សកម្មភាពដឹកជញ្ជូនឈើប្រណិត នៅក្នុងត្បូងឃ្មុំ កំពុងតែមានសកម្មភាពយ៉ាងពេញបន្ទុកព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើមិនយកចិត្តទុកដាក់បង្ក្រាបឡើយ។ សព្វថ្ងៃនេះក្រុមឈ្មួញដឹកជញ្ជូនឈើធ្នង់តាមរថយន្តកែច្នៃធំៗយ៉ាងគគ្រឹកគគ្រេងចេញពីទឹកដីច្រកទន្លេចាមឃុំគ្រវៀនស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់នៅប្រទេសយួនជារៀងរាល់ថ្ដៃ។ សកម្មភាពដឹកជញ្ជូនឈើប្រណីតនោះត្រូវបានគេដឹងថាឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលក្រចេះ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ មិនបើកភ្នែកមើលឬចាត់វិធានការបង្ក្រាបឡើយ។ឈ្មួញរកស៊ីឈើសកម្មនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ មាន ឈ្មោះឧកញ្ញ៉ាសឹងសំអុល ហើយឈ្មួញ នេះ ដឹកជញ្ជូនឈើតាមរថយន្តយីឌុបឡង់គ្រីស័រ តាកូមា និងកាមរីបាឡែនជាដើម។ ការដែលឈ្មួញទាំងពីរនាក់នេះអាចធ្វើអ្វីៗតាមអំពើចិត្តក៏ព្រោះតែមានការបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធពីគ្រប់ស្ថាប័ន ជាពិសេសគេបានផ្តល់ផលប្រយោជន៍ឲ្យសមត្ថកិច្ចពុករលួយជាប្រចាំ ទើបអ្វីៗគ្មានការរំខាន។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាសកម្មភាពដឹកឈើចេញពីទឹកដីឃុំរលួស គឺមានការឆ្លងកាត់កុងត្រូលជជុះ នៅចំណុចភ្នំខ្តាច់ និងមន្ត្រីប្រចាំការនៅបារាស់ក្រុមហ៊ុន ជាពិសេសគឺក្រុមគ្រួសារកងរាជអាវុធហត្ថ ស្នាក់ការ ៧០៨ នៅចំណុចស្រែស្បូវ។ គ្រួសារកងរាជអាវុធហត្ថដែលកាងឈ្មួញរកស៊ីឈើខុសច្បាប់នោះ គឺគ្រប់គ្រងដោយលោក ម៉ុត វណ្ណៈ ហើយបន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថរូបនេះផ្លាស់មកធ្វើជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក៏បានរៀបចំឲ្យឪពុកក្មេក និងប្អូនថ្លៃ ទៅគ្រប់គ្រងកុងត្រូលជជុះនោះជាបន្ត។ ក្រុមគ្រួសារកងរាជអាវុធហត្ថ ដែលកាងឈ្មួញរកស៊ីខុសច្បាប់នោះ មានការឃុបឃិតជាមួយនាយរងសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ទើបគេហ៊ានបើកដៃឲ្យមេឈ្មួញឈ្មោះឧកញ្ញ៉ាសឹងសំអុល ដឹកជញ្ជូនឈើធ្នង់តាមអំពើចិត្ត។ ហេតុនេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់បទល្មើសជាបន្ទាន់បំផុត ព្រោះឈ្មួញនិងសមត្ថកិច្ចពុករលួយត្រូវបានគេស្គាល់មុខអស់ទៅហើយ៕