ខេត្តក្រចេះ ៖ យោង តាមសេចក្តីរាយការណ៍បានអោយដឹងថាលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួល កំពុងតែ បើកដៃអោយក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងកាត់ស្រុកស្នួលយ៉ាងអាណាធិប្បតេយ្យបំផុត ហើយលោក គង់ គឹមនី ក៏កំពុងតែប្រើអំណាចរបស់ខ្លួនកាងបទល្មើស និងគំរាមកំហែងដល់ក្រុមសមត្ថកិច្ចតាមដងផ្លូវ ថែមទាំងចាត់ទុកសមត្ថកិច្ចនិងអ្នកកាសែត គឺជាឆ្អឹងទទឹងកដល់ការរកស៊ីខុសច្បាប់របស់ក្រុមឈ្មួញបទល្មើស ព្រៃឈើនោះ។
តាមប្រភពព័ត៌មានពិស្តារមួយបានអោយដឹងទៀតថា ជារៀងរាលថ្ងៃមានក្បួនរថយន្តដឹកបទល្មើសព្រៃឈើទាំងខ្សែ មានតូចធំដឹកឈើខុសច្បាប់ធ្វើចរចរាណ៍ដឹកបទល្មើស ព្រៃឈើមិនក្រោម ៣០០ ទៅ ៥០០គ្រឿងនោះទេ ដោយមិន រំខានដល់អភិបាលស្រុកស្នួលឡើយ ។ ជាពិសេស គឺក្រុមឈ្មួញបានដឹកឈើឆ្លងកាត់ខេត្តក្រចេះ ឆ្លងកាត់ស្រុកស្នួល ដោយបានបង់លុយជូនមន្ត្រី ជំនាញ និងសែនព្រេនយ៉ាងដិតដល់បំផុត ដល់លោក គង់-គឹមនី អភិបាលស្រុកស្នួលរូប នេះ (មិនដែលខានម្តងណាទេ)។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅនេះ លោក គង់-សឹមនី អាងខ្លួនជាអភិបាលស្រុកស្នួល គង់ គឹមនី បានដឹកនាំកម្លាំងចាប់ខ្លួន លោក ជា ម៉ាប់ នៅផ្លូវជាតិលេខ៧អា ស្នូល មណ្ឌលគិរី ចំណុចគីឡូម៉ែតលេខ៨៨ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ បញ្ជូនទៅតុលាការខេត្តដោយចោទពីបទជំរិត ទារប្រាក់ពីឈ្មួញដឹកឈើខុសច្បាប់។
បើតាមសកម្មភាពរបស់លោកអភិបាលស្រុកស្នូលដ៏មហិមានេះបានប្រើ អំណាចរំលោភផ្តាច់ការមកលើអ្នកកាសែត ដែលមានតែកាំម៉ារ៉ា នឹងប៊ិច ហើយបែរជាធ្វើសកម្មភាពដើម្បីបំបាត់ស្មារតីអ្នកកាសែតដ៏ទៃ ទៀតកុំឱ្យធ្វើស្រុកស្នូល ទៀត ។ ដើម្បីងាយស្រួលឱ្យក្រុមមេឈ្មួញឈើរកស៊ីកាប់ព្រៃឈើលក់ខុសច្បាប់ ដោយសេរីផ្គើន ទៅនឹងបទបញ្ជា របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាងឈ្មួញយ៉ាងគឃ្លើនបំផុត ។
ដូចជាក្រៅពីចរាចរបទល្មើសព្រៃឈើក្នុងមូលដ្ឋានស្រុកស្នូលគេក៏ កត់សំគាល់ឃើញផងដែរ ពីប្រជាពលរដ្ឋត្អូញត្អែរពី បញ្ហាគ្រោះថ្នាក់ចរាចរណ៏ជាប្រចាំពីមួយៗថ្ងៃទៅមួយថ្ងៃ ក្នុងទឹកដីស្រុកស្នូលដោយសារតែរថយន្តដឹកឈើគ្រប់ ប្រភេទក្រុមឈ្មួញ ។
ជាពិសេសរថយន្តសាំយ៉ុងដឹកជន្លង់ម្រេច និងក្បួនរថយន្តយីឌុបនោះតែម្តង ដែលបង្កគ្រោះថ្នាក់ចរាចរណ៏ដល់អាយុ ជីវិតប្រជាពលរដ្ឋជាច្រើន ។ ហើយគេមិនដែលនាក់ឃើញអភិបាលស្រុកស្នួលរូបនេះរកដំណោះស្រាយ អ្វីកាត់បន្ថយកុំឱ្យមានការគ្រោះថ្នាក់ចរាចរណ៏កើតឡើងដោយក្បួន រថយន្តបទល្មើស ព្រៃឈើទាំងនោះឡើយ ។
ក្រុមប្រជាពលរដ្ឋនិយាយទៀតថា ពេលដែលលោក គង់ គឹមនី អភិបាលស្រុកចុះទៅជួយស្ទូងស្រូវប្រជាពលរដ្ឋ មួយព្រឹកបានចំនួន ៤ទៅ១០ កណ្តាប់ស្រូវ ស្រាប់តែហៅទូរទស្សន៍ កាសែតគាំទ្រឱ្យថតចុះផ្សាយតាមកញ្ជក់ ទូរទស្សន៍ ឱ្យអ្នកដឹកនាំប្រទេសឃើញ ប៉ុន្តែបើក្បួនរថយន្តបទល្មើសព្រៃឈើឆ្លងកាត់ខេត្តនេះ ដឹកស្ទើរខូងផ្លូវកក្រើកស្រុកស្នួលវិញ គាត់កម្រើកត្រកៀកចាប់បង្ក្រាបបទល្មើសព្រៃឈើទាំងនោះឡើយ ។ ព្រោះតែក្រុមឈ្មួញបទល្មើសព្រៃឈើទាំងនោះ គឺជាឆ្នាំងបាយធ្វើមានបានរបស់គាត់ ។
មិនតែប៉ុណ្ណោះមកទល់ពេលនេះ ក្រោយពេលចាប់បង្ក្រាបអ្នកកាសែតហើយបានធ្វើឱ្យ គង់ គឹមនី ហៅប្រុស អួតក្អេងក្អាងថា ខ្លួន និងពូកែខ្លាំងណាស់ បង្ក្រាបបាននិងតាមបង្ក្រាបតែអ្នកកាសែតដែលនៅយកព័ត៌មានក្នុងស្រុក ស្នួលនោះ ។
ផ្ទុយទៅវិញ ឯបទល្មើសព្រៃឈើឆ្លងកាត់ស្រុកស្នួល ១យប់១ថ្ងៃ រាប់សិបរយគ្រឿង ស្ទើររាប់ពាន់គ្រឿងនោះ គេពុំឃើញជនអសមត្ថភាព គង់ គឹមនី អនុវត្តអភិបាលកិច្ចល្អ កែទម្រង់ស៊ីជម្រៅតាមរដ្ឋាភិបាលដាក់ចុះឱ្យមានប្រសិទ្ធភាពនោះឡើយ ។ ព្រោះតែលុយបទល្មើសព្រៃឈើរបស់ក្រុមឈ្មួញឧកញ៉ាមួយំនួន ក្នុងស្រុកស្នួលជាង ២០នាក់នោះ និងលុយឈ្មួញឆ្លងកាត់បាំមុខ ដូច្នេះហើយទើបអភិបាលកិច្ចល្អត្រូវបាន គង់ គឹមនី ហៅប្រុស ជាន់ឈ្លីជាប្រចាំនោះ ។
មកទល់ពេលនេះគឺលោក គង់-គឹមនី ចៅហ្វាយស្រុកស្នួលកំពុងតែសកម្មវក់វីត្រូវរ៉ូវជាមួយ និងក្រុមឈ្មួញបទល្មើសព្រៃឈើជាន់ឈ្លី កំណែទម្រង់របស់រដ្ឋាភិបាលហ៊ុន សែន យ៉ាងគឃ្លើនបំផុត ។ ហើយគេពុំដែលឃើញចៅហ្វាយស្រុកស្នួលនេះ អើពើបង្ក្រាប សកម្មភាពបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព និងតម្លាភាពទ្រង់ទ្រាយធំម្តងណាឡើយ ។ ហើយដែលមិនគួរក្រសួងមហាផ្ទៃ មើលរំលងសកម្មភាព គង់ គឹមនី និងបទល្មើសព្រៃឈើក្នុងខេត្តក្រចេះនោះទេ !៕