ខេត្តតាកែវ ៖ក្រុមឈ្មួញបាននិយាយថាជាទូទៅទំនិញគេចពន្ធ មានដូចជាទំនិញចាប់ហួយ គ្រឿងអេឡិចត្រូនិក ក្នុងនោះមានគ្រឿងអេឡិចត្រូនិក របស់ក្រុមហ៊ុន Open net ផងដែរ ត្រូវបានគេដឹកតាមរថយន្ដ ពីក្រុងព្រៃនគរ ប្រទេសវៀតណាម មកដល់ព្រំដែន លើកដាក់ទូកធំៗ ដឹកឆ្លងកាត់មកច្រករបៀងខាងលើ ទើបឈ្មួញហោស្រី ចាន់ថា និងចែពៅ បន្ដដឹកតាមរថយន្ត ទួរីសក្នុង ១យប់ មានយ៉ាងតិចពី ១៥ទៅ២០ រថយន្ដ ក្នុងនោះ ១រថយន្ដទួរីស ផ្ទុកទំនិញស្មើនឹង ចំណុះ ៤តោន ។
មានឈ្មួញធំៗ ចំនួន ៣នាក់ ដែលជាអ្នកនាំចូល ទំនិញគេចពន្ធសុទ្ធសាធ តាមច្រករបៀងចំនួន២ កន្លែង ក្បែរច្រកអន្ដរជាតិភ្នំដិន គឺចែហោស្រី, ឈ្មោះ ចាន់ថា និងចែពៅ ដែលមេឈ្មួញទាំង ៣នាក់នេះ រស់នៅឃុំទន្លាប់ ប៉ុន្ដែបានរកស៊ីនាំទំនិញគេចពន្ធ ចូលតាមច្រករបៀងខាងលើនេះ យកមកស្ដុកទុក នៅចំណុចច្បារអំពៅ ខណ្ឌមានជ័យ ដើម្បីបន្ដចែកចាយ ឲ្យម៉ូយនិងអ្នកបោះដុំ ពេញស្រុកខ្មែរ។
ជាទូទៅទំនិញគេចពន្ធជាច្រើនប្រភេទ ត្រូវបានឆ្លងកាត់ ច្រករបៀង ចាប់ពីម៉ោង ៨និង៣០ នាទី ទៅម៉ោង៩ យប់ ហើយបន្តធ្វើដំណើរ ឆ្លងកាត់លើកំណាត់ ផ្លូវជាតិលេខ២ ឆ្ពោះមកច្បារអំពៅ យ៉ាងយូរត្រឹមម៉ោង ១២ទៅម៉ោង១ រំលងអធ្រាត្រ ទើបក្រុមឈ្មួញទាំង ៣រូបនេះ បាន ប្រើរូបភាពលើកទំនិញ ដាក់តាមរ៉ឺម៉កកង់៣ ឬរថយន្ដតូចៗ ឱ្យម៉ូយរបស់ខ្លួន នៅរាជធានីភ្នំពេញ ។
ក្រុមឈ្មួញបានបញ្ជាក់ថា ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកអន្ដរជាតិភ្នំដិន ដែលទើបទៅកាន់តំណែងថ្មី ទទួលបានប្រភពសេដ្ឋកិច្ច យ៉ាងខ្លាំងពី ច្រករបៀងទាំង២ ដែលឱ្យអនុប្រធាន១រូបឈ្មោះ បូ ជាអ្នកទទួលខុសត្រូវ ប្រមូលប្រយោជន៍នៅទីនោះ ប៉ុន្ដែអំពើពុករលួយ លក្ខណៈទ្រង់ទ្រាយធំនេះ កំពុងតែធ្វើឱ្យរដ្ឋ បាត់បង់ចំណូលពន្ធ នាំចូលយ៉ាងធ្ងន់ធ្ងរ ពិសេសមេគយ ច្រកអន្ដរជាតិភ្នំដិន កំពុងតែបង្កើតឱ្យ មានភាពធូររលុង ទំនិញគេចពន្ធ។
ពាក់ព័ន្ធនឹង ទំនិញគេចពន្ធ ឆ្លងកាត់ច្រករបៀងទាំងនេះមិនដឹងថា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដឹងរឺទេ ប៉ុន្ដែគេទទួលស្គាល់ថា មេឈ្មួញទាំង៣ ដែលរកស៊ីល្មើសច្បាប់ មានទំនាក់ទំនងល្អ ជាមួយជំនាញគយ ហើយក្រុមគយចល័ត លើកំណាត់ផ្លូវជាតិលេខ២ ខេត្ដតាកែវ ខេត្ដកណ្ដាល និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនូនធំ សុទ្ធតែបានប្រយោជន៍ទើបមិនបង្រ្កាប ៕