ខេត្តត្បូងឃ្មុំ ៖ អ្នករកស៊ីដឹកទំនិញ បានឲ្យដឹងថា ចាប់ពីចំណុច ទីរួមខេត្តត្បូងឃ្មុំដល់ព្រំប្រទល់ ខេត្តកំពង់ចាម មានកុងត្រូលចំនួន ៣ កន្លែងទ្រង់ទ្រាយធំនិងបំបែកជា២ បន្ថែមទៀត កាន់តែបង្កផលលំបាកដល់ ប្រជាពលរដ្ឋនិងអ្នករកស៊ីដឹកទំនិញដែលត្រូវបង់លុយជូនពូកគាត់ បន្តកន្ទុយគ្នា។អ្នករកស៊ីដឹកទំនិញ បានអោយដឹងថា ទីតាំងកុងត្រូលជជុះរបស់សមត្ថកិច្ចនគរបាល ខេត្តត្បូងឃ្មុំ រួមមានទី១- នៅចំណុចភូមិចំការគរឃុំដារ ស្រុកមេមត់ ដោយមានឈ្មោះ ម៉ៅ សុខុន ត្រូវជាក្មួយលោកស្នងការគ្រប់គ្រងនៅទីនោះ ហើយបុគ្គលរូបនេះប្រកបដោយឥទ្ធិពលបំផុតលើការគ្រប់គ្រងកុងត្រូលជជុះ រហូតពង្រីកកុងត្រូលចំនួន ២បន្ថែមទៀត ទី១-ស្ថិតនៅគល់ស្ពានជ្រាវនិងទី២-ស្ថិតនៅច្រកចូល ប៉ុស្តិ៍ចាន់មូល ជាមួយនឹងឈ្មោះ ទូច សម្បត្តិ ។
កុងត្រូលរបស់សមត្ថកិច្ចនគរបាល ចំនួន ៣ទៅ៥ កន្លែងត្រូវបានដាក់ពង្រាយ យ៉ាងអនាធិបតេយ្យតាមកំណាត់ផ្លូវជាតិលេខ៧ ក្រោមរូបភាពការពារសន្តិសុខសណ្តាប់ធ្នាប់ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ តែធាតុពិតជាកុងត្រូលជជុះ ចាំយកប្រាក់ពីអ្នករកស៊ីដឹកទំនិញ និងប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូនកសិផល ធ្វើឲ្យប្រជាពលរដ្ឋរិះគន់ ដល់លោក ប្រាជ្ញ ច័ន្ទដែលគ្មានវិធានការលុបបំបាត់ អោយស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល។
ទីតាំងទី២-នៅចំណុចភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែកដឹកនាំដោយឈ្មោះ ឡេង ចិត្រាអ្នកបើករថយន្ត អោយលោកអភិបាលខេត្តហើយកុងត្រូលជជុះនេះ មានចំងាយមិនលើសពី ១៥០ម៉ែត្រខាងកើតសាលាខេត្តត្បូងឃ្មុំ និង ទី៣-មានទីតាំងស្ថិតនៅសង្កាត់វិហារហ្លួង ក្រុងសួង ដឹកនាំដោយឈ្មោះ លី សុវណ្ណា ។កុងត្រូលជជុះទាំងនោះ លោក គង់ វិចិត្រ ជាអ្នកគ្រប់គ្រងចំណូលសម្រាប់ជាសេដ្ឋកិច្ច យកទៅបង់ជូន មេនគរបាលខេត្ត ហើយលោក ឡេង ចិត្រាជាអ្នករកចំណូលបង់ឲ្យ ថ្នាក់ដឹកនាំខេត្ត ប៉ុន្តែករណីលោក ឡេង ចិត្រាជាទម្លាប់យកឈ្មោះអភិបាលខេត្តប្រើជាយូរយារណាស់ទៅហើយ ។
ជារឿយៗលោក ឡេង ចិត្រា បានគាបសង្កត់ឈ្មួញ អោយបង់លុយ ឬប្រជាពលរដ្ឋដឹកជញ្ជូនកសិផលទៅលក់ នៅប្រទេសវៀតណាម ដោយអះអាងថាខ្លួនអនុវត្តតាមបទបញ្ជា របស់ថ្នាក់ខេត្ត ។ ការពិតលោក ប្រាជ្ញចន្ទ ជាញឹកញាប់ បានក្រើនរំលឹកអោយលុបបំបាត់ កុងត្រូលខុសច្បាប់ចុះហេតុអ្វីបានជា អស់លោកទាំងនោះ ចូលចិត្តឆក់ឱកាស បង្កើតកុងត្រូលជជុះដើម្បីទាញរកលាភសក្ការ ទាំងបំពានច្បាប់ទៅវិញ ។ ដូច្នេះសូមលោកអភិបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យមើលបញ្ហានេះឡើងវិញផងមិនគួរបណ្តែតបណ្តោយឲ្យមន្ត្រីដាក់ កុងត្រូលជជុះ តាមតែអំពើចិត្ត៕