លោក យឹម ផេង មន្រ្តី​នគរបាល​រក​ស៊ី​នាំ​ចូល​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទនៅ​ខេត្ត​កោះ​កុង

សេចក្តីរាយការណ៍​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ទូក​ដឹក​ប្រេង​គេចពន្ធ ក៏ដូចជាទំនិញ​ចំរុះត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​មកពី​ស្រុក​សៀម ចូល​ទឹកដី​ខេត្តកោះកុង តាម​ដែនសមុទ្រ យ៉ាង​អនាធិបតេយ្យ​បំផុត គេមិនដែល​ឃើញ​ជំនាញ​គយ​របស់លោក ប៉ាង វ៉ាន់​ថន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​បង្ក្រាប​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​នេះ​ទេ​។ មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ យឹម ផេង ហៅ​រស្មី ជា​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ មាន​តួនាទី​ជានាយរង​ទទួលបន្ទុក​ផែន​កណ្តាល​យុត្តិធម៌ នៃស្នងការដ្ឋាន​នរគ​បាល​ខេត្តកោះកុង បានក្លាយ​ជាមេឈ្មួញ​ធំជាងគេ ក្នុងការ​រកស៊ី​នាំ ចូល​ប្រេងសាំង​តាម​ដែនសមុទ្រ​យកមក​លក់​ចែកចាយ​នៅ​ពាសពេញ​ខេត្តកោះកុង គ្មាន​នរណា​ហ៊ានបង្រ្កាប់ឡើយ។​ លោក យឹម ផេង បាន​បើក​ស្ថានីយ៍​លក់​ប្រេង​គេចពន្ធ​ដ៏​ធំ​មួយកន្លែង ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ​៤៨ ដោយ​យកឈ្មោះ​ក្រុមហ៊ុន​ប្រេង​ស្របច្បាប់​មក​ធ្វើជា​ខែល ប៉ុន្តែ​រឿង​ពិត​គឺ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​នោះ លក់​ចែកចាយ​ប្រេងសាំង​គេចពន្ធ ដែល​លោក យឹម ផេង នាំចូល​តាម​ដែនសមុទ្រ ក្នុង​មួយថ្ងៃៗ​រាប់ម៉ឺន​លីត្រ ដោយ​ដឹកជញ្ជូន​តាម​ទូក​ធំៗ​។ ក្រៅពី​ជំនួញ​នាំចូល​ប្រេងសាំង​គេចពន្ធ គេ​ដឹងថា​លោក យឹម ផេង ក៏មាន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងទេស និង​ទំនិញ​ចម្រុះមកពី​ស្រុក​សៀម យកមក​លក់​ចែកចាយ​លើទឹក​ដី​ខេត្តកោះកុង ដោយ​មិនមាន​ការបង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​រាប់សិប​ឆ្នាំ​មកហើយ ដែល​លោក យឹម ផេង រួមទាំង​ភរិយា​របស់គាត់​បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ដ៏​មាន​ឥទ្ធិពល គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ក៏​ព្រោះតែលោក យឹម ផេង បាន​ចាត់ចែង​ចំណាយលុយ​កាក់​បង់​ជូន​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​កុំ​ឲ្យ​ទៅរំខាន​អាជីព​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​របស់គាត់​។​សូម្បីតែលោក​គយ​ចល័ត​ដែល​ប្រចាំការ​លើផ្ទៃសមុទ្រ នៅចំណុច​មាត់ច្រក​ប៉ាក់​ខ្លង គឺ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ រួមទាំង​សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន​ទាំងនោះ សុទ្ធតែ​​ផលប្រយោជន៍​ពី​អាជីករ រកស៊ី​នាំចូល​ទំនិញគេចពន្ធ​របស់លោក យឹម ផេង ទើប​មិនដែល​មាន​នរ ណា​ហ៊ាន​ហើបមាត់​ ​។​ពាក់ព័ន្ធ​នឹង​ករណី​ដែល​គ្មាន​ការបង្ក្រាប​អំពើរត់ពន្ធ​ទំនិញ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ដែនសមុទ្រ ក្នុង​ទឹកដី ខេត្តកោះកុង ត្រូវបាន​ជំនាញ​គយ​មួយចំនួន​លើកឡើងថា ឈ្មួញ​ជាច្រើន​សុទ្ធសឹង​ជាមន្ត្រីរាជការ​និង​ប្រើស្បែក​ជាកម្លាំងប្រដាប់អាវុធ​ទើប​មានការ​យោគយល់​គ្មាន​ការបង្ក្រាប​សុខចិត្ត​ទទួល​យកលុយ​ជាប្រចាំ​ជើង​ឬ​ប្រចាំខែ​ពី​ក្រុម​ឈ្មួញ​។

Wat-260927