ខេត្តព្រៃវែង៖ រឿងអាស្រូវដ៏ធ្ងន់ធ្ងរបានកើតមាននឹងកំពុងបន្តកើតមាននៅមន្ទីរកសិកម្មខេត្តព្រៃវែងដែលមានលោក អ៊ុក សំណាង ជាប្រធានមន្ទីរបន្តពីលោកអតីតប្រធានមន្ទីរយស់មុនីដែលត្រូវប្តូរតំណែងទៅបំរើការងារនៅក្រសួង។
តាមប្រភពបានអោយដឹងថាក្រោយពេលលោកអ៊ុកសំណាងត្រូវបានតែងតាំងជាអនុប្រធានមន្ទីរក្តាប់រួមនិង
ក្រោយមកបន្តិចត្រូវបានតែងតាំងជាប្រធានន្ទីរកសិកម្មខេត្តព្រៃវែងអស់រយៈពេលជាង២ឆ្នាំមកនេះគឺប្រធានន្ទីរ
មួយនេះបានប្រព្រឹត្តិនៅរឿងអាស្រូវនឹងអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដោយរួមដៃជាមួយលោកអនុប្រធាន
មន្ទីរ សំ សារុន និងលោកប្រធានការិយាល័យគណនេយ្យ ស្រស់ ហ៊ន់។ ហើយរាល់កិច្ចការសំខាន់ៗទាំងអស់នៅក្នុងមន្ទីរគឺគេធ្វើឡើងដោយភាពលួចលាក់និងឃុបឃិតគ្នាតែក្រុមបក្ខពួករបស់គេតែមួយក្តាប់តូច។ ចំណែកមន្ត្រីសំខាន់ៗមួយចំនួនធំទៀតគឺមិនត្រូវបានគេដឹងរឿងលើការងារផ្សេងៗជាពិសេសគឺការងារចំណាយតែម្តង។ ចាត់តាំងពីលោក អ៊ុក សំណាង មកដឹកនាំមន្ទីរកសិកម្មខេត្តព្រៃវែងគឺរូបគាត់មិនដែលបានធ្វើការបើកអង្គប្រជុំគណៈមន្ទីរដើម្បីសំរួលការបែងចែកការងារនិងបញ្ហាផ្ទៃក្នុងទេ។
បើនិយាយពីការចំណាយថវិកានៅក្នុងមន្ទីរនេះឃើញថាមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ២០១៣និង២០១៤ ។ជាក់ស្តែងនៅឆ្នាំ២០១៤គឺមន្ទីរមួយនេះមានថវិកាសំរាប់ចំណាយលើការថែទាំនិងជួសជុលរហូតទៅដល់ជិត៧០០លានរៀល ។ប៉ុន្តែលទ្ធផលដែលទទួលបានពីការចំណាយនេះគឺត្រឹមតែការបាញ់ថ្នាំដំបូលអគារ ផ្លាស់ប្តូរបង្អួចនិងទ្វារបន្តិចបន្តួចតែប៉ុណ្ណោះ។ ហើយបើនិយាយពីការចំណាយលើប្រេងឥន្ទនៈនិងសំភារៈរដ្ឋបាលឃើញចំណាយអស់រហូតដល់ជិត៩០លានរៀល។ប៉ុន្តែការចំណាយគឺដូចមិនស៊ីចង្វាក់គ្នាទៅនឹងទឹកប្រាក់ដ៏ច្រើននោះ។ ចំណែកការចំណាយលើសោហ៊ុយទូទាត់ក្នុងប្រទេស(បេសកម្ម)គឺមន្ទីរមួយនេះបានចំណាយអស់ទឹកប្រាក់ខ្ទង់៨០លានរៀល ។ប៉ុន្តែមន្ត្រីខ្លះដែលបានបំពេញបេសកម្មជាក់ស្តែងគឺមិនត្រូវបានគេផ្តល់អោយទេ ដោយគេកេងបំបាត់អស់មួយចំនួនធំ។ រីឯមន្ត្រីមិនបានចុះបេសកម្មតែមានទំនាក់ទំនងល្អជាមួយលោកប្រធានមន្ទីរបែរជាទទួលបានប្រាក់បេសកម្មទៅវិញ។
ក្រៅពីនោះចាប់តាំងពីលោក អ៊ុក សំណាង មានវាសនាខ្ពស់ដែលពីមុនគ្រាន់តែជាមន្ត្រីតូចតាចនៅមន្ទីរកសិកម្មខេត្តស្វាយរៀងបានមកដឹកនាំមន្ទីរកសិកម្មខេត្តព្រៃវែង គឺរូបគាត់បានព្យាយាមគាបសង្កត់ទៅលើមន្ត្រីចាស់ៗជាច្រើននៅក្នុងមន្ទីរដោយត្រូវរ៉ូវតែជាមួយលោកអនុប្រធានមន្ទីរ សំ សារុន ជាពិសេសគឺលោកប្រធានការិល័យគណនេយ្យ ស្រស់ ហ៊ន់ និងរួមដៃគ្នាប្រព្រឹត្តិអំពើពុករលួយ។ ចំណែកមន្ត្រីសំខាន់មួយចំនួនផ្សេងទៀតដែលមិនមែនជាបក្ខពួករបស់លោកប្រធានមន្ទីរនោះគឺរាល់ការងារទាំងអស់មិនត្រូវបានគេអោយដឹងឭទេ។ មិនត្រឹមតែប៉ុណ្តោះ គឺលោកប្រធានមន្ទីរមួយនេះចង់កំចាយមន្ត្រីដែរមិនតាមខ្លួនចេញពីតំណែងដើម្បីងាយស្រួលលាក់បាំងរឿងអាស្រូវពុករលួយ។
តាមប្រភពបានអោយដឹងថាចាប់តាំងពីលោក អ៊ុក សំណាង បានមកកាន់តំណែងជាប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងគឺជីវភាពរបស់គាត់អភិវឌ្ឍន៍យ៉ាងលឿនដូចជាការទិញដីធ្វើផ្ទះនៅក្រុងព្រៃវែងក្នុងតម្លៃរាប់ម៉ឺនដុល្លារនិងបច្ចុប្បន្នកំពុងតែធ្វើផ្ទះពីរជាន់នៅខេត្តស្វាយរៀងក្នុងតម្លៃរាប់ម៉ឺនដុល្លារថែមទៀតផង។ កាលពីលោក អ៊ុក សំណាង នៅជាមន្ត្រីតូចតាចក្នុងមន្ទីរកសិកម្មខេត្តស្វាយរៀងដែលមានតំណែងត្រឹមអនុប្រធានការិយាល័យកសិនោះគឺរូបគាត់មានជីវភាពមិនសូវជាធូរធារនិងមានផ្ទះមានតម្លៃថ្លៃទេ តែក្រោយពីរូបគាត់បានឡើងជាប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងអ្វីៗគ្រប់យ៉ាងគឺរូបគាត់មាននេះបង្ហាញពីការប្រព្រឹត្តិអំពើពុករលួយដ៏ធ្ងន់ធ្ងររបស់ពួកគាត់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
មន្ត្រីជាច្រើននៅក្នុងមន្ទីរកសិកម្មខេត្តព្រៃវែង បានអំពាវនាវសុំអោយលោកអភិបាលខេត្តព្រៃវែង ហាស់ សារ៉េត និងក្រុមប្រឹក្សាខេត្ត លោករដ្ឋមន្ត្រីក្រសួងកសិកម្ម អ៊ុក រ៉ាប៊ុន និងជាពិសេសលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរប្រញ៉ាប់ស្រាវជា្រវករណីនេះដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងមូលនៅក្នុងខេត្តព្រៃវែងនិងផ្តល់យុត្តិធម៌ដល់មន្ត្រីរងគ្រោះ៕