ខេត្តមណ្ឌលគិរី ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ព្រៃការពារ ដោយមេការក្រុមហ៊ុន ទ្រី ភាព គឺលោក ហាក់ សុខគាដែលមានឃ្លាំងស្តុកឈើ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាប្រភេទឈើប្រណីត បានកើតឡើងគួរឲ្យញាក់សាច់។ លោក ហាក់ សុខគា បានប្រើឡានរ៉េវរាប់សិបគ្រឿងដឹកឈើប្រណីត ចេញពីស្រុកពេជ្រាដា និងស្រុកកោះញែកនាំយកទៅលក់ នៅប្រទេសវៀតណាម ក្នុងនាមជាតំណាង ឱ្យក្រុមហ៊ុន ទ្រី ភាពគ្មាននរណា ហ៊ានប៉ះពាល់ ។
ច្រើនឆ្នាំមកហើយ ដែលលោក ហាក់ សុខគាមាន ឋានន្តរស័ក្តិ ក្នុងក្របខណ្ឌនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប៉ុន្តែលោក ហាក់សុខគា មិនសូវបង្ហាញវត្តមាន ក្នុងប៊ុយរ៉ូធ្វើការនោះទេគឺគាត់បានដើរតួជា ឈ្មួញកណ្តាលក្នុងការកេណ្ឌប្រមូល ប្រជាពលរដ្ឋក្រីក្រ ឲ្យចូលព្រៃកាប់ឈើប្រណីតនិងឈរជើង ចាំប្រមូលទិញឈើយកទៅលក់ឲ្យក្រុមហ៊ុនទ្រី ភាព ល្បីពេញខេត្តមណ្ឌលគិរី ។
សកម្មភាពនៃបទល្មើសព្រៃឈើ ដែលជ្រកក្រោមស្លាកដឹកជញ្ជូនឈើស្របច្បាប់ របស់លោក ហាក់ សុខគា អាចប្រព្រឹត្តិទៅបានគឺមានការពាក់ព័ន្ធ យ៉ាងជិតស្និទ្ធបំផុត ជាមួយអាជ្ញាធរដែនដីរួមទាំងមន្ត្រីជំនាញមេព្រៃ ថ្នាក់ខេត្តផងដែរ។ ហើយបទឧក្រិដ្ឋបំផ្លាញព្រៃឈើ របស់លោក ហាក់ សុខគា អាចប្រព្រឹត្តិទៅបានពិតជាមានអ្នកឈរពីក្រោយ ។ដូចដែលប្រភពមួយចំនួនបានបញ្ជាក់ថា សុទ្ធតែមានផ្កាយពាក់ពេញស្មា ទើបលោក ហាក់សុខគា មិនដែលខ្វល់ពីចំណាត់ការ របស់ប្រមុខរាជរដ្ឋាភិបាលឡើយ។
ពាក់ព័ន្ធករណីដែលលោក ហាក់ សុខគា ដែលជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទៅធ្វើជាឈ្មួញកណ្តាលរកស៊ីកាប់បំផ្លាញប្រមូលទិញឈើប្រណីត ឬធ្វើជាមេការ ប្រមូលទិញឈើផ្តាច់មុខក្នុងខេត្តមណ្ឌលគិរី ឲ្យក្រុមហ៊ុន ទ្រី ភាព មិនមានអ្វីលាក់បាំងទេ។លោក ហាក់ សុខគា ធ្លាប់ត្រូវបាន នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បម្រើការងារក្នុងក្របខណ្ឌ ជាមួយគ្នា ចាប់ឃាត់ខ្លួនទាក់ទិន បទល្មើសព្រៃឈើផងដែរ ប៉ុន្តែលោក ហាក់ សុខគា នៅតែគ្មានបញ្ហាប្រឈមចំពោះផ្លូវច្បាប់ណាមួយនោះទេ ៕