លោក សេង ធីម ប្រមូល​​លុយពី​បទល្មើស​នេសាទ

ដំណឹង​ដែល​មន្ត្រីជលផល​តូចតាច​មួយចំនួន​បាននិយាយថា លោក សេង ធី​ម មាន​មហិច្ឆតា​ធំ​ណាស់ កំពុងរ​ត់រក​ខ្សែ​ទុយោ និង​ចំណាយលុយ​យ៉ាងច្រើន ដើម្បី​រត់ការ​ជ្រែ​យក​តំណែង​ជា​នាយ​ខណ្ឌ​ជលផល​ខេត្តកណ្តាល ជំនួស​លោក ឃ្លាំង វណ្ណ​ធុល គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា លោក សេង ធី​ម ដែលមាន​ទ្រព្យសម្បត្តិ​តិចតួច​ជាង​លោក ឃ្លាំង​វណ្ណ​ធុល អាច​រត់​ការឡើង​តំណែង​ដែល​គាត់​ស្រមៃ​ចង់បាន​នោះ​សម្រេច​ជោគជ័យ​ឬក៏​យ៉ាងណា​នោះទេ​?។​លោក សេង ធី​ម មាន​ទេពកោសល្យ​យ៉ាង​ពិសេស​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​ជលផល តាមរយៈ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដឹកជញ្ជូន​ត្រី​ឆ្តោ ត្រី​រ៉ស់ ដោយ​ខុសច្បាប់​មកពី​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ យកមក​លក់​ចែកចាយ​តាម​យឿ ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​យឿ​ច្បារអំពៅ​។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​ត្រី​តាម​ម៉ូតូ យកមក​លក់​តាម​ទីផ្សារ​ក៏​រង​នូវ​ការ​គាប​​ជំរិត​ឲ្យ​បង់លុយ​ពី​មន្ត្រី​ជំនាញ​ជលផល​ក្រោម​បញ្ជា​លោក សេង ធី​ម ផងដែរ ក្រោម​ហេតុផល​ឆែកឆេរ​ត្រួតពិនិត្យ​លិខិតស្នាម​អនុ​ញ្ញាត ហើយ​បង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន​ត្រី​តូចតាច​បង់លុយ​តាម​ម៉ូតូ ចាប់ពី ៥​ម៉ឺន​ដល់​១០​ម៉ឺន​រៀល​គ្មាន​ការយោគយល់​នោះទេ ប៉ុន្តែ​សម្រាប់​​ឈ្មួញ​ធំៗ​ជាច្រើន ដែល​ជ្រក​ក្រោម​ស្បែក​ជា​អង្គរក្ស អាច​រកស៊ី​ដឹកជញ្ជូន​ត្រី​តាម​រថយន្ត​កូរ៉េ ចំណុះ​៥​តោន យ៉ាង​អនាធិបតេយ្យ​បំផុត​។​​ដោយឡែក លោក សេង ធី​ម ក៏បាន​ចាត់តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ចិញ្ចឹម​ត្រី​ឆ្តោ​តាម​បែ និង​​តាម​ស្រះ​រាប់រយ​កន្លែង​នៅក្នុង​ស្រុក​កោះធំ ស្រុក​ស្អាង ខេត្តកណ្តាល ទើប​គ្មាន​វិធានការ​បង្ក្រាប ហើយ​គេ​ដឹងថា គ្រាន់តែ​នុយ​សម្រាប់​ការចិញ្ចឹម​ត្រី​ឆ្តោ ដោយ​ខុសច្បាប់ នៅក្នុង​ស្រុក​ស្អាង ត្រូវ​ចំណាយ​យ៉ាងហោចណាស់ ក្នុង​មួយថ្ងៃ​ជាង​២០​តោន​ឯណោះ​។ ដោយសារតែ​ភាពអនាធិបតេយ្យ​នៃ​ការចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់ រាប់រយ​កន្លែង ដែល​ក្នុង​ស្រះ ឬ​បែ​មួយចំនួន មានកូន​ត្រី​ឆ្តោ ចាប់ពី ៧​ម៉ឺន​ទៅ​២០​ម៉ឺន​ក្បាល បង្កើត​ឲ្យ​មានការ​ដាក់​សៃយ៉ឺន ស្បៃ​មុង យ៉ាង​គគ្រឹកគគ្រេង តាម​ព្រែក បឹងបួ ដើម្បី​ចាប់​កូន​ត្រី​យកទៅ​ធ្វើជា​នុយ​សម្រាប់​ការចិញ្ចឹម​ត្រី​ឆ្តោ ដ៏​អនាធិបតេយ្យ​ទាំងនោះ បង្កើតជា​បទល្មើស​នេសាទ បំផ្លាញ​ធនធាន​មច្ឆជាតិ​ធ្ងន់ធ្ងរ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។គេ​កំពុង​តាម​ដាន​យ៉ាង​យកចិត្តទុកដាក់ ថា​តើ​ប្រធាន​រដ្ឋបាល​ជលផល​លោក ណៅ ធួ​ក និង​លោក​អ៊ុក រ់ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ទើប​ឡើង​​តំណែង​ថ្មីថ្មោង​នឹង មាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​មន្ត្រី​ពុករលួយ ដែល​ឃុបឃិត​គ្នា បើកដៃ​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់ និង​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​ស្អាង​និង​ស្រុក​កោះធំ​។​​មន្ត្រី​តូចតាច​មួយចំនួន​បាន​ធ្លោយ​ឲ្យ​ដឹងថា​សិទ្ធិអំណាច​របស់លោក សេង ធី​ម បាន​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ចិញ្ចឹម​ត្រី​ឆ្តោ​ដោយ​ខុសច្បាប់ នៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ នៅតាម​បែ និង​ស្រះ​រាប់រយ​កន្លែង ចុះ​ទម្រាំ​លោក សេង ធី​ម ឡើង​ធ្វើជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​តាម​រយៈ​ការ​ជ្រែ​យក​តំណែង ឬ​ការ​ប៉ែង​ជើង លោក ឃ្លាំង វណ្ណ​ធុល តើ​បទល្មើស​នៃ​ការចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់ ក៏ដូចជា​បទល្មើស​នេសា​ទ​​នៅ​ទូទាំង​ខេត្តកណ្តាល​កើន​ឡើងដល់​កម្រិតណា​ ​៕​

a22_f694f8be4b63d412ecdc4d47ffc7e504