លោក តាក សារិទ្ធ ពាក់ស័ក្តិ៤ ត្រួតត្រាថ្នាក់ដឹកនាំចាស់ៗ

ខេត្តព្រះសីហនុ ៖  បម្រើការងារជាមន្ត្រីនគរបាល មានអតីតភាពជាង ២០ឆ្នាំឬ ៣០ឆ្នាំ នៅស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងកើតជំងឺសតិអារម្មណ៍ មិន​សូវ​ចង់​ចូល​ប៊ុយ​រ៉ូ​ធ្វើ​ការ ដោយសារតែអំពើពុករលួយបក្ខពួកនិយមលើកបន្តុបខ្សែខ្លួនឯង ឲ្យឡើងកាន់ការងារធំៗ កន្លែងខ្លាញ់បង្កព្យុះភ្លៀងតាមតែអំពើចិត្ត ដូច​ជា​ករណី​លោក តាក សារិទ្ធ ត្រូវជាក្មួយ លោកស្នងការកំពុងក្តោបក្តាប់ការងារតែម្នាក់ឯង នៅក្នុងការិយាល័យប្រឆាំងបទល្មើស ជិះជាន់លើប្រធានការិយាល័យជំនាញទាំង៣ បង្កើតឲ្យមានភាពអសកម្ម គួរឲ្យព្រួយបារម្ភ ។បើតាមមន្ត្រីតូចតាច បានឲ្យដឹងថា លោក តាក សារិទ្ធ ទើបចូលធ្វើនគរបាល កាលពីប៉ុន្មានថ្ងៃមុនសោះ មានស័ក្តិ ៤ពាក់លើស្មា និងកាន់តំណែងជា​អនុប្រធាន​ការិយាល័យប្រឆាំងបទល្មើស មានសិទ្ធិអំណាចធំធេង គ្រប់គ្រងលើការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែលពេលខ្លះលោក តាក សារិទ្ធ បានប្រើអំណាចរបស់គាត់ទៅបំពានលើការងារ របស់ស្នងការរងដែលជា ប្រធានការិយាល័យផងដែរ។ កន្លងមកមន្ត្រីនគរបាលតូចតាចជាច្រើន ខឹងសម្បាចំពោះលោក ស្នងការ តាក វណ្ណថា ក៏ព្រោះតែភាពខុសឆ្គងរបស់លោក តាក សារិទ្ធ ដែលជាក្មួយសំណព្វចិត្តនោះឯង សមល្មមដល់ពេលដែលលោកស្នងការ តាក វណ្ណថា ពិនិត្យមើលភាពអនាធិបតេយ្យ ក្មួយសំណព្វចិត្តឡើងវិញហើយ។ ប្រជាពលរដ្ឋក៏បានសម្តែង ភាពក្តៅក្រហាយយ៉ាងខ្លាំង ចំពោះវត្តមានរបស់លោក តាក សារិទ្ធ ដែលឧស្សាហ៍នាំកម្លាំងនគរបាលចំនួន ៦នាក់ ចុះល្បាតតាមមូលដ្ឋានជាច្រើន ប៉ុន្តែមិនដែលមានមុខទៅ បង្ក្រាបជំនួញគ្រឿងញៀន ដែលកំពុងរីកដុះដាលយ៉ាងអនាធិបតេយ្យនោះទេ ដូចជាមេឈ្មួញនៅសង្កាត់លេខ៤ ឈ្មោះ រិទ្ធ មានប្រពន្ធឈ្មោះ ចន្ធូ បានរកស៊ីចែកចាយគ្រឿងញៀនយ៉ាងឆ្វេចឆ្វាច ស្រដៀងនឹងការលក់ស្ករគ្រាប់ គឺមិនដែលមានការបង្ក្រាបទេ ក៏ព្រោះតែពួកគេមានទំនាក់ទំនងល្អ ជាមួយលោក តាក សារិទ្ធ។លោក តាក សារិទ្ធ បានប្រើអំណាចរបស់ខ្លួន ទៅបង្កើតក្លឹបល្បែងភ្នាល់បាល់ទាត់ វង់បៀ វង់អាប៉ោង ដ៏ធំមួយកន្លែងនៅក្រោយភោជនីយដ្ឋាន ជាង លីម ក្នុងសង្កាត់លេខ៤ យ៉ាងគឃ្លើនបំផុតគ្មានកោតក្រែងញញើត អភិបាលខេត្តសូម្បីតែបន្តិច។ លោក តាក សារិទ្ធ ដែលមានខ្សែទុយោ ជាអ្នកមានលុយមានអំណាច គាត់ឡើងស័ក្តិ ១ឆ្នាំដល់ទៅ ៣ដង និងអាចមានឱកាសកាន់តំណែងខ្លាញ់ ហើយយកតំណែងនិងតួនាទីរបស់ខ្លួន ទៅប្រព្រឹត្តអំពើល្មើសច្បាប់ ដើម្បីយកលុយមកច្រកហោប៉ៅ គ្មានក្រែងញញើតវិធានការរឹតបន្តឹងរបស់ថ្នាក់លើ ៕

ab27_825b84b30dad607db5bbc7ec7ef0317a