លោក ពុធ សុខា ចាត់​តាំង​កម្លាំង​គយ​ចល័ត​ដាក់​ប៉ុស្តិ៍ជជុះ​គៀប​ជំរិត​យក​លុយ​ផ្គើន​អនុសាសន៏​សមេ្តច​នាយក​រដ្ឋមន្រ្តី

ខេត្តកំពង់ចាម៖ សព្វ​ថ្ងៃ​នេះ​ជំនាញ​គយ​ចល័ត​របស់​លោក​ពុធ​ សុខា  កំពុង​តែ​ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​​គគ្រឹក​​គគ្រេង​​នៅ​ចំណុចថ្នល់ទទឹងក្នុងស្រុកត្បូងឃ្មុំខេត្តកំពង់ចាមមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​តាំង​នៃ​ប៉ុស្តិ៍​ជជុះ​របស់​នគរ​បាល​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលប្រចាំការ តាមផ្លូវជាតិលេខ៧ បានធ្វើសកម្មភាព រាប់​ក្បាល​ឡាន​ដឹក​ទំនិញ ​ឬឡានដឹកឈើ យកលុយតាមតែអំពើចិត្ត មិនខ្វល់ពីការកែទម្រង់អ្វីនោះទេ។ ហើយគេមិនដឹងថា តើ​ប្រាក់​ដែលបានមក ពីការរាប់ក្បាលឡានយកលុយ ត្រូវលោក ពុធ សុខា ជាប្រធានក្រុមប៉ុស្តិ៍ជជុះនៅ​ចំណុច​ថ្នល់​ទទឹង យកទៅបង់ជូនថ្នាក់ណាខ្លះទេ ប៉ុន្តែរូបភាពដែលលោក ពុធ សុខា បានប្រព្រឹត្តផ្គើនទៅនឹង គោល​ការណ៍​កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋបាលហ៊ុនសែន។

តាមការឲ្យដឹងថាទីតាំងប៉ុស្តិ៍ជជុះ របស់គយចល័ត អគ្គនាយកដ្ឋាន នៅចំណុចថ្នល់ទទឹង ដែល​គ្រប់​គ្រង​ដោយ​​លោក ពុធ សុខា នោះគឺជាចំណុចត្រូវប៉ាន់ ប្រមូលលុយបានសន្ធឹកសន្ធា ប់ក្នុងមួយថ្ងៃៗ តាម​រយៈ​ការ​រាប់​ក្បាលឡានយកលុយ នេះមិនទាន់គិតដល់ ការត្រួតពិនិត្យរកឃើញ ទំនិញបង់ពន្ធមិនគ្រប់ ឬ​ទំនិញ​ខុស​ច្បាប់​ នៅឡើយទេ។ រថយន្តដឹកទំនិញគ្រប់ប្រភេទ មកពីស្រុកយួន ចូលតាមច្រក ត្រពាំងស្រែ-វ៉ាលឺ ច្រកដូង៧ដើម ច្រកត្រពាំងផ្លុង ច្រកដូនរ័ត្ន និងច្រករបៀងផ្សេងៗ ភាគច្រើនជាទំនិញ បង់ពន្ធមិនគ្រប់ របស់ក្រុមឈ្មួញធំៗ ហើយនៅពេលមន្ត្រីគយ នៅច្រកព្រំដែនបិទភ្នែក ឲ្យទំនិញបង់ពន្ធមិនគ្រប់ ហូរចូលត្រូវតែរាយការណ៍ ជូនលោក ពុធ សុខា បើមិនដូច្នេះទេ ត្រូវក្រុមគយចល័តរបស់លោក ពុធ សុខា ឆែកឆេរឃើញទំនិញមិនប្រក្រតី នឹងមានបញ្ហាដល់មន្ត្រីគយ តាមច្រកទាំងនោះ។

ដូចជាការដឹកជញ្ជូនឈើខុសច្បាប់មកពីគ្រប់ទិសទីពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ ឡើងតាមស្ពានព្រែកក្តាម ចេញទៅស្រុកយួនតាមខេត្តកំពង់ចាម ក៏មិនអាចចៀសផុត ពី​ក្រ​សែ​ភ្នែក​របស់ ជំនាញគយចល័ត ក្រោមបញ្ជារបស់លោក ពុធ សុខា នោះដែរ។ ជាធម្មតា ជំនាញគយចល័ត មាន​សិទ្ធិអំណាចធំណាស់ មិនត្រឹមតែទំនិញគេចពន្ធ ឬការដឹកជញ្ជូន ឈើខុសច្បាប់ប៉ុណ្ណោះទេ សូម្បីតែ​ការ​ដឹក​ជញ្ជូន​កសិផល ក៏ត្រូវតែចូលបង់លុយ ថ្លៃក្បាលឡានចាប់ពី ៥ម៉ឺនដល់១០ ម៉ឺនរៀល ដោយ​គ្មាន​ការ​យោគ​យល់​អ្វីទាំងអស់។ គេមិនដឹងថា លោក ពុធ សុខា ខំប្រឹងប្រមូលលុយ តាមរបៀបកោសរូស ឲ្យ​អ្នក​រក​ស៊ី​ដឹក​ទំនិញ​ ទាំងបង់ពន្ធ ១០០ភាគរយ ឬការដឹកទំនិញ ដែលបង់ពន្ធមិនគ្រប់ ប្រមូលលុយយកទៅបង់ថ្លៃប៉ុស្តិ៍ ប៉ុន្មាន​នោះទេ។

សព្វ​ថ្ងៃ​នេះ​ដោយ​ស្ថាន​ភាព​នយោ​បាយ​មិន​ទាន់​មាន​លំ​នឹង​ត្រឹម​ត្រូវ​ធ្វើឲ្យ​ឈ្មួញ​បាន​ប្រើ​រថយន្ត​ដឹក​ទំនិញ​ ប្រភេទ​យីឌុប រាប់រយគ្រឿង មកពីច្រកព្រំដែន បានបើកបរឆ្លងកាត់ទីតាំង ប៉ុស្តិ៍ជជុះរបស់លោក ពុធ សុខា នៅចំណុចថ្នល់ទទឹង ហើយគេដឹងថាក្រុមឈ្មួញធំៗ ដែលរកស៊ីដឹកជញ្ជូនទំនិញ តាមផ្លូវជាតិ៧  មាន​ទំនាក់​ទំនង​ល្អ ជាមួយលោក ពុធ សុខា មានការបង់លុយជាប្រចាំខែ ប្រចាំសប្តាហ៍ឬប្រចាំជើង យ៉ាងទៀងទាត់ ដែលគេហៅថា បង់លុយថ្លៃបាយ ជាពិសេសនៅពេលព្រះអាទិត្យ លិចផុតទៅ គេសង្កេតឃើញ រថយន្ត​ដឹក​ទំនិញ​ ប្រភេទយីឌុបទាំងខ្សែៗ បើកបន្តកន្ទុយគ្នា ចេញពីខេត្តកំពង់ចាម ចូលរាជធានីភ្នំពេញ ភាគ​ច្រើន​ជា​ទំនិញ​បង់ពន្ធមិនគ្រប់ កើតចេញពីការឃុបឃិតបិទភ្នែក ពីជំនាញគយក្នុងការ លួចបន្លំចំណូលពន្ធ ទៅ​តាម​បច្ចេកទេសគយ។

តែទោះបីជាសម្តេចនាយករដ្ឋមន្រ្តីឲ្យមានការកែទម្រង់គយយ៉ាងណាក៏ដោយ ក៏​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន​ទំនិញ​ មកពីច្រកព្រំដែននានា ជាប់ប្រទេសវៀតណាម បានឃុបឃិតត្រូវដៃត្រូវជើង ជាមួយជំនាញគយ និង​សមត្ថ​កិច្ចពាក់ព័ន្ធ ឲ្យជួយសម្របសម្រួលបិទភ្នែក សម្រាប់ការនាំចូលទំនិញ បង់ពន្ធមិនគ្រប់ ហើយលោក ពុធ សុខា​ ក៏សប្បាយប្រមូលលុយ ទៅតាមនោះផងដែរ៕

aunpoanmonyroath_polsaroeun-222x150