ប្រភពពីសមត្ថកិច្ចបាន ឲ្យដឹងថាច្រកដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណីត ទៅលក់ស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះ ឈ្មួញរកស៊ីឈើខុសច្បាប់ ឃុបឃិតជាមួយមន្ត្រីពុករលួយ ជាប្រព័ន្ធរួចជាពិសេស មានការបើកដៃពីលោក យូ សុធា ជាមេប៉ុស្តិ៍ព្រំដែន អន្តរជាតិដាក់ ដាំតែម្តង។ ពួកឈ្មួញអាច នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពី ស្រុកយួនចូលស្រុកខ្មែរដូចជាប្រេង សាំងទំនិញចាប់ ហួយគ្រប់ប្រភេទ នំកញ្ចប់ មី គ្រឿងកំប៉ុង និងស្រាបៀរជាដើម ។ ប្រភពបានឲ្យដឹងទៀតថាលោក ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក តូច យន់ ស្នងការរងទទួលបន្ទុកកិច្ចការព្រំដែន ប្រហែលជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីលោក យូ សុធា ទើបបណ្តោយឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។
លោក យូ សុធា ក្នុងនាមជាប្រធានប៉ុស្តិ៍ព្រំដែនអន្តរជាតិទ្វេភាគីដាក់ដាំកំពុងល្បីឈ្មោះខាងប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍ពីក្រុមឈ្មួញដឹកឈើប្រណីតទៅលក់នៅស្រុកយួននិងប្រមូលផលប្រយោជន៍ពីក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់ចូលស្រុកខ្មែរយ៉ាងក្រអឺតក្រទម។ បញ្ហានេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ព្រោះច្រកដាក់ដាំដែលមានចម្ងាយប្រមាណ២០គីទ្បូម៉ែត្រ ស្ថិននៅប៉ែកខាងត្បូងឆៀងខាងកើតទីរួមខេត្តមណ្ឌលគិរី កំពុងកើតមានបទល្មើសឆ្លងដែនយ៉ាងពេញបន្ទុក។ ជាពិសេសការនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់បានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះសមត្ថកិច្ចប្រចាំច្រកដាក់ដាំឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយគ្មានខ្លាចក្រែងអ្វីទាំងអស់។
សកម្មភាពនាំចេញឈើប្រណីតទៅស្រុកយួននិងសកម្មភាពនាំទំនិញគេចពន្ធចូលស្រុកខ្មែរ ពុំមានការថយចុះនោះទេ គឺលោក យូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតប្រចាំច្រកដាក់ដាំឃុបឃិតគ្នាធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ករណីនេះអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរតែចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីកុំឲ្យលោក យូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកដាក់ដាំប្រព្រឹត្តអំពើពុករលួយតាមអំពើបន្តទៅទៀតកុំឲអ្នកក្រោយយកគំរួតាម៕