លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមេរដ្ឋបាលជលផលថ្មីដែលទើបចូលកាន់តំណែងជំនួសលោក ណៅ ធួក ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីជលផលខេត្តកណ្តាលធ្វើអ្វីៗតាមអំពើចិត្ត។ ជាពិសេសក្រសួងកសិកម្មត្រូវចាត់វិធានការលើលោក ឃ្លាំង វណ្ណធុល តែម្តងព្រោះនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលរូបនេះគិតតែពីរឿងប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។
ប្រជាពលរដ្ឋខ្មែររស់នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បានអំពាវនាវដល់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធឲ្យជួយចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងដែនទ្បូត៍លេខ៩ ព្រោះជនជាតិយួនបានប្រើប្រាស់ឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់របស់ជនជាតិយួនបានកើតទ្បើងតាំងពីឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែសមត្ថកិច្ចមិនចាត់វិធានការបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរឃុំ អាជ្ញាធរស្រុក និងមន្ត្រីជលផលគឺជាអ្នកបើកដៃឲ្យជនជាតិយួនប្រើឧបករណ៍នេសាទខុសច្បាប់តាមអំពើចិត្ត ដើម្បីផលប្រយោជន៍។
មន្ត្រីជលផលខេត្តកណ្តាលដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឃ្លាំង វណ្ណធុល ត្រូវបានប្រជាពលរដ្ឋស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល រិះគន់ថាឃុបឃិតគ្នាបើកដៃឲ្យជនជាតិយួនប្រើឧបករណ៍ខុសច្បាប់មកនេសាទក្នុងទឹកដីខ្មែរយ៉ាងពេញបន្ទុក។
តាមការអះអាងរបស់ប្រជាពលរដ្ឋភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងទៀតថា ការដែលមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបើកដៃឲ្យជនជាតិយួនប្រើឧបករណ៍ខុសច្បាប់នោះ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់ដែលប្រកបរបរនេសាទចិញ្ចឹមជីវិត។ ជាក់ស្តែងជនជាតិយួនបានប្រើស្បៃអួនក្រទ្បាញឹក និងប្រើខ្សែភ្លើងដាក់តាមអួន ដើម្បីឆក់ត្រី ហើយដាក់ពេញព្រែកទាំងអស់គឺពេញពោះព្រែកតែម្តង ជាប់ត្រីម្តងៗរាប់តោន ដែលជាអំពើខុសច្បាប់ទាំងស្រុង។ ប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរខេត្តកណ្តាលនិងក្រសួងកសិកម្មចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះមន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាលក៏ដូចជាអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តនេះគឺជាអ្នកនៅពីក្រោយខ្នងបទល្មើសខុសច្បាប់ជាចំហរមិនញញើតនិងអង្អភាពប្រឆាំងអំពើពុករលួយ ៕