬជាកម្មកររបស់យាយ ញាប់ ជាមេឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ដ៏ល្បីតាមច្រកខេត្តកំពង់ចាម ហើយមេឈ្មួញ ស៊ុន ហួរ មិនត្រឹមតែមានឥទ្ធិពល ក្នុងការដឹកជញ្ជូនទំនិញគេចពន្ធ បំផ្លាញចំណូលថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ ។ មេឈ្មួញ ស៊ុន ហួរ ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត តាមរយៈការចែករំលែកផលប្រយោជន៍ជាប្រចាំ ដើម្បីកុំឲ្យសមត្ថកិច្ចទាំងនោះ រំខានការដឹកជញ្ជូនទំនិញគេចពន្ធរបស់គាត់។មន្ត្រីតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា មេឈ្មួញ ស៊ុន ហួរ បានប្រើប្រាស់ច្រកព្រំដែនមួយចំនួន ក្នុងខេត្តកំពង់ចាម ដូចជាច្រកត្រពាំងផ្លុង ច្រកដូនរ័ត្ន និងច្រកច័ន្ទមូល សម្រាប់ដឹកជញ្ជូនទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ រួមមានទំនិញ គ្រឿងអេឡិចត្រូនិក ទំនិញចាប់ហួយចម្រុះ គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត យ៉ាងគគ្រឹកគគ្រេង គ្មានរណាហ៊ានប៉ះពាល់ទេ។ ការនាំចូលទំនិញភាគច្រើន មេឈ្មួញ ស៊ុន ហួរ បានទំនាក់ទំនងជាមួយ សមត្ថកិច្ចនិងជំនាញគយ ដើម្បីសម្របសម្រួលក្នុងការបង់ពន្ធមិនគ្រប់ ហើយពេលខ្លះទៀត មេឈ្មួញ ស៊ុន ហួរ បានបន្លំការនាំចូលទំនិញគេចពន្ធ ដោយជ្រកក្រោមទំនិញវិនិយោគ ដែលពន្ធអាករជាបន្ទុករបស់រដ្ឋ កើតឡើងដោយមានការបើកភ្លើងខៀវ និងការឃុបឃិតពីសំណាក់ជំនាញគយ ប្រចាំច្រកព្រំដែនទាំងនោះ។ លោក ស៊ុន ហួរ បានឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ យ៉ាងឆាប់រហ័ស បើពិនិត្យមើលអតីតភាពការងារ ច្បាស់ណាស់ដែលថា លោក ស៊ុន ហួរ រកស័ក្តិ ៥ពាក់មិនបានផង មានន័យថាតំណែង និងស្បែកជាយោធារបស់មេឈ្មួញ ស៊ុន ហួរ បានមកពីការចំណាយប្រាក់ ឬការរត់រកអន្តរាគមន៍ ពីមន្ត្រីមានអំណាចមួយចំនួន។ គេចាំបានថា សម្តេច ហ៊ុន សែន ធ្លាប់បានព្រមាន ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ដកខ្លួនចេញពីអំពើល្មើសច្បាប់ តាមយុទ្ធសាស្ត្រកែទម្រង់ស៊ីជម្រៅ ប៉ុន្តែមេឈ្មួញ ស៊ុន ហួរ មិនដែលខ្វល់ខ្វាយពីបទបញ្ជា ឬសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ គាត់ព្យាយាមតាមគ្រប់មធ្យោបាយ ដើម្បីមានឱកាសនាំចូលដឹកជញ្ជូនទំនិញ គេចពន្ធយ៉ាងអនាធិបតេយ្យ ដោយសារតែសមត្ថកិច្ចពាក់ព័ន្ធ និងជំនាញគយភាគច្រើនធ្លាប់សុំលុយ ពីគាត់តាមរយៈការជួយសម្របសម្រួល ឲ្យទំនិញគេចពន្ធរបស់គាត់ ដំណើរការដោយរលូនល្អ។ លោកមេគយ ប៉ែន ស៊ីម៉ន មេត្តាពិនិត្យឡើងវិញ ចំពោះសកម្មភាពរកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធរបស់មេឈ្មួញ ស៊ុន ហួរ ទាំងតាមរថយន្តយីឌុប មកពីខេត្តកំពង់ចាម ក៏ដូចជាតាមរថយន្តក្រុង មកពីខេត្តស្វាយរៀង៕