ចាប់តាំងពីលោក ទួន សុគន្ធទ្បើងកាន់តំណែងជាប្រធានមន្ទីរពេលណាបានប្រើប្រាស់តួនាទី របស់ខ្លួនស្វែងរកផលប្រយោជន៍ដោយគ្មានអៀនខ្មាស។ ប្រភពបានឲ្យដឹងទៀតថាមន្ត្រីគណនេយ្យតាមបណ្តាមន្ទីរនានាជុំវិញ ខេត្តនិងម្ចាស់ក្រុមហ៊ុនមួយចំនួនដែលរកស៊ីនៅក្នុងខេត្តព្រៃវែងបាន រិះគន់លោក ទួន សុគន្ធពីរឿងពូកែទារប្រាក់ទឹកតែហើយថែមទាំងមានល្បិចកលក្នុងការ គាបសង្កត់លើមន្ត្រីគណនេយ្យតាមមន្ទីរនានានិងតាមក្រុមហ៊ុនដែល ទទួលបានសិទ្ធិផ្គត់ផ្គង់សម្ភារៈសម្រាប់មន្ទីរនានាយ៉ាងប៉ិនប្រសប់។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យមើលអំពើអាក្រក់របស់ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តព្រៃវែង ជាបន្ទាន់ ។
មន្ត្រីរាជការបានឲ្យដឹងថា រាល់ការរត់ឯកសារសុំដកសាច់ប្រាក់របស់ខ្លួនដោយត្រូវឆ្លងកាត់ការស៊ី ញ៉េរបស់លោក ទួនសុគន្ធគឺសាមីមន្ទីរទាំងនោះត្រូវចំណាយប្រាក់ទឹកតែមួយផ្នែកទៅ លោកទួន សុគន្ធ និងមន្ត្រីជំនាញនៅការិយាល័យថវិកា។ការទាមទារប្រាក់ទឹកតែត្រូវបាន កំណត់តម្លៃសេវាទៅតាមទំហំសាច់ប្រាក់របស់មន្ទីរអង្គភាពនិមួយៗហើយ ប្រាក់ដែលគេទាមទារសេវាទឹកតែខ្ពស់គឺប្រាក់លទ្ធកម្មរហូតដល់ ក្រុមហ៊ុនមួយចំនួនមិនចង់ហ៊ានចូលរួមដេញថ្លៃនិងពិគ្រោះថ្លៃលើ ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសម្រាប់មន្ទីរនានាក្នុងខេត្តព្រៃវែង នោះទេ។អាចនិយាយបានថាលោក ទួន សុគន្ធនិងបក្ខពួករកគ្រប់វិធីដើម្បីប្រមូលផលប្រយោជន៍យកទៅចែកគ្នា ធ្វើមានធ្វើបានតាមអំពើចិត្ត។
អំពើពុករលួយរបស់លោក ទួន សុគន្ធនិងបក្ខពួកបានធ្វើឲ្យមន្ត្រីគណនេយ្យតាមមន្ទីរអង្គភាពរដ្ឋ នានាចំណុះសាលាខេត្តព្រៃវែងមានការមិនសប្បាយចិត្តបានអំពាវនាវឲ្យលោក អូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការត្រួតពិនិត្យជាបន្ទាន់។ កន្លងមកលោក ទួន សុគន្ធនិងបក្ខពួកតែងតែជំរិតយកប្រាក់ទឹកតែយ៉ាងច្រើនពីប្រាក់ លទ្ធកម្មសម្រាប់មន្ទីរនានាហើយសូម្បីតែក្រុមហ៊ុនចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈបរិក្ខារសម្រាប់មន្ទីរនានាក៏ប្រឈមនឹងការលំបាក ដែរ។មន្ត្រីរាជការនៅក្នុងខេត្តព្រៃវែងបានអំពាវនាវឲ្យលោក អូនព័ន្ធមុនីរ័ត្នចាត់វិធានការលុបបំបាត់អំពើពុករលួយនៅក្នុងមន្ទីរ ហិរញ្ញវត្ថុខេត្តព្រៃវែងជាបន្ទាន់ហើយត្រូវព្រមានក្រុមមន្ត្រីពុករលួយ តាមច្បាប់ ៕