ខេត្តបន្ទាយមានជ័យ ៖ប្រភពពីឈ្មួញដឹកទំនិញ បានឲដឹង ថា លោក ចាប សុផារិទ្ធ បានបង្កើតកុងត្រូលជជុះ ឲ្យកូនចៅជំនិតៗ ដើរប្រមូលលុយពីក្បាលឡានឬប្រដេញចាប់ឡានដឹកទំនិញឲ្យចូលបង់លុយតាមបណ្តោយផ្លូវជាតិលេខ៥យ៉ាងប្រសេចប្រសាច។
លោក ចាប សុផារិទ្ធ មានជំនាញខ្ពស់ក្នុងការគៀងគរ ប្រមូលឲ្យអ្នករកស៊ីដឹកជញ្ជូន ទំនិញមកពីស្រុកថៃ រួមមានទំនិញខុសច្បាប់ និងម៉ូតូគេចពន្ធជាដើម ចូលមកទំនាក់ទំនងបង់លុយ ឬសុំការយោគយល់ ដើម្បីចៀសផុត ពីការបង្ក្រាប។
ប្រភពបានឲ្យដឹងថា តាំងពីលោក អាត់ ខែម វិលត្រឡប់មកកាន់តំណែងជា ស្នងការខេត្តបន្ទាយមានជ័យ គេឃើញប៉ូលីសសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក ចាប សុផារិទ្ធិ កាន់តែមានឱកាស ពង្រាយកូនចៅ អោយដើរទារលុយ ពីឈ្មួញដឹកទំនិញ និងអ្នករត់តាក់ស៊ី តាមតែអំពើចិត្ត ដោយគ្មានខ្លាចអ្វីទាំងអស់ឡើយ ធ្វើឲ្យក្រុមអ្នករកស៊ីដឹកទំនិញ មានការខឹងយ៉ាងខ្លាំង។ ប្រភពបានឲ្យដឹងថា នៅក្រុងប៉ោយប៉ែត កូនចៅរបស់លោក ចាប សុផារិទ្ធ តែងតែដើរទារប្រាក់ និងបង្ខំឈ្មួញដឹកទំនិញដោយប្រើពាក្យយ៉ាងខ្លីថា ប្រសិនបើមិនបង់លុយ ឲពួកគេនឹងចាប់យកទៅខេត្ត និងបញ្ជូនសំណុំរឿង ទៅតុលាការ។
ឈ្មួញអ្នករកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ បានរអ៊ូរទាំចំពោះបែបបទ នៃការបង់លុយឲ្យមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ដែលគ្មានតួនាទីប្រមូលលុយ បង់ចូលក្នុងហិបថវិកាជាតិ តែពួកគេមានអំណាច ចាប់ឬបង្ក្រាបការដឹកជញ្ជូនទំនិញ របស់ក្រុមឈ្មួញទាំងឡាយណា ដែលមិនបានបង់លុយ ហើយបច្ចុប្បន្ននេះ ក្រុមឈ្មួញកំពុងភ៍យខ្លាចចំពោះចំណាត់ការរបស់ ប៉ូលីសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក្រោមបញ្ជារបស់លោក ចាប សុផារិទ្ធ ដែលកំពុងបង្កភាពអាណាធិបតេយ្យ មិនដឹងជាពួកគេទទួលបានគោលការណ៍ ពីខាងណាទេបានខ្លាំងម្លេះ។
ដោយសារពួកឈ្មួញ មានការភ័យខ្លាច ក៏បានបង់លុយ ទាំងទើសទាំល់ បើទោះបីជាដឹងថា នោះជាបែបបទពុករលួយ និងដើម្បីកុំឲ្យមានការរំខាន ហើយកាលពីពេលថ្មីៗនេះលោក ចាប សុផារិទ្ធ បានបញ្ចេញស្នាដៃមួយប្រាវ ធ្វើឲ្យឈ្មួញមួយចំនួនញាក់សាច់ ក៏រត់ទៅជួប សុំការយោគយល់ ឬបង់លុយជាប់ជាប្រចាំ។
អ្នករកស៊ីដឹកជញ្ជូន ផលកសិកម្ម និងទំនិញ ទៅលក់តាមដេប៉ូ ត្រូវបានកូនចៅ លោក ចាប សុផារិទ្ធ តម្រូវអោយបង់លុយ ក្នុងមួយរថយន្ត ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ដោយគ្មានការ យោគយល់ ទេ ដែលបញ្ហានេះ អាចធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យបាត់បង់បាត់សន្លឺកឆ្នោតដោយសារលោកចាប សុផារិទ្ធនេះតែម្តង? ៕