តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ បាន និងកំពុងតែសម្រុកកាប់បំផ្លាញព្រៃឈើស្ទើររលាយសាបសូន្យក្នុងបរិវេណ ក្រុមហ៊ុននិងក្រៅក្រុមហ៊ុន ហើយពួកគេតែងតែ ប្រើប្រាស់រថយន្តខ្នាតយក្សធំៗដឹកជញ្ជូនឈើរាប់សិបតោន លើសទម្ងន់ពីច្បាប់កំណត់ដែលជាការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរបំផុតទៅលើ ផ្លូវជាតិ ផ្លូវថ្នល់ឬផ្លូវលំនានា ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ទង្វើអស់ទាំងនេះត្រូវប្រជាពលរដ្ឋ បាននិយាយថា វាជាការផ្គើន ឬប្រមាថមើលងាយចំពោះបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ។
ប្រភពបានរាយការណ៍មកថា កន្លងមកក្រុមហ៊ុន សុខ សំណាង ស្អី គេនោះ មិនមានអាជ្ញាប័ណ្ណអ្វី ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្នុងការ វិនិយោគផ្នែកវិស័យកសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូនោះទេ ប៉ុន្តែក្រុមហ៊ុននេះ បានឃុបឃិតគ្នា ជាមួយក្រុមហ៊ុន២ទៀត គឺក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែល មានទីតាំង នៅស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដើម្បីចែកលាភ សក្ការៈគ្នាចំណេញកេងលើរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ។
ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីក្រុមហ៊ុន សុខ សំណាង បានទទួលសិទ្ធិស្ងាត់ៗ ពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុនទំរីង រ៉ាប់ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន ចាប់ផ្តើមសម្រុក កាប់បំផ្លាញព្រៃឈើ និងប្រមូលទិញឈើក្រៅបរិវេណក្រុមហ៊ុន ដូចជាឈើលេខ១, ឈើលេខ២រួមទាំងឈើគ្រញូងផងដែរ ។ ឈើទាំងឡាយ ដែលក្រុមហ៊ុននេះ កាប់បាននិងប្រមូលទិញបាន គេតែងតែដឹកជញ្ជូនចែកចាយលក់នៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗ ដូចជាខេត្តសៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, កំពង់ធំ, កំពងចាម, ព្រៃវែង, ស្វាយរៀងនិងខេត្តមួយទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះ មានមជ្ឈដ្ឋានជាច្រើន បាននិយាយថានៅក្នុងសម័យតេជោនេះ គេមិនដឹងថា តើមានក្រុមហ៊ុន ចំនួនប៉ុន្មានទេដែលរត់ការបានសិទ្ធិ វិនិយោគលើដីសម្បទាន អភិវឌ្ឈន៍ស្អីៗត្រឹមត្រូវពីរាជរដ្ឋាភិបាលហើយ ពួកគេបែរជាយកឡៃសិន (License) នោះទៅគួកជេរលក់បន្ត ទៅឲ្យក្រុមហ៊ុនផ្សេងៗ ជាភាគីទី២ ឬទី៣ទៀតដែលមិនមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់សោះទៅវិញ? តើទង្វើបែបនេះអាចចាត់ទុកថា ជាការក្បត់ទំនុកចិត្ត ឬជាការរំលោភបំពានឬជាការក្បត់កិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលដែរឬទេ? ឬមួយរាជរដ្ឋាភិបាល ជាអ្នកអនុញ្ញាតិឲ្យធ្វើបែបនេះ? បើធ្វើអញ្ចឹងបានតាមចិត្ត ប្រហែលជាអាណត្តិនេះនឹងមានអ្នកមានលុយច្រើន បើកជាក្រុមហ៊ុនមួយក្នុងការបម្រើសេវាកម្មរត់ការ និងលក់ឡៃសិន គ្រប់ប្រភេទហើយ ។
ផ្ទុយទៅវិញ បើមិនអីចឹងទេ រាជរដ្ឋាភិបាល ត្រូវតែដកយកសិទ្ធិពីក្រុមហ៊ុនទាំងនោះ មកវិញទាំងអស់… ហើយក៍ត្រូវដាក់ទោសឲ្យធ្ងន់ធ្ងរទៅលើ ម្ចាស់ក្រុហ៊ុនតាំងនោះដែរ ដូចជាក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែលបានលក់សិទ្ធិកាប់ឈើ ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ទៅឲ្យក្រុមហ៊ុន សុខ សំណាង៕