អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចេញមុខ​អនុវត្តន៍ ស​.​ជ​.​ណ គណៈរដ្ឋមន្ត្រី​ប្រឆាំង​សម្តេច​តេជោ ហ៊ុន សែន​

ភ្នំពេញ​ ៖ ផ្ទៃ​ដី​ទំនាស់​នៅ​ភូមិ​កកាប ទំហំ​ជាង ៥​ហិកតា ត្រូវបាន​ម្ចាស់​ដី​ជា​ជនរងគ្រោះ​ធ្វើ​ពាក្យ​សុំ​ផ្តល់​ភស្តុតាង​បន្ថែម​ទៅ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ជា​ប្រយោជន៍​ដល់​លោក​រដ្ឋមន្ត្រី​ពិនិត្យ និង​ពិចារណា​ក្រោយពី​មាន​លិខិត​ជា​ផ្លូវការ របស់​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ ។​

​យោងតាម​លិខិត​ពាក្យសុំ​ផ្តល់​ភស្តុតាង​បន្ថែម​របស់​លោកស្រី ហួត សា​រុំ អាយុ ៦៤​ឆ្នាំ ចុះ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ គោរព​ជូន ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ស្នើសុំ មោឃភាព​លិខិត​លេខ ៣៨៩ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី ១៨ ខែ​មិនា ឆ្នាំ​២០០៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា ដោយ​លោក ប្រាក់ សុខុន  និង​សុំ​សិទ្ធិ​គ្រប់គ្រង​លើ​ផ្ទៃដី​ចំនួន ៥​ហិកតា ៦០​អា និង​១៣​ស​ង្ទី​អា ដែល​ស្ថិតនៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​នៅក្នុង​លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ឱ្យដឹងទៀតថា លោកស្រី ហួត សា​រុំ បាន​ស្នើ​ដល់ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ធ្វើការ​ទប់ស្កាត់​ហាមឃាត់​មិនឱ្យ​មាន​ការលក់ដូរ​ចាក់ដី​ធ្វើ​របង​ផ្ទេរសិទ្ធិ បញ្ចាំ​ធ្វើ​អំណោយ​បណ្តាំមរតក ឬ​ចាត់ចែង​ទៅ​ឱ្យ​អ្នកដទៃ ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ភព ១២៣១០ និង​លេខ ភព ១២៣១១ ចុះ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០០៩ របស់​ឈ្មោះ ឯម ឆន​, ឈ្មោះ ជា ផ​រ និង​ឈ្មោះ ឆន ធូ ដែល​ជា​ជន​មេក្លោង​បង្កើតឱ្យមាន វិវាទ​ដីធ្លី​រវាង​លោកស្រី ហួត សា​រុំ និង​ប្រជាពលរដ្ឋ ១២០​គ្រួសារ ។​

​គួរ​រំលឹក​ផងដែរ​ថា លោ​ស្រី ហួត សា​រុំ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា កាលពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ ដើម្បី​សម្តេច​បាន​ជ្រាប​ពិតប្រាកដ​អំពី​រឿង​រំលោភ​ដីធ្លី​មួយ​កន្លែង​នេះ ពិតប្រាកដ​ជា​ប្រយោជន៍​ដល់​លោក​ស្រី បាន​គ្រប់គ្រង​ដីធ្លី​នេះ​ឡើងវិញ ព្រោះ​លោក​ស្រី​បាន​អាស្រ័យ​ផល​លើដី​មួយ​កន្លែង​នេះ ចាប់តាំងពី​ឆ្នាំ ១៩៧៩ មក​ដោយ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចង់បាន ឬ​ដណ្តើម​យក​នោះ​ឡើយ ។ ដោយឡែក​មេភូមិ មេឃុំ ក៏​បាន​គាំទ្រ នឹង​បញ្ជាក់​ថា លោកស្រី ហួត សា​រុំ ពិតជា​បាន​កាន់កាប់​ចាប់ពី​ឆ្នាំ ១៩៧៩ រហូត​មក​ដែរ ។​

​នៅក្នុង​លិខិត​របស់ លោកស្រី ហួត សា​រុំ ដដែល​នោះ​បាន​បង្ហាញ​ឱ្យឃើញ​ទៀតថា ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ ៩៨៨ ខន​/០១៤ ចុះ​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ គោរព​ជូន​ទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ អ៊ឹម ឈុនលឹម ដើម្បី​ពិនិត្យ​សំណី​របស់ លោកស្រី ហួត សា​រុំ តាម​ការ​គួរ ។ ពាក្យបណ្តឹង​របស់ លោកស្រី ហួត សា​រុំ ទៅ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​អត្ថន័យ​ដូច​ពាក្យ​សុំ​ផ្តល់​ភស្តុតាង​បន្ថែម​ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដែរ គឺ​ស្នើ​សុំ​ទប់ស្កាត់​រាល់​សកម្មភាព ទាំងអស់​មិន​ទទួលស្គាល់​លិខិត​កាន់កាប់​អចលនវត្ថុ​របស់​មេក្លោង​ទាំង​បី​រូប និង​សុំ​កាន់កាប់​ផ្ទៃដី ៥​ហិកតា ៦០​អា និង​១៣​ស​ង្ទី​អា ដោយ​ស្របច្បាប់​ឡើងវិញ ។​

​លោកស្រី ហួត សា​រុំ បាន​មានប្រសាសន៍​ឱ្យដឹងថា ក្រោយ​ពី​លិខិត​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ រួចមក​នា​ថ្ងៃ​ទី ១៩ ខែ​កញ្ញា គណៈកម្មការ​ចម្រុះ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​អនុវត្តន៍​ស្មារតី​លិខិត​លេខ ៥៦៤ ស​ជណ ចុះ​ថ្ងៃ​ទី ២៨ ខែ​មិនា ឆ្នាំ​២០១៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​ចាក់​ដី​ធ្វើ​របង​ហ៊ុំព័ទ្ធ​លើ​ផ្ទៃដី​ទំនាស់​រំលោភ​ទៅលើ​លិខិត​របស់​ខុទ្ទកាល័យ សម្តេច​តេជោ ហ៊ុន សែន និង​សាលដីកា​របស់​តុលាការ រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​មាន​ការប្រែប្រួល​ផ្លាស់ប្តូរ​ស្ថានភាព​ដើម​ដែល​ជា​វាលស្រែ​មាន​សន្ទូង​កំពុង​លូតលាស់​ត្រូវបាន​ក្រុម ជន​មាន​អំណាច​ទឹកប្រាក់​ចាក់ដី​លុបបំបាត់​សភាព​ដើម​ដើម្បី​រំលោភ​យក ។ អ្វី​ដែល​មើល​ទៅ​ដែល​បង្ហាញ​នូវ​ភាព​ឃោរ ឃៅរ​បស់​ក្រុម​ជន​មាន​អំណាច​នោះ គឺ​ការប្រើប្រាស់​ក្រុម​ប្រដាប់អាវុធ​ចម្រុះ​ដេក​យាម​ការពារ​សកម្ម​ភាព ២៤​ម៉ោង លើ ២៤​ម៉ោង រំលោភច្បាប់ និង​រំលោភ​ទៅ លើ សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​មនុស្ស​ដែល​មាន​អំណាច​បុណ្យស័ក្តិ​និង​ប្រាក់​កាស​ទាំងអស់នោះ ៕

  hunsen_praksokhon2