ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលធនធានធម្មជាតិក្នុង ខេត្តព្រះវិហារបានឲ្យដឹងថា ព្រៃឈើក្នុងស្រុករវៀង ស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកឆែបកំពុងរងនូវការកាប់បំផ្លាញពីក្រុមហ៊ុននិងក្រុម ជនល្មើសយ៉ាងមហន្តរាយ។ អភិបាលខេត្តព្រះវិហារមិនដែលយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជាលេខ០២ របស់រដ្ឋាភិបាល ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់នោះទេ។ ហេតុនេះហើយទើបក្រុមហ៊ុនដួងស្រួចអាចធ្វើសកម្មភាពកាប់ឈើនិង ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារបានឲ្យ ដឹងថា ដោយមានការបើកដៃពីលោក អ៊ិត ភូមិរ៉ា ជាមេរដ្ឋបាលព្រៃឈើទើបក្រុមហ៊ុនដួងស្រួចអាចធ្វើសកម្មភាពកាប់បំ ផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់យ៉ាងអនាធិបតេយ្យ ។ ចំណែកលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារក៏អាចជាប់ពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ដែរ ទើបធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះបទល្មើសបំផ្លាញព្រៃឈើយ៉ាង ពេញបន្ទុក។ បញ្ហានេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក ឆេង គឹមសុន មេរដ្ឋបាលព្រៃឈើត្រូវពិនិត្យមើលទ្បើងវិញជាបន្ទាន់ពី ព្រោះក្រុមហ៊ុនដួងស្រួចកំពុងកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ទាំងយប់ទាំងថ្ងៃ។
មន្ត្រីនិងសមត្ថកិច្ចក្នុងខេត្តព្រះវិហារមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុនដួងស្រួចស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតដែលកាប់ឈើ ក្នុងខេត្តព្រះវិហារនិងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ដោយ គ្មានខ្លាចក្រែងអ្វីទាំងអស់។ សមត្ថកិច្ចតូចតាចបានឲ្យដឹងទៀតថា មេរដ្ឋបាលព្រៃឈើនិងអភិបាលខេត្តព្រះវិហារ អ៊ុំ ម៉ារ៉ា ប្រហែលជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីក្រុមហ៊ុនដួងស្រួចទើបបណ្តោយ ឲ្យក្រុមហ៊ុននេះធ្វើអ្វីៗតាមអំពើចិត្ត ៕