រឿងអាស្រូវរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិនបានធ្វើឲ្យមន្ត្រីគយទូទាំងប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយហេតុថា មិនមែនជារឿងសាមញ្ញនោះទេដែលមានមន្ត្រីគយជាច្រើននាក់មកប្តឹងលោក គុណ ញឹម ដែលជាអគ្គនាយកគយនិងរដ្ឋាករដើម្បីបកអាក្រាតទង្វើមិនប្រក្រតីរបស់លោក លឹម សម្បត្តិដែលប្រើអំណាចហួសហេតុក្នុងការប្រមូលផលប្រយោជន៍។ មជ្ឈដ្ឋានមួយចំនួនសង្ឃឹមថាលោក គុណ ញឹម នឹងដកហូតចេញពីតំណែងក្នុងពេលឆាប់ៗ ហើយចាត់វិធានការតាមច្បាប់ថែមទៀតដើម្បីជាការព្រមានឲ្យរាងចាល។
ប្រភពពីមន្ត្រីគយភាគច្រើនប្រចាំការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំបានឲ្យដឹងថាលោក លឹម សម្បត្តិ បានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ តាមអំពើចិត្តហើយមាន កែឯកសារបន្លំប្រភេទទំនិញទៀតផង។ បញ្ហានេះបាននាំឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ចំណែកលោក លឹម សម្បត្តិ ទទួលបានសំណូកក្រោមតុពីឈ្មួញយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ដូច្នេះការដែលមន្ត្រីគយ២០នាក់នាំគ្នាមករាយការណ៍ប្រាប់លោក គុណ ញឹម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ គឺជាភស្តុតាងមួយបញ្ជាក់នូវរាល់អំពើអាក្រក់របស់មេគយប្រចាំច្រកអន្តរជាតិព្រំដែលប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព។
ក្នុងនាមជាមេគយច្រកអន្តរជាតិព្រំលោក លឹម សម្បត្តិ ប្រើអំណាចដកហូតលុយពីកេសរួម១,៥លានរៀលយកទៅចាយវាយផ្ទាល់ខ្លួន ហើយលើកហេតុផលផ្សេងៗមកបិទបាំងដោយគ្មានសេចក្តីអៀនខ្មាសបន្តិចណាទ្បើយ។ ជាពិសេសការបន្លំប្រភេទទំនិញដើម្បីឲ្យឈ្មួញបង់ពន្ធតិចនិងបង់លុយក្រោមតុច្រើន គឺជាចេតនាអាក្រក់ របស់លោក លឹម សម្បត្តិ ក្នុងការកេងប្រវ័ញ្ចចំណូលពន្ធរដ្ឋយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះលោក គុណ ញឹម ដែលជាអគ្គនាយកគយនិងរដ្ឋាករមិនត្រូវទុកឲ្យលោក លឹម សម្បត្តិ ប្រព្រឹត្តអំពើអាក្រក់តទៅទៀតទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏ត្រូវចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ផងដែរ។