ពីខេត្តកំពត ៖ មេប៉ូលិសច្រកទ្វារអន្តោប្រវេសន៍អន្តជាតិព្រែកចាកក្រោយពីមានការ ផ្លាស់ប្តូរមេច្រកទ្វារថ្មីរួចមក បែរជាបានដំឡើងថ្លៃសេវាការឆ្លងដែនទៅមក និងគាប.កអាជីវករដែលរកស៊ីដឹកឥវ៉ាន់បន្តិចបន្តួចតាមម៉ូតូចេញចូល ដោយតម្រូវឱ្យបង់២ម៉ឺនរៀលក្នុងមួយម៉ូតូដែលគេសង្ស័យថា ទំនងស្រង់ដើមពីការបង់ខាតត្រូវដណ្តើមកៅអីបាន អង្គុយចំកៅអីខ្លាញ់នោះ ។
បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីប៉ូលិសច្រកទ្វារព្រែកចាក បានឱ្យយើងដឹងថា ឥឡូវនេះប្រជាពលរដ្ឋ ពិបាករកស៊ីខ្លាំងណាស់ ក្រោយពីមានការផ្លាស់ប្តូរមេច្រកទ្វារថ្មីរួចមក ព្រោះគេបានកំណត់ឱ្យបង់សេវាម៉ូតូដឹកទំនិញ ចេញចូល២ម៉ឺនរៀលក្នុង មួយម៉ូតូ ហើយបើដឹកមនុស្សឆ្លងដែនក៏គេដំឡើងថ្លៃក្នុងម្នាក់១០ម៉ឺនដុង ផងដែរ ដោយពីមុនពេលឆ្លងដែនម្នាក់យកតែ៥ម៉ឺនដុងប៉ុណ្ណោះ។
ប្រភព ខាងលើបន្តទៀតថា ចាប់តាំងពីលោកណុប សារឹម មកកាន់ប្រធានច្រកទ្វារមក លោកបានប្រមូលប៉ាសស្ព័របោះត្រាមួយតម្លៃ៣០ដុល្លារ ដោយមានអ្នករត់ការ ដោយប្រមូលម្តងៗរាប់រយប៉ាសស្ព័រយ៉ាងរលូនបំផុតមិនដឹងថា នេះជាគោលការណ៍ថ្នាក់ណានោះទេ ហើយដែលបញ្ហានេះមិនគួរបើលោក សុខ ផល មើលរំលងនោះទេ ។
គួរបញ្ជាក់ផងដែរថា ក្រោយពីលោកណុប សារឹម បានមកកាន់ជាប្រធានច្រកទ្វារអន្តោប្រវេសន៍ព្រែកចាកពេលណា មក គឺស្ថាប័នឈរជើងច្រកអន្តរជាតិនេះមិនពេញចិត្តជាមួយលោកនោះទេ សូម្បីតែអាជ្ញាធរខេត្តក៏មិនសប្បាយចិត្ត ផងដែរ ពីព្រោះគេរិះគន់គាត់ថា ដើរតួរផ្លូវត្រង់ផង ផ្លូវវៀចផង និងរើតួជាអ្នកសម្របសម្រួលផងទៀត ដោយ សំអាងថា ខ្លួនគាត់ជាមេប៉ូលិសអន្តោប្រវេសន៍ព្រែកចាកដ៏មហិមាដែលគ្មាននរណា ប៉ះបាន ៕