ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មានក្រុមហ៊ុនមួយគាស់កកាយដីក្រួសក្រហមដឹកជញ្ជូនតាមរថយន្តបែនធំៗដាក់លើសាទ្បង់រាប់ពាន់ម៉ែត្រគូបដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ ម្ចាស់ក្រុមហ៊ុនដែលមានការបើកដៃពីលោក អ៊ុក រស់ ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង មិនខ្វល់ពីចំណាត់ការរបស់អាជ្ញាធរស្រុក ទ្បើយ។
តាមប្រភពពីមន្ត្រីអាជ្ញាធរស្រុករលាប្អៀរបានឲ្យដឹងថា សាលាស្រុកបានធ្វើរបាយការណ៍ទៅលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងធ្វើសំណើឲ្យស្ថាប័នពាក់ព័ន្ធចុះមកអន្តរាគមន៍ពាក់ព័ន្ធករណីគាស់កកាយដីក្រួសក្រហមនៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរនោះដែរ។ មន្ត្រីសាលាស្រុកបានឲ្យដឹងទៀតថា មេការក្រុមហ៊ុនម្នាក់ឈ្មោះ ផន ដែលជាមន្ត្រីពេទ្យសត្វខេត្តចូលនិវត្តន៍ បានយកលិខិតកិច្ចសន្យាមួយច្បាប់ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ របស់ប្រធានក្រុមហ៊ុនឈ្មោះ ពៅ មុនីជាតិ អាយុ២១ឆ្នាំ រស់នៅភូមិទី៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទៅបង្ហាញអាជ្ញាធរ។
នៅក្នុងលិខិតដែលមេការក្រុមហ៊ុននោះបង្ហាញគឺមានហត្ថលេខាឯកភាពចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ របស់លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង អនុញ្ញាតឲ្យក្រុមហ៊ុនខាងលើគាស់កកាយនិងដឹកជញ្ជូនដីនៅក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងដោយសេរី ហើយគ្មានការឯកភាពពីថ្នាក់លើនោះទេ។ ចំណុចនេះបង្ហាញឲ្យឃើញថាលោក អ៊ុក រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងជាអ្នកនៅពីក្រោយខ្នងក្រុមហ៊ុននោះទើបគេហ៊ានគាស់កកាយដីក្រួសក្រហមនៅឃុំទឹកហូរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដឹកជញ្ជូនធ្វើអាជីវកម្មតាមអំពើចិត្ត ៕