ក្រុមមន្ត្រីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ឱ្យដឹងថា អ្នករកស៊ីនាំជ្រូកចូល និងអ្នករកស៊ី នាំស្បែកគោស្រស់ចេញ ដែលមានច្បាប់អនុញ្ញាតពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមធម្មតា ត្រូវប្រគល់ឱ្យទៅនាយកដ្ឋានផលិតកម្ម បសុព្យាបាល ជាអ្នកអនុវត្ត ដោយឱ្យអាជីវករ ឬក្រុមហ៊ុននាំជ្រូកចូល និងនាំចេញ បង់សោហ៊ុយ ក្នុងជ្រូកនាំចូល មួយក្បាល ៤.០០០ រៀល ឬមួយដុល្លារ ចូលជាចំណូល ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបង្កាន់ដៃបង់ប្រាក់ ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបង្កាន់ដៃបង់ប្រាក់នោះ ពណ៌ខៀវ និងមានស្លាកសញ្ញាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀតផង។
នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្កើតប័ណ្ណបង់ប្រាក់ ពណ៌ស ដោយខ្លួនឯង ដើម្បីប្រមូលលុយពីការនាំជ្រូកចូល និងការនាំចេញស្បែកគោស្រស់ ដោយស្ថាប័នមួយនេះ មិនព្រមប្រើប្រាស់ប័ណ្ណបង់ប្រាក់ ពណ៌ខៀវ ដែលចេញដោយអន្តរក្រសួង គឺក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ។ ករណីនេះ បានធ្វើឱ្យមានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួនថា ស្ថាប័ននេះ អាចនឹងមានជាប់ពាក់ព័ន្ធអំពើពុក រលួយ ក្នុងការអនុវត្តការងាររបស់រដ្ឋ។
តាមការសង្កេតប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ជាអ្នកអនុវត្ត មិនបានយកប័ណ្ណបង់ប្រាក់ ដែលចេញដោយអន្តរក្រសួង មកប្រើទេ គឺនាយកដ្ឋាននេះ បានបង្កើតប័ណ្ណ បង្កាន់ដៃបង់ប្រាក់មួយផ្សេងទៀត ពណ៌ស សំរាប់ឱ្យក្រុមហ៊ុន ឬអាជីវករបង់ប្រាក់ទៅវិញ។
មិនតែប៉ុណ្ណោះក្រុមហ៊ុនមួយដែលរកស៊ីនាំជ្រូកចូល បានបង្ហាញឱ្យឃើញថាៈ ចាប់ពីចុងឆ្នាំ២០១២ រហូតមកដល់សព្វថ្ងៃនេះ បង្កាន់ដៃបង់ប្រាក់ពណ៌សនេះ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៅតែប្រើដដែល រីឯបង្កាន់ដៃពណ៌ខៀវ អត់ប្រើទេ បើទោះបីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តម្រូវឱ្យប្រើ ចាប់ពីចុងឆ្នាំ២០១២ ក៏ដោយ។
តាមផ្ទៃក្នុងបានបញ្ជាក់ប្រាប់ឱ្យដឹងថា មូលហេតុដែលប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៅតែប្រើប័ណ្ណបង់ប្រាក់ ធ្វើដោយនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល (ពណ៌ស)នោះ វាងាយស្រួលលាងលុយ ដែលក្រុមហ៊ុនបង់ចូលរបៀបពុករលួយសម្រាប់ធ្វើមានបាននោះ ។
បើតាមលេសដែលនាយកដ្ឋានថា អាជីវករ បង់ថ្លៃក្បាលជ្រូក បានប៉ុន្មានក្បាល ក៏បាន។ បង់ថ្លៃនាំចូលជ្រូកច្រើន រាយការណ៍ទៅក្រសួងតិច ក៏ក្រសួងអត់ដឹង។ នេះគឺជាផ្ទៃក្នុងនៃ អំពើពុករលួយមួយ ដោយសារនាយកដ្ឋានផលិត កម្ម និងបសុព្យាបាល មិនបានយកបង្កាន់ដៃពណ៌ខៀវទៅប្រើនោះឯង។ ហើយបើប្រើប័ណ្ណបង្កាន់ដៃ ពណ៌ខៀវ ត្រូវមានតួលេខ សត្វជ្រូក ដឹកចូលប៉ុន្មាន បានប្រាក់ចំណូល ប៉ុន្មានច្បាស់លាស់ សំរាប់ចូលជាថវិការដ្ឋមិនអាចកិប កេងបានទេ។
មិនតែប៉ុណ្ណោះមន្ត្រីបន្តថា ជាមធ្យម ជ្រូកនាំចូលមកស្រុកខ្មែរក្នុង១ថ្ងៃៗយ៉ាងតិច ១.000 ក្បាល ។ បើមួយក្បាល ត្រូវបង់ពន្ធ ៤.000 រៀល ឬ មួយដុល្លារ តើចំណូលមួយថ្ងៃ នាយកដ្ឋានបានប៉ុន្មាន? ហេតុអ្វីបានជានាយកដ្ឋាន មិនប្រើប័ណ្ណបង្កាន់ដៃបង់ប្រាក់ ពណ៌ខៀវ ដែលចេញដោយក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច? ក្រុមហ៊ុននាំចេញស្បែកគោ នៅក្រុងភ្នំពេញ មានចំនួនពីរក្រុមហ៊ុន បាននាំចេញស្បែកគោ ប្រមាណ ១.000 តោន ក្នុងមួយឆ្នាំ ដែលនាយកដ្ឋានតម្រូវឱ្យបង់ថ្លៃនាំចេញ ៣0 ដុល្លារ ក្នុងមួយតោន តើលុយនេះ នាយកដ្ឋានយកទៅណា នៅពេលប្រើប័ណ្ណបង្កាន់ដៃ ពណ៌ស នេះ ។
ពាក់ព័ន្ធនឹងបញ្ហាពុករលួយខាងលើនេះ ក៏មានសំណូមពរឱ្យលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែពិនិត្យពីបញ្ហាប្រើប័ណ្ណបង់ប្រាក់ ពណ៌ខៀវនិងពណ៌សឡើងវិញ ។
ផ្ទុយទៅវិញ គេមិនគួរទុកឱ្យនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានប្រើប័ណ្ណបង់ប្រាក់ ពណ៌សបន្តទៅទៀត នោះទេ ។ ហើយដែលជាយូរឆ្នាំមក ហើយអំពើពុករលួយរបស់ កៅ ផល មិនដឹងជាកើបធ្លាប់ចែកចាយទៅឱ្យ នរណាខ្លះ បានជាតំណែងរបស់ កៅ ផល សុខសាន្តរឹងមាំមកទល់ថ្ងៃនេះ ។
ដោយឡែកលើសពីនេះទៅទៀត គេប្រាប់ថា បើសរសេរចូលប័ណ្ណពណ៌ស ១០០០ក្បាល គឺពួកគេចម្លងចេញទៅ ដាក់ក្នុងសៀវភៅពណ៌ខៀវ តែ ២០០ ឬ ៣០០ក្បាលទេ សល់ប៉ុន្មានចូល ហោប៉ៅលោកប្រធាននាយកដ្ឋានទាំង អស់។ បើសរសេរចូលក្នុងប័ណ្ណពណ៌ ខៀវមិនអាចកិបកេងបានទេ ដូច្នេះត្រូវបង្កើតប័ណ្ណពណ៌ស ថ្ពឹនភ្នែកអ្នករកស៊ី តែទីបំផុតរឿងសត្វដំរីងាប់នេះ មិនអាចយកចង្អេរបាំងជិតឡើយ ហើយដែលបញ្ហានេះគេមិនគួរមើលរំលងទង្វើ ពុករលួយរបស់ កៅ ផល ជាយូរឆ្នាំនោះទេ ៕