ខេត្តក្រចេះ ៖ បើយោង តាមចេសក្តីរាយការណ៍ពីខេត្តក្រចេះបានអោយដឹងថាលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួល កំពុងតែបើកដៃអោយក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងកាត់ស្រុកស្នួលយ៉ាងអាណាធិប្បតេយ្យបំផុតទាំងយប់ទាំងថ្ងៃ ហើយលោកគង់គឹមនី ក៏កំពុងតែប្រើអំណាចរបស់ខ្លួនកាងបទល្មើស និងគំរាមកំហែងដល់ក្រុមសមត្ថកិច្ចតាមដងផ្លូវ ព្រោះតែលោក គង់ គឹមនី ចាត់ទុកថា សមត្ថកិច្ចនិងអ្នកកាសែត គឺជាឆ្អឹងទទឹងកដល់ការរកស៊ីខុសច្បាប់របស់ក្រុមឈ្មួញ បំផ្លាញព្រៃឈើ ឬជាការរំខានដល់ការបង់លុយចូលហោប៉ៅរបស់ គង់ គឹមនី នោះ។
ប្រភពព័ត៌មានបានអោយដឹងទៀតថា ជារៀងរាលថ្ងៃមានរថយន្តទាំងតូចទាំងធំដឹកឈើខុសច្បាប់ធ្វើចរចរាណ៍ដឹកបទល្មើស ព្រៃឈើមិនក្រោម ៣០០ ទៅ ៥០០គ្រឿងនោះទេ ដែលធ្វើដំណើរឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះ ដោយបានបង់លុយជូនមន្ត្រី ជំនាញ និងបានសែនព្រេនយ៉ាងដិតដល់បំផុត ដល់លោក គង់-គឹមនី អភិបាលស្រុកស្នួលរូបនេះ។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅនេះ គឺ លោក គង់-សឹមនី អាងខ្លួនជាអភិបាលស្រុកស្នួលនោះ ។ ដោយយល់ថា សម្បូរអ្នកកាសែតធ្វើព័ត៌មានរសើបបទល្មើសព្រៃឈើជួញដូរជួបលោក គង់ គឹមនី និងចាត់ទុកអ្នកសារព័ត៌ មានជាបន្លាក្នងកែវភ្នែកនោះ ទើបចៅហ្វាយស្រុករូបនេះបានប្រើក្បាច់គុនអោយសមត្ថកិច្ចចាប់ ខ្លួន លោក ជា ម៉ាប់ ប្រធាន សាខាសមាគមន៍សារព័ត៌មានឃ្លាំមើលកម្ពុជា មួយរូបប្រចាំខេត្តក្រចេះ បញ្ជូនទៅតុលាការខេត្តដោយចោទពីបទជំរិត ទារប្រាក់ពីឈ្មួញដឹកឈើខុសច្បាប់។
ក្រៅពីនោះ និងថ្ងៃនោះដែរ ប្រភពក៏បានបន្ថែមផងដែរថា អធិការស្រុកស្នួលក៏បានឃាត់ខ្លួនបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ ៣ម្នាក់ អស់រយៈពេលបីទៅបួនម៉ោងផងដែរ ខណៈអ្នកយកព័ត៌មានរូបនោះទៅថតខ្លោងទ្វារអធិការស្រុកបន្ទាប់ពី អធិការឃាត់ខ្លួនលោក ជា-ម៉ាប់។
ដោយឡែក លោក ទូច-ណូរ៉ា ប្រធានសមាគមន៍សារព័ត៌មានឃ្លាំមើលកម្ពុជា និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មាន “ជួយខ្មែរ”ថ្លែងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ មានរថយន្តប៉ូលីសសេដ្ឋកិច្ចមួយគ្រឿង បានដេញប្រមាញ់ រថយន្ត ម៉ាកសាន់យ៉ុង មួយគ្រឿងពីចំណុច ៩០ដល់ចំណុច២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះដែលមានចម្ងាយប្រហែល ជាង១គីឡូម៉ែត្រ ។ ហើយពេលនោះ លោក ជា-ម៉ាប់ ក៏បានបើករថយន្តតាមយកព័ត៌មានពីក្រោយ ស្រាប់តែឃើញប៉ូលីស សេដ្ឋកិច្ចឱ្យរថយន្តសាន់យ៉ុងខាងលើបន្តដំ ណើរទៅមុខទៀត ខណៈនោះលោក ជា ម៉ាប់ ក៏បានថតរូបភាពរថយន្តសាន់យ៉ុង នោះពីរបីប៉ុស្តិ៍ ។ ស្រាប់តែភ្លាមនោះរថយន្តរបស់លោក គង់-គឹមនី ចៅហ្វាយស្រុកស្នួលក៏បានបើកមកដល់ និងពាំងពីមុខ រថយន្តលោក ជា ម៉ាប់ ជាប់ហើយហៅអោយរថយន្តសាន់យ៉ុងខាងលើបើកបកមកក្រោយវិញ ដោយបញ្ជា អោយរថយន្ត សាន់យ៉ុងនោះចតពីក្រោយរថយន្តអ្នកកាសែត (ជា ម៉ាប់) ហើយចោទថា លោក ជា ម៉ាប់ ដេញកាក់ រថយន្តសាន់យ៉ុង ហើយចៅហ្វាយស្រុកកំពូលល្បិចរូបនេះក៏ បាន Lobby ហៅកម្លាំងអធិការនគបាលស្រុកនេះនាំខ្លួនលោក ជា ម៉ាប់ ទៅសាកសួរ និងឃុំខ្លួនរហូត ២៤ម៉ោងរួច ទើបបញ្ជូនជនរងគ្រោះទៅតុលាការខេត្តដោយចោទថា ឈ្មួញដឹកឈើប្តឹងពីបទ ជំរិតទារប្រាក់។
លោក ទូច ណូរ៉ា បានបន្តថា រថយន្តសាន់យ៉ុងខាងលើមិនមានដឹកឈើនោះទេ គឺដឹកសុទ្ធតែមនុស្ស លោកឆ្ងល់ថា តើកូនចៅលោកទៅទាប្រាក់ពីថ្លៃអីដែរ ។
មិនតែប៉ុណ្ណោះលោក ទូច ណូរ៉ា ក៏បានបន្តថា ឥឡូវកូនចៅរបស់លោកត្រូវបានតុលាការខេត្ត ក្រចេះសម្រេចឃុំខ្លួន ដោយអយុត្តិធម៌ ហើយលោកបញ្ជាក់ថា គឺជាកលល្បិចរៀបឆាក់ចាប់ខ្លួនអ្នកកាសែតដោយចៅហ្វាយស្រុកកាងឈ្មួញរូបនេះ។
ផ្ទុយទៅវិញលោក ទូច ណូរ៉ា សុំ ឱ្យតុលាការខេត្តក្រចេះស៊ើបអង្កេតឱ្យបានពិស្តារឡើងវិញ ព្រោះលោក ជា-ម៉ាប់ កូនចៅ របស់លោកមិនបានទាំងនិយាយជាមួយម្ចាស់រថយន្តសាន់យ៉ុងខាង លើសូម្បីតែមួយម៉ាត់ កុំថាឡើយបានទៅ ទាប្រាក់នោះ នេះគឺជាល្បិចរបស់លោក គង់-គឹមនី ដែលតែងតែមានបំណងបោសសំអាតសមត្ថកិច្ច និងអ្នកសារព័ត៌មាន តាមដងផ្លូវ ដើម្បីងាយស្រួលដល់ក្រុមឈ្មួញដឹកឈើខុសច្បាប់ឆ្លងកាត់នោះ ។ ហើយក៏ជាប្រយោជន៍ក្នុងការឱ្យឈ្មួញបង់លុយ ក្រោមតុ ឱ្យលោក ដែលជាទង្វើដ៏ខ្មៅកខ្វក់ហើយថោកទាបបំផុតដែលក្រុមអ្នកយកព័ត៌មានពុំអាចទទួលយកបានឡើយ ។
ពាក់ព័ន្ធនឹងភាពពុំប្រក្រតីនេះ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះបានប្រាប់ការិយាល័យឱ្យដឹងថា លោកពុំបានធ្វើការចោទប្រកាន់ទៅលើលោក ជា-ម៉ាប់ ទេតែឈ្មួញគេមិនដកពាក្យបណ្តឹង ដូច្នេះមានតែប្រគល់ឱ្យចៅក្រម ស៊ើបសួរតាមនិតិ វិធីច្បាប់តែប៉ុណ្ណោះ។
យោងតាមសម្តីលោក ទូចណូរ៉ា ប្រធានសមាគមន៍សារព័ត៌មានឃ្លាំមើលកម្ពុជា បានអោយដឹងថា លោកបានទៅជួបចៅក្រមស៊ើបសួរកាលពីរសៀលថ្ងៃទី២១ម្សិលមិញ ដើម្បីសុំធានាលោកជាម៉ាប់អោយនៅក្រៅឃុំ តែចៅក្រមបានប្រាប់ថា ព្រះរាជអាជ្ញាបានចោទប្រកាន់ ហើយមានទាំងលិខិតដែលព្រះរាជអាជ្ញាចារស្មើសុំអោយចៅក្រមឃុំ ខ្លួនលោក ជា-ម៉ាប់ ទៀតផង ដូច្នេះចៅក្រមមិនអាចអោយធានាក្រៅឃុំបានទេ។
ដូចជាមកទល់ពេលនេះ ក្រោយពេលចាប់បង្ក្រាបអ្នកសារព័ត៌មានហើយនោះបានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង និងល្បីសុះសាយ ថា ចៅហ្វាយស្រុករូបនេះអួតក្អេងក្អាងប្រឈមបង្កជម្លោះជាមួយតែអ្នកកាសែត ឯបទល្មើសព្រៃឈើឆ្លងកាត់ស្រុកស្នួល ១យប់១ថ្ងៃ រាប់សិបរយគ្រឿង ស្ទើររាប់ពាន់គ្រឿងនោះ គេពុំឃើញជនអសមត្ថភាពនេះអនុវត្តអភិបាលកិច្ចល្អ កែទម្រង់ស៊ីជម្រៅតាមរដ្ឋាភិបាលដាក់ចុះឡើយ ។
ជាពិសេស គឺលោក គង់-សឹមនី ចៅហ្វាយស្រុកស្នួលកំពុងតែសកម្មវក់វីត្រូវរ៉ូវជាមួយ និងក្រុមឈ្មួញបទល្មើសព្រៃឈើជាន់ឈ្លី កំណែទម្រង់របស់រដ្ឋាភិបាល ហ៊ុន សែន យ៉ាងគឃ្លើនបំផុត ។ ហើយបានគេពុំឃើញថា ហ្វាយស្រុកស្នួលនេះ អើពើបង្ក្រាប សកម្មភាពបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព និងតម្លាភាពទ្រង់ទ្រាយធំម្តងណាសោះ ហើយដែលមិនគួរក្រសួងមហាផ្ទៃ មើលរំលងសកម្មភាព គង់ គឹមនី និងបទល្មើសព្រៃឈើក្នុងខេត្តក្រចេះនោះទេ !។
អ្វីជាការគួរឱ្យភ្ញាក់ផ្អើលនោះ បុរសដែលអួតខ្លួនថា ជាឈ្មួញរកស៊ីឈើដែលខ្លួនជាចោរឈ្មួញរកស៊ីបំពានច្បាប់រដ្ឋាភិបាលនោះ ។ នៅពេលដែលអ្នកកាសែត ត្រូវបានចាប់ខ្លួនឯវិញ បែរជាស្រែកតាមទូរស័ព្ទថា ក្រុមរថយន្តខាងលើដេញកាក់ រថយន្តរបស់លោកតែរហូត ដេញរាល់តែថ្ងៃ។ ចំណែកឯលោក គង់-សឹមនី ចៅហ្វាយស្រុកស្នួលវិញលោក និយាយថា លោកនិងធ្វើការបោសសំ អាតក្រុមអាណាធិប្បតេយ្យតាមដងផ្លូវអោយអស់។ ប៉ុន្តែឯឈ្មួញរកស៊ីក៏ជាជនល្មើស និងក្រុមឈ្មួញបទល្មើសព្រៃឈើ ដែលរកស៊ីពេញស្រុកស្នួល និងចរាចរណ៍បទល្មើសព្រៃឈើឆ្លងកាត់ស្នួលទាំងយប់ទាំងថ្ងៃ នោះគេសួរថា តើ គង់ គឹមនី បានទទួលប៉ុន្មានសែន ១ខែៗ បានជាគេពុំឃើញ គង់ គឹមនី អនុវត្តន៍កំណែទម្រង់លាងខ្លួនពីអំពើ ពុករលួយទៅ បែរជាមកចាត់ទុកកាសែតជាបន្លាក្នុងកែវភ្នែកបង្ក្រាបអ្នកកាសែតទៅវិញ ៕
ដោយ ៖ នាយស្នួល