ពីរតនគិរីៈ លោក សុខ រ័ត្ន ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែល មានជំនាញដាក់កុងត្រូលជជុះ ប្រមាញ់រថយន្តដឹកឈើ ដាក់ខែជាមួយឈ្មួញឈើគ្រប់ ច្រកល្ហកនោះ ប៉ុន្មានថ្ងៃ នេះកំពុងតែបែកធ្លាយរឿងអាស្រូវ រឿងអំពើពុករលួយរបស់ខ្លួនត្រូវបានកម្លាំងនគរបាល សេដ្ឋកិច្ច ក្រសួងមួយក្រុម ទៀត បានចុះទៅស្រាវជ្រាវស៊ើបអង្កេតពីបទពាក់ព័ន្ធ និងការរកស៊ីជាមួយឈ្មួញ ។ ហើយទំនងជា ក្រុមប៉ូលិសទៅក្រោយ ត្រូវថ្នាំសណ្តំរបស់លោក សុខ រ័ត្ន ហើយមើលទៅបានជាស្ងាត់ជ្រៀបមកទល់ពេលនេះ ។
មានការអះអាងថា លោក សុខ រ័ត្ន កន្លងទៅគាត់មានមោទនភាពក្នុង អំណាច បន្ទាប់ពីបានប្រើប្រាស់ឥទ្ធិពលលិខិត បេសកកម្មរបស់អគ្គស្នងការនគរបាលជាតិ និងយកឈ្មោះលោកឧត្តមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការរងនគរ បាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ទៅគំរាមជំរិតបង្ខំឱ្យក្រុមឈ្មួញដឹក ជញ្ជូនឈើខុសច្បាប់ សិប្បកម្មឱ្យបង់ប្រាក់ ជា ដើម ។
តាមប្រភពព័ត៌មានបានទម្លាយឱ្យដឹងថា ពួកឈ្មួញជាច្រើន ត្រូវលោក សុខ រ័ត្ន តម្រូវ ឱ្យបង់ក្នុង១ខែ ចាប់ពី ២០០ដុល្លារ និងឈ្មួញមួយចំនួនទៀតត្រូវបង់លុយសម្រាប់ ក្បាលឡានទៅតាមចំនួនឈើដឹកចេញចាប់ពី ៥០០-១០០០ដុល្លារ-២០០០ដុល្លារ-៥០០០០ដុល្លារ យ៉ាងត្រូវប៉ាន់បំផុត ។
មិនតែប៉ុណ្ណោះ ការប្រព្រឹត្តអំពើពុករលួយយកភារកិច្ច តួនាទីទៅពាក់ព័ន្ធនឹងផល ប្រយោជន៍បទល្មើសព្រៃឈើ គឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅនឹង លិខិត បេសកកម្មរបស់អគ្គស្នងការនគរបាលជាតិ ដែលបានចុះឱ្យស្រាវជ្រាវ ស៊ើបអង្កេត បទល្មើស ។
បើតាមឈ្មួញឈើជាច្រើន បានលើកឡើងថា មួយម៉ាត់ណាក៏លោក សុខ រ័ត្ន អះអាងថា ធ្វើតាមបញ្ជាថ្នាក់លើ យក លុយទៅបំពេញតម្រូវការថ្នាក់លើ សុទ្ធតែជារឿងប៉ះ ពាល់កិត្តិយសដ៏ធំធេងចំពោះថ្នាក់លើ ដែលមានវិធានការដ៏ តឹងតែង តម្រូវឱ្យមន្ត្រីនគរបាលប្រឆាំងបទល្មើសក្រសួងទាំងនោះចុះប ង្ក្រាបបទល្មើសព្រៃឈើនោះ ។ ជាពិសេស ឥទ្ធិពលការយកឈ្មោះថ្នាក់លើអគ្គស្នងការនគរបាលជាតិទៅប្រើគំរាមថ្នាក់ក្រោមឈ្មួញ និងមន្ត្រី អាជ្ញាធរនេះ មានប្រសិទ្ធភាពបំផុត ធ្វើឱ្យក្រុមឈ្មួញបទល្មើសឱនក្បាលលុតក្រាបមករកគាត់ ។/