ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាក្នុងមួយថ្ងៃៗការដ្ឋានជីកដីរបស់ឈ្មោះ លី ហាំងសេង អាចដឹកអាចម៍ដីចេញបានប្រមាណ៣០០ទៅ៣៥០រថយន្តដែលមានចំណុះយ៉ាងតិច៥តោន ហើយក្នុងមួយរថយន្តមានតម្លៃ១៥ដុល្លារ។ ចំណែកឈ្មួញឈ្មោះ តាត ពិសិដ្ឋ ក៏ធ្វើសកម្មភាពមិនចាញ់ឈ្មោះ លី ហាំងសេង ដែរ ព្រោះឈ្មួញទាំងពីរនាក់នេះមានខ្នងបង្អែកយ៉ាងរឹងមាំ ទើបអាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ ប្រជាពលរដ្ឋបានរិះគន់ថាលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងអភិបាលក្រុងសៀមរាបប្រហែលជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីឈ្មួញទាំង២នាក់នេះ ទើបបណ្តោយឲ្យពួកគេបំផ្លាញដីព្រៃលិចទឹកនិងបំផ្លាញផ្លូវថ្នល់ក្នុងក្រុងសៀមរាបយ៉ាងមហន្តរាយ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងចំណោមឈ្មួញធំៗ៦នាក់ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មជីកដីលក់គឺមាន២នាក់ត្រូវបានគេស្គាល់ថាជាម្ចាស់រណ្តៅដីធំៗមានជម្រៅជ្រៅៗ ហើយប្រើប្រាស់គ្រឿងចក្រនិងរថយន្តជាច្រើនដើម្បីកាយដីនិងដឹកជញ្ជូនធ្វើអាជីវកម្ម។ ឈ្មួញម្ចាស់រណ្តៅដីធំៗត្រូវបានគេស្គាល់ថាឈ្មោះ លី ហាំងសេង អាយុប្រមាណ៤៩ឆ្នាំ និងឈ្មោះ តាត ពិសិដ្ឋ អាយុជាង៣០ឆ្នាំ ពួកគេកំពុងធ្វើអ្វីៗតាមអំពើចិត្តហើយរណ្តៅដីរបស់ពួកគេមានជម្រៅចាប់ពី៦ម៉ែត្ររហូតដល់ក្បាលប្រេត។ ឈ្មួញទាំងពីរនាក់នេះជីកយកអាចម៍ដីក្នុងព្រៃរនាមលិចទឹកធ្វើឲ្យប៉ះពាល់ដល់កន្លែងត្រីពងកូននិងអភិរក្សពូជត្រីផងដែរ។
សកម្មភាពជីកដីនិងដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មខុសច្បាប់របស់ឈ្មោះ លី ហាំងសេង និងតាត ពិសិដ្ឋ បានកើតទ្បើងជាយូរមកហើយ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានព្រៃលិចទឹកនិងបំផ្លាញផ្លូវក្នុងក្រុងសៀមរាប ប៉ុន្តែមន្ត្រីអាជ្ញាធរធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះបញ្ហានេះ។ ជាក់ស្តែងដីព្រៃលិចទឹកសម្រាប់ត្រីពងកូននៅតាមមាត់ទន្លេសាបក្នុងភូមិភ្នំក្រោម ភូមិកន្ត្រកថ្មី និងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវឈ្មួញជីកយកអាចម៍ដីក្នុងជម្រៅយ៉ាងជ្រៅហើយដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុក។ រណ្តៅដីដែលគេជីកធ្វើអាជីវកម្មនោះមានជម្រៅចាប់ពី៥ម៉ែត្រទ្បើងទៅ ដែលធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងខ្លាចកើតមានគ្រោះថ្នាក់ដល់មនុស្សសត្វ៕