ថ្មីៗគេរាយការណ៍ឱ្យដឹងថា នគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលឈរជើងនៅចំណុច ខាងត្បូងផ្លូវជាតិលេខ ៥ ក្រោមការគ្រប់គ្រងនិងបញ្ជាផ្ទាល់ដោយលោក ហាំ វណ្ណៈ បានបណ្តែតបណ្តោយឱ្យកូនចៅក្រោមឱវាទឃុបឃិត ជាមួយឈ្មួញនាំទំនិញគេចពន្ធ ចេញចូលតាមច្រករបៀងដូចគេហែកឋិនទាំងថ្ងៃទាំងយប់។ ហើយដែលមន្ត្រីប៉ុស្តិ៍ច្រក របៀងនីមួយៗ បែរជាសប្បាយនឹងរាប់ក្បាលឡាន ដឹកទំនិញគេចពន្ធយកលុយច្រកហោប៉ៅយ៉ាងសប្បាយដៃបំផុតទៅវិញ ។
លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ ៨៩១ បានឃុបឃិតឱ្យមានការ នាំចូលបទល្មើសទំនិញគេចពន្ធ ទំនិញក្តៅ និងទំនិញលោតឆ័ត្រខុសច្បាប់ដែលរដ្ឋាភិបាលហាមនាំចូលមួយចំនួនទៀត កំពុងសម្រុកនាំចូលយ៉ាងសកម្មបំផុតឆ្លៀតឱកាសដែលរដ្ឋាភិបាលកំពុងតែ មមាញឹកនិងឈឺក្បាល និងរដ្ឋាភិបាលថៃ ។
តាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតបានឲដឺងថា ទំនិញគេចពន្ធនាំចូលពីប្រទេសថៃ កំពុងតែសម្រុកដឹកជញ្ជូននាំចូលទាំងយប់ទាំង ថ្ងៃចូលតាមច្រកនានាក្នុងភូមិសាស្ត្រ ខ្សែបន្ទាត់ព្រំដែនឈរជើងរបស់ វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ក្រោមការគ្រប់គ្រងរបស់លោក ហាំ វណ្ណៈ ជាមេបញ្ជាការ ។
សកម្មភាពសម្រុកដឹកជញ្ជូនទំនិញសព្វសារពើឆ្លងដែនពីប្រទេសថៃ មានសភាពខ្លាំងក្លាខុសពីសព្វមួយដង ដោយគ្មានការទប់ស្កាត់បង្ក្រាបបន្តិចណាសោះពីមន្ត្រីជំនាញនានា ជាពិសេសក្រុមមន្ត្រីនគរបាលរបស់លោក ហាំ វណ្ណៈ ដែលកំពុងឈរជើងគ្រប់ប៉ុស្តិ៍តាមច្រករបៀងទាំងអស់នោះ គឺគេឃើញរាល់បទល្មើសទំនិញគេចពន្ធ កំពុងតែមមាញឹក សម្រុកនាំចូល ។
គេសង្កេតឃើញថា ចាប់ពីចំណុចមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ ច្រកអូរល្ហុងក្នុងភូមិសាស្ត្រខាងត្បូងផ្លូវ ជាតិលេខ ៥ គឺលោក ហាំ វណ្ណៈ បានបណ្តាក់រាយកូនចៅតាមច្រកចេញចូល តាមបន្ទាត់ព្រំដែនដូចខ្យង ដូចជាលោក ណុលម៉ាប់ហៅស្តេចខ្លាធំ បុរសមាឌធំខ្មៅម្នាក់នេះជាមេប៉ុស្តិ៍ប្រចាំច្រកដើមពោធិ៍ មានបើកដៃអោយពលករខ្មែ រលួចឆ្លងដែនខុសច្បាប់ផងដែរ នៅពេលដែលអាជ្ញាធរកំពុងទប់ស្កាត់ការនាំចេញពលករខុសច្បាប់នេះ ។ នៅចំណុចច្រកបុរីថ្មីស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែតច្រកនេះគ្រប់គ្រងដោយលោក ភោគ វិបុល បុរសមុខប្រជាប្រិយមានរហស្សនាមថាផ្ការីកគ្រប់រដូវ ច្រកមួយនេះគេអាចនិយាយបានថា ជាប៉ុស្តិ៍ក្តៅលេខ១ សម្រាប់វរៈការពារព្រំដែនគោកលេខ៨៩១ ពីព្រោះលោក ភោគ វិបុល មានជំនាញខាងកាប់ដាវក្នុងការនាំទំនិញល្អៗ គេចពន្ធចូលដូចជាហ្គាសគេចពន្ធជាដើម ។
ឯឈ្មោះ លោក ភោគ វិបុល នេះគឺបានធ្លាប់នាំទំនិញឆ្លងដែន ដែលត្រូវបានមន្ត្រីជំនាញនានាចុះចាប់និងទប់ស្កាត់ ជាច្រើនដងនាពេលកន្លងមក ដូចជាចុងអង្ករសត្វមាន់រស់ ធុងហ្គាសតាមអំពើចិត្ត ហើយធ្លាប់ត្រូវបានមន្ត្រីជំនាញចុះ ចាប់ជាច្រើនលើកច្រើនសា។ ប៉ុន្តែបើទោះជាមានការបង្ក្រាបជាច្រើនផងក៏ដោយក៏គេឃើញលោក ភោគ វិបុល កាន់តែប្រព្រឹត្តបទល្មើសលើសដើមទៅទៀតដោយគ្មានញញើតច្បាប់ប្រឆាំង អំពើពុករលួយឡើយ ។
ច្រករបៀងមួយទៀតគឺច្រកដើមអង្គ្រង ដែលគ្រប់គ្រងដោយលោក សុខ គឿនដែលជាកូនចៅ លោក ភោគ វិបុល មានជំនាញខាងនាំសត្វមាន់រស់ និងស៊ុតមាន់ទាខុសច្បាប់ជង្គង់មាន់មីនខុសច្បាប់ និងបក្សាបក្សីគ្រប់ប្រភេទ ពីប្រទេសថៃចូលទឹកដីខ្មែរ គ្មានការត្រួតពិនិត្យពីមន្ត្រីពេទ្យសត្វអ្វីឡើយ ។
បញ្ហានេះបានបង្កអោយមានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព ប្រជាពលរដ្ឋខ្មែរងាយឆ្លងជំងឺផ្តាសាយបក្សី។ ហើយក្រៅពីច្រករបៀងខាងលើនេះនៅមានច្រករបៀងជាច្រើនទៀតដែលកំពុង ប្រព្រឹត្តបទល្មើសបំពានច្បាប់ រដ្ឋាភិបាលហាមឃាត់ហើយដែលទង្វើដូចៗគ្នាបែបនេះ គេមិនគួរមើលរំលងទង្វើរបស់ ហាំ វណ្ណៈ នោះទេ !។
បើតាមការបណ្តែតបណ្តោយឱ្យមានការរត់ពន្ធទំនិញដ៏ច្រើន សន្ធឹកសន្ធាប់ដែល គ្មានវិធានការទប់ស្កាត់ពីប្រធាន អង្គភាព លោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បែបនេះគឺបានធ្វើឱ្យ រដ្ឋបាត់ចំណូលពន្ធជាច្រើនលានដុល្លារក្នុង ១ខែៗ។ ប្រការនេះទាមទារឱ្យមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់លើមាន វិធានការលុបបំបាត់ជាបន្ទាន់ ឬចុះពិនិត្យ និងហៅលោក ហាំ វណ្ណៈ ទៅដុះក្អែលផង ព្រោះថា ទង្វើរបស់លោក ហាំ វណ្ណៈ ៕