ស្រុកស្នួលខេត្តក្រចេះជាតំបន់ដែលមានជម្លោះដីធ្លីខ្លាំងជាងគេបើ ប្រៀបធៀបទៅនឹងបណ្តាស្រុកនៃខេត្តនេះព្រោះក្រុមហ៊ុនយួននិងក្រុមហ៊ុន កូរ៉េដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ហ៊ុន សែនបានប្រើអំណាចឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋទន់ខ្សោយយ៉ាងព្រៃផ្សៃ។ ប៉ុន្តែលោក គង់ គឹមនីមិនដែលការពារផលប្រយោជន៍ប្រជាពលរដ្ឋរងគ្រោះម្តងណាទេហើយបែរជា ចេញមុខការពារផលប្រយោជន៍ក្រុមហ៊ុនយួននិងក្រុមហ៊ុនកូរ៉េដោយគ្មាន សេចក្តីអៀនខ្មាសបន្តិចណាទ្បើយ។ លើសនេះទៅទៀតលោក គង់គឹមនីក្នុងនាមជាអភិបាលស្រុកស្នួលបែរជាឃុបឃិតជាមួយមន្ត្រីរដ្ឋបាល ព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដើម្បីប្រមូលលុយពីឈ្មួញដឹកឈើ ជាប្រយោជន៍ផ្តាល់ខ្លួន ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថាលោក គង់ គឹមនីដែលជាអភិបាលស្រុកសព្វថ្ងៃនេះមិនដែលគិតគូរបំពេញការងាររបស់ខ្លួន ឲ្យបានត្រឹមត្រូវនោះទេ ផ្ទុយទៅវិញលោក គង់គឹមនីកំពុងកាងក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដែលដឹកឆ្លងកាត់ទឹកដី ស្រុកស្នួលយ៉ាងសុខស្រួលបំផុត។មានន័យថាក្រុមឈ្មួញដែលដឹកឈើមកពី ស្រុកសំបូរ ខេត្តក្រចេះឬពីខេត្តមណ្ឌលគិរីឆ្លងកាត់ស្រុកស្នួលឆ្ពោះទៅកាន់ស្រុក មេមត់ខេត្តត្បូងឃ្មុំ ត្រូវតែបង់លុយឲ្យលោក គង់ គឹមនីតាមរយៈមន្ត្រីនគរបាលម្នាក់ដែលជាដៃស្តាំរបស់គាត់។ហេតុនេះហើយ ទើបបទល្មើសដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ឆ្លងកាត់ស្រុកស្នួល នៅតែបន្តកើតទ្បើងទាំងយប់ទាំងថ្ងៃគ្មានសមត្ថកិច្ចណាបង្ក្រាប ប្រកបដោយប្រសិទ្ធភាពនោះទេ។
មន្ត្រីរាជការនៅក្នុងស្រុកស្នួលបានរិះគន់ថាលោក គង់ គឹមនីមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់ទើបហ៊ានធ្វើអ្វីៗសព្វបែបយ៉ាង ហើយកន្លងមកមានការបើកដៃពីលោក សរ ចំរ៉ុង ជាអភិបាលខេត្តក្រចេះនិងលោកជួង ស៊ាងហាក់ ដែលជាអតីតស្នងការនគរបាលខេត្តក្រចេះផងដែរទើបហ៊ានប្រើតួនាទី របស់ខ្លួនកាងក្រុមឈ្មួញរកស៊ីឈើយ៉ាងគឃ្លើនបំផុត។ ដូច្នេះក្រសួងមហាផ្ទៃក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យទ្បើងវិញ ជាបន្ទាន់បំផុតព្រោះបច្ចុប្បន្ននេះលោក គង់ គឹមនីអភិបាលស្រុកស្នួលកំពុងជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើ និងធ្វើជាខ្នងបង្អែករបស់ក្រុមឈ្មួញរកស៊ីខុសច្បាប់(មានតភាគ) ៕