លោកឡាយ ខុម ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ​គ្រប់​ប្រភេទ​ខុស​ច្បាប់

លោក ឡាយ ខុម មេបញ្ជាការរងវរៈការពារព្រំដែនគោកលេខ ៨១៧ ស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង រហូតដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃុបឃិតឱ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ឆ្លងកាត់ ព្រំដែនយ៉ាងអនាធិបតេយ្យបំផុត គ្មានក្រែងញញើតពីច្បាប់ទម្លាប់ ឬការរឹតបន្តឹងរបស់ថ្នាក់លើនោះទេ ហើយផលប្រយោជន៍ដែលប្រមូលបានទួំនងជាលោកចាត់ចែងទៅ ថ្នាក់លើខ្លះ ហើយមើលទៅបានជាអ្វីៗចេះតែរលូនល្អ មិនដែលមានការដាក់ពិន័យ ។ប្រភពប្រជាពលរដ្ឋបានបញ្ជាក់ថា លោក ឡាយ ខុម ជាមេបញ្ជាការរងវរៈការពារព្រំដែន គោកលេខ ៨១៧ ក៏ពិតមែន ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ដូច្នេះគាត់មានសិទ្ធិអំណាច ដើម្បីប្រមូលលុយយកទៅទ្រទ្រង់ឆ្នាំងបាយថ្នាក់ លើ ហើយជាធម្មតាអ្នកកាន់ការងារលុយកាក់ តែងតែមានឥទ្ធិពលអំណាចចង់ខ្លាំងជាង មេវរៈការពារព្រំដែនគោកលេខ ៨១៧ ទៅទៀត ។ប្រភពបានបន្តថា លោក ឡាយ ខុម គឺជាមនុស្សមានអាជីពជាអ្នក ប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីនាំចូល ទំនិញគេចពន្ធ គ្រប់ប្រភេទមកពីស្រុកថៃ ធ្វើឱ្យ ខាតបង់ចំណូល ថវិកាជាតិច្រើនសន្ធឹកសន្ធាប់ ហើយបទបញ្ជារបស់រាជ រដ្ឋាភិបាលរួមទាំងសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិលោក ឡាយ ខុម មិនខ្វល់ខ្វាយអ្វីទាំងអស់ ធ្វើយ៉ាងណាឱ្យតែគាត់អាចប្រមូលលុយយកទៅច្រក ហៅប៉ៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន ។ដូចជា ឡាយ ខុម ពីចំណុចព្រំប្រទល់ស្រុកភ្នំព្រឹក រហូតដល់ស្រុកម៉ាឡៃ គេសង្កេតឃើញមានច្រករបៀង ខុសច្បាប់ចំនួន ៨កន្លែង សុទ្ធសឹងតែជាចំណុចយុទ្ធសាស្ត្រដែលក្រុមឈ្មួញធំៗប្រើប្រាស់ ក្នុងការដឹកជញ្ជូនទំនិញគេចពន្ធគ្រប់ប្រភេទ មានដូចជា គ្រឿងសំណង់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ហ្គាស ជ្រូកក្រហម មាន់កសិកម្ម ចំណីអាហារ មានសារធាតុគីមី និងខូចគុណភាព ក៏ត្រូវបាននាំចូលតាមច្រករបៀងទាំង ៨កន្លែងនោះ យ៉ាងអនាធិបតេយ្យបំផុត ។ ដោយសារលោក ឡាយ ខុម បានបើកភ្លើងខៀវឱ្យក្រុមឈ្មួញលួចនាំចូលទំនិញ គេចពន្ធយ៉ាងអនាធិបតេយ្យហើយនោះ គេសង្កេតឃើញជំនាញគយ និងសមត្ថកិច្ចមួយចំនួនទៀត គ្រាន់តែជាជើង ក្រោយប៉ុណ្ណោះ អាចនិយាយបានថា  លោក ឡាយ ខុមគឺជាអ្នកបោះមេក្នុងការបែងចែកលុយកាក់ឱ្យសមត្ថកិច្ចជំនួស ក្រុមឈ្មួញ ។ផ្ទុយទៅវិញ ឡាយ ខុម មិនត្រឹមតែជាអ្នកក្តោបក្តាប់ការងារសេដ្ឋកិច្ចលុយកាក់ប្រចាំអង្គភាព វរៈការពារព្រំដែនគោក លេខ ៨១៧ ប៉ុណ្ណោះទេ គឺលោកត្រូវគេដឹងថា ជាមេឈ្មួញជួញដូរប្រព្រឹត្តបទល្មើសឆ្លងកាត់ព្រំដែន ដែលហ៊ានចេញមុខ ចេញមាត់ខ្លាំងជាងគេផងដែរ ។ ជាពិសេសនៅលើទឹកដីស្រុកសំពៅលូន ខេត្តបាត់ដំបង គេសង្កេតឃើញមុខជំនួញរកស៊ី ខុសច្បាប់ ឬការនាំចូលទំនិញគេចពន្ធជាច្រើនសុទ្ធតែពាក់ព័ន្ធជាមួយលោក ឡាយ ខុម ជាអ្នកចេញមុខរត់ការបោះមេ បែងចែកលុយឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ។

 g90_bab0c6fb472b0ab0f04492cee6732fdc