លិខិត​បេសកម្ម​ពី​អគ្គស្នងការ​នគរ​បាល​ជាតិធ្វើ​ឲ្យ​​លោក ទូច យុទ្ធា រកស៊ី​មាន​បាន​ខ្លួន​ឯង

អគ្គ​​ស្នង​​ការ​នគរ​​បាល​​​ជាតិនៃក្រសួងមហាផ្ទៃ​ចេញលិខិតបេសកកម្មឲ្យលោកទូច យុទ្ធា​​​ដឹកនាំ​​​កម្លាំង នគរបាល​​​សេដ្ឋកិច្ច ក្រសួង​​មហាផ្ទៃ ចុះ​​ទៅ​ស្រាវជ្រាវ​​​ដើម្បី បង្ការ​​​បង្ក្រាប បទ​​ល្មើស​​​ផ្សេងៗ នៅ​​ក្នុង​​​ខេត្ត​​កំពង់ឆ្នាំងនិង​ខេត្តពោធិ៍សាត់  ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង លោក ទូច យុ​ទ្ធា មិនបាន​បំពេញការងារ​របស់ខ្លួន ឲ្យ​ស្របតាម​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ ឃើញតែ​ដាក់ពង្រាយ​នគរបាល​ក្រោម​ឱវាទ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ និង​ដើរ​កោសរូស​ក្រុម​ឈ្មួញ​ឲ្យ​បង់លុយ​ទៅតាម​តែ​អំពើ​ចិត្ត​របស់​ពួកគេ ហើយ​គេ​មិនដឹងថា មន្ត្រីនគរបាល​សេដ្ឋកិច្ច​អស់ទាំងនោះ បង់លុយ​ឲ្យ​លោក ទូច យុ​ទ្ធា ដែលជា​ប្រធាន​ក្រុមនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ប៉ុន្មាន​នោះទេ​ក្នុង​១​ខែៗ ទើប​ពួកគេ​អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ។

​តាមមជ្ឍឹមដ្ឋានប្រាប់ថា ក្រុមនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែលជា​កូនចៅ​របស់លោក ទូច យុ​ទ្ធា បាន​ដើរ​អុកឡុក​ជំរិត​ទារប្រាក់​ពី​ឧស​ថ​ស្ថាន និង​សិប្បកម្ម​កែច្នៃ​ឈើ​មួយចំនួនទាំង​នៅក្នុង​ក្រុង និង​តាម​បណ្តា​ស្រុក​នានា ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ គេ​មិនដឹងថា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​អស់ទាំងនោះ​ទទួលបាន​គោលការណ៍​ពី​ណា​នោះទេ​ ។

ម្ចាស់​សិប្បកម្ម​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រី​របស់លោក ទូច យុ​ទ្ធា បាន​កោសរូស​ឲ្យ​ពួកគេ​បង់លុយ​ចាប់ពី ៣០០​ទៅ​៥០០​ដុល្លារ​អាមេរិក ហើយ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ មាន​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​រាប់រយ​កន្លែង​មិនដឹង​ជា​មន្ត្រី​របស់លោក ទូច យុ​ទ្ធា ប្រមូលប្រាក់​យកទៅ​ណា​អស់​ទេ ហើយ​សម្រាប់​ម្ចាស់​សិប្បកម្ម​និង​ម្ចាស់​ដេប៉ូ​លក់​ឈើ​មួយចំនួន​ប្រសិនបើ​មិន​ព្រម​បង់លុយ​ទៅតាម​ការទាមទារ​រប​ស់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ទាំង​នោះទេ អាច​រង​នូវ​ការបង្ក្រាប ឬ បញ្ហា​ផ្សេងៗ​ចៀស​មិន​ផុត​ឡើយ​។​ប្រភពព័ត៌មានខ្លះបង្ហើបឲ្យដឹងថា តាម​ឱសថស្ថាន និង​មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​មួយចំនួន ក៏​សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ជូន​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃរ​ប​ស់លោក ទូច យុ​ទ្ធា ផងដែរ ហើយ​វា​ជា​រឿង​ចម្លែក​បំផុត​ដែល​នគរបាល​សេដ្ឋកិច្ច​របស់លោក ទូច យុ​ទ្ធា មាន​ភារកិច្ច​ដើរ​កោសរូស​ទារលុយ​ពី​តាម​ម្ចាស់​ឱសថស្ថាន ម្ចាស់​លក់​គ្រឿងសំអាង​និង​តាម​មន្ទីរ​ព្យាបាល​ជំងឺ​មួយចំនួន  ព្រោះ​តួនាទី​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គ្រាន់តែ​ចុះមក​ស្រង់​ស្ថិតិ​ធ្វើ​របាយការណ៍ ហើយ​បើ​រកឃើញ​បទល្មើស​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ ដើម្បី​សុំ​កម្លាំង​សហការ​ចុះបង្ក្រាប​បទល្មើស​ប៉ុណ្ណោះ មិនមាន​តួនាទី​អ្វី​ចុះ​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះទេ​។

អ្នករស់នៅក្នុង ​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏បាន​លួច​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ពួកគេ​មាន​រោង​ច្រៀក​ឈើ​ប្រើ​ដោយ​ម៉ាស៊ីន​គោយន្ត​ចំនួន​៣​គ្រឿង ក៏​ត្រូវបាន​ក្រុមនគរបាល​សេដ្ឋកិច្ច​របស់លោក ទូច យុ​ទ្ធា កោសរូស​ឲ្យ​បង់លុយ​ចាប់ពី ២០០​ទៅ​៣០០​ដុល្លារ បើ​គ្មាន​ប្រា​ក់បង់​តាម​ការទាមទារ​ទេ ពួកគេ​នឹង​រឹបអូស​យក​ម៉ាស៊ីន​ច្រៀក​ឈើ និង​ឈើ​ដែលមាន​នៅក្នុង​រោង​ទាំងនោះ ហើយ​ផ្អាក​មិន​ឲ្យ​មានដំណើរ​ការបន្ត ដូច្នេះ​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​តូច​ទាំង​ធំ ទាំង​មានច្បាប់​និង​អត់​ច្បាប់​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​របស់លោក ទូច យុ​ទ្ធា ទាំង​ទើសទាល់​បំផុត​។  សូម្បីតែ​រ៉ឺម៉ក​ដឹកឈើក៏មិនលើកលែងឲ្យដែរគ្រាន់តែដឹក ចេញពី​តាម​សិប្បកម្ម​មួយចំនួន​យកទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ក្រុមឈ្មួញ​ប្រមូល​ទិញ​ឈើ​យកទៅលក់​នៅតាម​ដេប៉ូ​មួយចំនួន​ក្នុង​ក្រុង​កំពង់ឆ្នាំង​ក៏​ទទួលរង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់ប្រាក់​ចាប់ពី ៣០០​ទៅ​៥០០​ដុល្លារ​អាមេរិក នៅពេលដែល​ពួកគេ​ចុះទៅ​ដល់ទី​តាំង​ម្តងៗ​ដោយ​លើកឡើង​អំពី​បញ្ហា​ដោះស្រាយ​បាយទឹក ឬ​សោហ៊ុយ​សាំង​សម្រាប់​ពួកគេ ហើយ​ប្រសិនបើ​មិនមាន​លុយ​បង់​ទេ នគរបាល​សេដ្ឋកិច្ច​របស់លោក ទូច យុ​ទ្ធា មាន​វិធី​កោសរូស​បង្ក​ឲ្យ​មាន​បញ្ហា​ចៀស​មិន​ផុត​ឡើយ​។​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្រុម​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ពោ​ធិ័​សាត់ បាន​ទទូច​សុំ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ពិនិត្យមើល​លក្ខណសម្បត្តិ​របស់លោក ទូច យុ​ទ្ធា ឡើងវិញ​ផង ព្រោះ​ពួកគេ​កំពុង​អុកឡុក​ក្រុម​ឈ្មួញ និង​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​៕

Touch_Yuthear_01