ក្លឹបអ្នកកាសែតឯករាជ្យ និង​សង្គម​ស៊ីវិល​អំពាវនាវឲ្យជួយចូលរួម​ឃ្លាំ​មើល​​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​កាសែត​ដែល​ស្លាប់​ទៅនិង​លើក​ស្ទួយ​​សេរីភាព​ប​ញ្ចេញ​មតិ​នៅ​កម្ពុជា

ភ្នំពេញៈ «ក្លឹបអ្នកកាសែតឯករាជ្យ» ក៏ដូចជាសង្គម​​ស៊ីវិល កំពុងតែ​បារម្ភ​​ពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន ខណៈដែល​តុលាការ​សម្រេច​ដោះ​លែង​បុរស​ពីរ​នាក់ ដែល​ជាប់​ចោ​ទ​ពី​បទ​ផ្សំគំនិត​សម្លាប់​អ្នក​កាសែតឈ្មោះ​ តាំង ទ្រី នៅ​ខេត្ត​ក្រចេះនាពេលកន្លងមក។តុលាការ​ខេ​ត្ត​ក្រចេះ នឹង​កោះ​ហៅ​សាក្សី​ចំនួន ៨​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​អ្ន​ក​កាសែតឈ្មោះ តាំង ទ្រី នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ខាង​មុខនេះ។

«ក្លឹបអ្នកកាសែតឯករាជ្យ» និងមន្ត្រី​សង្គម​​ស៊ីវិលបានអះអាងថា ជន​ជាប់​ចោទ​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ តាំង​ពី​ល្ងាច​ថ្ងៃ​ទី​​៣ ខែ​ធ្នូ មក​ម៉្លេះ។ក្លឹបអ្នកកាសែតឯករាជ្យនិង ក្រុម​សង្គម​ស៊ីវិល សង្ស័យ​ថា សំណុំ​រឿង​នេះ​អាច​មាន​បញ្ហា​មិន​ប្រក្រតី ដ្បិត​ចៅ​ក្រម​នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​នៅ​ឡើយទេ។

កញ្ញា ហុង ជាវគុណ អ្នក​សម្រប​សម្រួល​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា សាក្សី​ក្នុង​សំណុំ​រឿង​សម្លាប់​អ្នក​កាសែត​​នេះ មិន​ទាន់​បាន​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ​ផង តុលាការ​ខេត្ត​ក្រចេះ បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​ពីរ​នាក់​ក្នុ​ង​ចំណោម​បី​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បាត់​ទៅ​ហើយ។ កញ្ញា​បន្ត​ថា សមាគម​អាដហុក មិន​ទាន់​ដឹង​ថា​មូលហេតុ​អ្វី ទើប​​តុលាការ​ដោះ​លែង​ជន​ជាប់​ចោទ​បែប​នេះ​ទេ ហើយ​ករណី​នេះ​ជា​ករណី​ដែល​សង្គម​ស៊ីវិល ត្រូវ​តាម​ដាន និង​សិក្សា​បន្ត​​ទៀត។

អ្នក​យក​ព័ត៌មាន​កាសែត​វាល​ឥន្ទ្រីយ៍ លោក តាំង ទ្រី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ តុលា ក្នុង​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ពី​បទល្មើស​ព្រៃ​ឈើ។ បន្ទាប់​ពី​កើត​ហេតុ​ភ្លាម នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បី​នាក់ ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។ ក្នុង​នោះ​មាន​ឈ្មោះ ឡា ណារ៉ុន ជា​អតីត​ទាហាន និង​ជា​អ្នក​បាញ់ ត្រូវ​ចៅក្រម​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត ឈ្មោះ ខិម ភក្ដី ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​ជា​ម្ចាស់​កាំភ្លើង ត្រូវ​ចៅក្រម​ចោទ​ប្រកាន់​ពី​បទ​ធ្វេស​ប្រហែស និង​ផ្សំគំនិត​អំពើ​ឃាតកម្ម ឈ្មោះ ពិន ហ៊ាង ជា​ប៉ូលិស និង​ជា​ម្ចាស់​រថយន្ត​ដែល​ពួក​គេ​ជិះ​ទៅ​បាញ់​សម្លាប់ លោក តាំង ទ្រី ត្រូវ​ចៅក្រម​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ និង​មិន​ប្ដឹង​រាយការណ៍​បទល្មើស។ លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ ចៅក្រម​បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​ពីរ​នាក់​មាន​ឈ្មោះ ខិម ភក្តី និង​ឈ្មោះ ពិន ហ៊ាង ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​តែ​ម្តង។

លោកហ៊ុនសុខាប្រធាន «ក្លឹបអ្នកកាសែតឯករាជ្យ» បានឲ្យសារពត៌មានយើងដឹងថាសុវត្ថិភាព​​អ្នក​កាសែត​នៅ​ខេត្ត​ភាគ​ឦសាន ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផុយស្រួយ បន្ទាប់ពីឈ្មួញ​ប្រព្រឹត្តិបទល្មើស​ព្រៃ​ឈើបានសម្លាប់អ្នកាសែត។ ទោះជាយ៉ាងក៏ដោយលោកហ៊ុនសុខាប្រធានក្លឹបអ្នកកាសែតនិងមន្រ្តីសង្គមស៊ីវិលកញ្ញា ហុង ជាវគុណ​ បាន​អំពាវនាវឲ្យជួយចូលរួម​ឃ្លាំ​មើល​​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​កាសែត​ដែល​ស្លាប់​ទៅនិង​លើក​ស្ទួយ​សេរីភាព​បញ្ចេញ​​មតិ​នៅ​កម្ពុជាយើង។

គួរបញ្ជាក់ផងដែរថាចាប់តាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​បច្ចុប្បន្ន​នេះ មាន​អ្នក​កាសែត​ចំនួន ១៣​នាក់​ហើយ ដែល​ត្រូវ​បាន​សម្លាប់ តែ​ឃាតក​រនៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។ នៅ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporter without Borders) បាន​ចេញ​របាយការណ៍​ដោយ​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​លេខ​រៀង​១៤៤ ក្នុង​ចំណោម​ប្រទេស​១៨០ ស្ដីពី​សិទ្ធិ​បញ្ចេញ​មតិ​ដែល​នៅ​អន់​ថយ​នៅ​ឡើយ។ សារពត៌មានយើងមិន​អាច​ទាក់ទង​ចៅក្រម​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំ​រឿង​នេះ បាន​ទេ៕

assasin