ប្រជាពលរដ្ឋភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ជាង១០០គ្រួសារ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នេះបានបង្ខំចិត្តទៅឃាំងដំណើររបស់លោកឧត្តសេនីយ៍ឯកហ៊ុន ម៉ាណែត កូនប្រុសរបស់លោកហ៊ុន សែន ឲ្យជួយអន្តរាគន៍ដោះស្រាយជម្លោះដីធ្លីរបស់ពួកគេជាមួយវរៈការពារអាកាស៩១ ខណៈលោកហ៊ុន ម៉ាណែត ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់អង្គភាពវរៈការពារអាកាស៩១។
លោកហ៊ុន សែន បានដាក់បទបញ្ជាម៉ឺងម៉ាត់ដល់ឧត្តមសេនីយ៍ទោ សុខ ប៉ាង មេបញ្ជាការវរៈ៩១ការពារអាកាស ឲដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអង្គភាពវរៈការពារអាកាស៩១ តាំងពីឆ្នាំ២០០៦ហើយក៏ដោយ ក៏មកដល់ពេលនេះឧត្តមសេនីយ៍ទោ សុខ ប៉ាង មិនបានអើពើដោះស្រាយជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់ដូចបទបញ្ជាលោកហ៊ុន សែន នោះទេ ។
តាមអ្នកភូមិព្រៃទាបានលើកឡើងថាកាលពីឆ្នាំ១៩៨៩ ក្រោមហេតុផលយកទីតាំងដីប្រជាពលរដ្ឋដើម្បីដាក់រ៉ាដាការពារអាកាស អង្គភាពវរៈការពារអាកាស៩១ បានខ្ចីដីពីប្រជាពលរដ្ឋអ្នកភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ចំនួន៩ហិកតា ហើយរហូតមកដល់ពេលនេះ អង្គភាពដដែលមិនបានសងដីជូនអ្នកភូមិព្រៃទា ឲ្យគ្រប់ចំនួននៅឡើយទេ បើទោះជាមានការអន្តរាគមន៍ពីលោកហ៊ុន សែន ក៏ដោយ ជាងនេះទៅទៀតអង្គភាពវរៈការពារអាកាស៩១ នៅបន្តធ្វើរបងព័ទ្ធជុំវិញដីអ្នកភូមិអស់ចំនួន៤ហិកតា។
ដីដែលអង្គភាពវរៈការពារអាកាស៩១រំលោភយកពីប្រជាពលរដ្ឋអស់ប្រហែល៤ហិកតានោះ ត្រូវគេដឹងថា មិនត្រឹមតែលោកហ៊ុន សែន សរសេរចំណារកាលពីឆ្នាំ២០០៦ តម្រូវឲ្យឧត្តមសេនីយ៍ទោ សុខ ប៉ាង ឲទៅប្រជាពលរដ្ឋវិញនោះទេ សូម្បីក្រសួងការពារជាតិ ក៏តម្រូវឲ្យឧត្តមសេនីយ៍ សុខ ប៉ាង សងដីទាំងនោះជូនប្រជាពលរដ្ឋផងដែរ តែរហូតមកដល់ពេលនេះលោកឧត្តមសេនីយ៍សុខ ប៉ាង មិនបានអើពើនឹងបទបញ្ជារបស់លោកហ៊ុន សែនទេ៕