ខេត្ដព្រះវិហារ ៖មានមន្ដ្រីមួយចំនួនបានលើកឡើងថា លោក សំ លាងទ្រី បានតែងតាំងឈ្មោះ សំ ប្រាកដ ជាកូនបង្កើត និងមិនទាន់មាន ក្របខ័ណ្ឌច្បាស់លាស់ ឱ្យធ្វើជាអនុប្រធាន ការិយាល័យ និងឈ្មោះ សំ វិចិត្រា ជាក្មួយបង្កើត ត្រូវឡើងតំណែង ជាប្រធានការិយាល័យរដ្ឋបាល។ លោក សំ លាងទ្រី មិនបានប្រើមន្ដ្រីចេះដឹង ឬអ្នកមានសមត្ថភាព វិស្វករ អ្នកបច្ចេកទេស ព្រោះខ្លាចបែកធ្លាយ រឿងអំពើពុករលួយ ដែលគាត់កំពុងតែឆក់ឱកាស កេងប្រវ័ញ្ច ពីគម្រោងស្ថាបនាផ្លូវជាច្រើន នៅក្នុងខេត្ដព្រះវិហារ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដព្រះវិហារ បាន ឃុបឃិតឱ្យមានអំពើពុករលួយបក្ខពួកនិយម ហើយមួយម៉ាត់ណា ក៏អាងខ្នងអ្នកធំ ឬយកឈ្មោះថ្នាក់ដឹកនាំក្រសួង មកគាបសង្កត់កូនចៅ ជាពិសេសមន្ដ្រីចាស់ៗ អ្នកមានសមត្ថភាព វិស្វករ អ្នកបច្ចេកទេស បែរជាលោក សំ លាងទ្រី ទុកឱ្យនៅកន្លៀតជញ្ជាំង គ្មានការងារធ្វើមកទល់សព្វថ្ងៃ។
មន្ដ្រីបានបង្ហើបថា យ៉ាងតិចក្នុងគម្រោង ស្ថាបនាផ្លូវទាំងក្នុងក្រុង និងតាមបណ្ដាស្រុកពី ៤០ទៅ ៥០ភាគរយ ត្រូវបានលោក សំ លាងទ្រី កិបកេងតាមរយៈ បំប៉ោងរបាយការណ៍ កេងចំណេញបច្ចេកទេស ហើយក៏ជាការឃុបឃិត ជាមួយថ្នាក់លើមួយចំនួន។ មន្ដ្រីនៅក្នុងមន្ទីរបានទទួលស្គាល់ថា លោក សំ លាងទ្រី បក្ខពួកនិយម និងគ្របដណ្ដប់ លើមន្ដ្រីថ្នាក់ក្រោម តាមអំពើចិត្ដ ខណៈមានលុយ ដែលបានមក ពីការកិបកេង គម្រោងស្ថាបនាផ្លូវ ដើម្បីផ្ដល់ប្រភពសេដ្ឋកិច្ចដល់ថ្នាក់លើ ហើយទុកថ្នាក់ក្រោម ជាមនុស្សមិនបានការ ។
ដោយឡែកមន្ដ្រីសាលាខេត្ដ បានធ្លោយផងដែរថា ក្នុងចំណោមថ្នាក់ដឹកនាំ តាមមន្ទីរ ជុំវិញខេត្ដ មានតែលោក សំ លាងទ្រី កំពុងតែជះឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់មន្ដ្រីខេត្ដ មន្ដ្រីអង្គភាពរបស់ខ្លួន ក្នុងនោះសូម្បីតែ អាជ្ញាធរខេត្ដក៏មិនពេញចិត្ដ បន្ទាប់ពីដឹងថា មួយម៉ាត់ណាក៏លោក សំ លាងទ្រី យកឈ្មោះថ្នាក់ដឹកនាំក្រសួង ខ្សែបណ្ដោយរបស់ខ្លួន មកពាំងមុខហើយមើលស្រាល មន្ត្រីនៅក្នុងខេត្ត ហើយជាទូទៅមន្ត្រីថ្នាក់ក្រោម ៕