ក្រចេះ : កាលពីពេលថ្មីៗនេះអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ រួមជាមួយអង្គការសម្ព័ន្ធពីរទៀតរួមមាន អង្គការការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន និងអង្គការការពារបរិស្ថាន និងធនធានធម្មជាតិ ដឹកនាំដោយលោក ឈៀង វុទ្ធី ប្រធានការិយាល័យប្រតិបត្តិ និងលោកផល ផាន់ណាប្រធានការិយាល័យអភិរក្សធនធានធម្មជាតិ ព្រមទាំងក្រុមការងារជាច្រើននាក់ទៀតបានចុះទៅភូមិកំពង់ចាម ឃុំកំពង់ចាម ស្រុកសំបូរ និងភូមិត្រពាំង ជុប ស្រុកព្រែកប្រសព្វ ក៏បានប្រទះឃើញឈើលេខ១ ប្រភេទឈើសុក្រម អារជ្រៀករួចជាច្រើនរយកំណាត់ដែលគេកាប់បង្គរទុកនៅទីនោះ។
ដោយមានការចង្អុលបង្ហាញពីលោក ហ៊ុន សុខា ប្រធានអង្កការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ លោក ឈៀង វុទ្ធី និងលោក ផល ផាន់ណា បានរាយការណ៍ភ្លាមៗជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងឯកឧត្តមអភិបាលខេត្តក្រចេះ ព្រមទាំងបានរាយការណ៍ជូនជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលដើម្បីចុះទៅប្រមូលឈើទាំងនោះទុកជាសម្បត្តិរដ្ឋ។
ប៉ុន្តែខណៈពេលដែលក្រុមការងាររបស់អង្គការទាំងបី កំពុងឃ្លាំមើលគំនរឈើទាំងនោះ ក៏ស្រាប់តែមានទាហាន ៦ទៅ ៧នាក់ បានបង្ហាញខ្លួនដើម្បីមកកាងឈើទាំងនោះ តែដោយ សារមានបទបញ្ជាច្បាស់លាស់ពីលោក ហ៊ុន សុខា ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ ទើបលោក ឈៀង វុទ្ធី និងលោក ផល ផាន់ណា ដែលដឹកនាំក្រុមការងារនោះ មិនខ្លាចញញើតនឹងការគំរាមកំហែងនោះឡើយ គឺនៅតែបន្តឃ្លាំមើលរហូត រងចាំទាល់តែសមត្ថកិច្ចជំនាញទៅដល់ទីតាំងនោះ ទើបពួកគេទុកតួនាទីជូនសមត្ថកិច្ចជំនាញដើម្បីធ្វើការដោះស្រាយ និងបានដកកម្លាំងរបស់អង្គការចេញពីទីនោះ។
ក្រោយពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលបានចុះទៅដល់កន្លែងគំនរឈើទាំងនោះ លោក ហ៊ុន សុខា ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការ និងការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ដែលជានិច្ចកាលលោកតែងសំណូមពរឲ្យអង្គការចុះអនុវត្តឲ្យចំគោលដៅ និងទៅតាមលក្ខន្តិកៈរបស់អង្គការដែលបានតំកល់ទុកនៅក្រសួងមហាផ្ទៃ និងស្របទៅតាមស.ជ.ណ របស់ក្រសួង។
ក្រោយពីការស៊ើបសួររបស់មន្ត្រីអង្គការ ទើបទទួលបានដំណឹងថា ឈើទាំងនោះគឺជារបស់ប្រជាពលរដ្ឋដែលបានកាប់ទុកក្នុងព្រៃឡង់ ដើម្បីលក់ទៅឲ្យឈ្មួញដែលមានងារជាឧកញ៉ា។
បច្ចុប្បន្ន អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិកំពុងតាមដាន និងឃ្លាំមើលសកម្មភាពរបស់មេឈ្មួញដែលជាមេក្លោងក្នុងការកាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើជារបាយការណ៍ជូនស្ថាប័នតុលាការ និងក្រសួងពាក់ព័ន្ធ ជាពិសេសជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាត់វិធានការទៅលើមេឈ្មួញនោះតាមច្បាប់៕