កំពង់ធំ៖ ក្នុងរយៈកាលចុងក្រោយនេះកំដៅនៃបទល្មើសព្រៃឈើ និងការកាប់រុករានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនកំពុងតែកើនឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋនិងស្ថាប័ននានាដែលស្រលាញ់នូវធនធានធម្មជាតិមានប្រតិកម្មគ្រប់ទិសទី ជាពិសេសនៅស្រុកសណ្តាន់ ខេត្ត កំពង់ធំ ដែលគ្រប់គ្នាស្គាល់តំបន់នោះថាជាផ្នែកមួយនៃតំបន់ព្រៃឡង់។
បច្ចុប្បន្នតំបន់ព្រៃឡង់ កំពុងត្រូវបានការពារដោយរាជរដ្ឋាភិបាល បណ្តាញសហគមន៍ព្រៃឡង់ រួមទាំងអង្គការនានាដែលមានទិសដៅការពារព្រៃឈើ និងធនធានធម្មជាតិ ក៏ប៉ុន្តែបទល្មើសកាប់បំផ្លាញព្រៃឈើនិងការរុករានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិបុគ្គលនៅតែបន្តកើតមានយ៉ាងក្តៅគគុក នៅក្នុងស្រុកសណ្តាន់នេះ ដែលជាហេតុធ្វើអោយមហាជនមានការសង្ស័យយ៉ាងខ្លាំងថា តើអ្នកដែលបំផ្លាញព្រៃឈើនោះជានរណា ហើយមានអំណាចប៉ុណ្ណា ទើបហ៊ានប្រព្រឹត្តទង្វើនេះទាំងដែលដឹងថាតំបន់ព្រៃឡង់នេះជាតំបន់ដែលស្ថាប័ននានាកំពុងយកចិត្តទុកដាក់ក្នុងការការពារ។
ថ្មីៗនេះការសែតក្នុងស្រុកជាច្រើនបានចុះពីបទល្មើសព្រៃឈើនិងការកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទិ្ធបុគ្គល នៅក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំនេះ ជាបន្តបន្ទាប់ដោយដាក់ការសង្ស័យទៅលើលោក អួង ម៉ាលី អធិការស្រុកសណ្តាន់ថាជាអ្នកដែលកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទិ្ធផ្ទាល់ខ្លួននិងជាអ្នកដែលនៅពីក្រោយឈ្មួញធំ ដែលរកស៊ីកាប់បំផ្លាញព្រៃឈើ។
លោក ឈៀង វុទ្ធី សកម្មជនបណ្តាញសហគមន៍ព្រៃឡង់ហើយក៏ជាបុគ្គលដែលការពារព្រៃឡង់ក្នុងស្រុកសណ្តាន់នេះអស់ជាច្រើនឆ្នាំ បានប្រាប់សារព័ត៌មាន បណ្តាញអ្នកស៊ើបការពិសេសថា៖ រូបវន្ត បុគ្គលដែលប្រព្រឹត្តបទល្មើសព្រៃឈើច្រើនជាងគេដែលគ្រប់គ្នានៅស្រុកសណ្តាន់បានអោយរហ័សនាមថាជាអធិរាជឈើនោះមានឈ្មោះថា យាយ រឺម ហើយនីតិបុគ្គលដែលបង្ករអោយមានបទល្មើសព្រៃឈើច្រើនជាងគេនោះគឺ ក្រុមហ៊ុន ៩៥។ លោក ឈៀង វុទ្ធីបានបញ្ជាក់ថា ក្រុមហ៊ុន៩៥នេះជាក្រុមហ៊ុនមានដីសម្បទានសង្គមកិច្ចនៅកែងព្រះអាទិត្យ។ ក្រុមហ៊ុននេះបានធ្វើសកម្មភាពទិញច្បោះពីប្រជាពលរដ្ឋក្នុងតំបន់ព្រៃឡង់ ដែលជាហេតុបណ្តាលអោយមានកំនើននៃវិនាសកម្មព្រៃឈើក្នុងស្រុកសណ្តាន់នេះគួរអោយព្រួយបារម្ភ។
ប្រជាពលរដ្ឋដែលជាសមាជិកនៅក្នុងបណ្តាញសហគមន៍ព្រៃឡង់ជាច្រើននាក់បានផ្តល់ពត៌មានស្រដៀងគ្នាអោយ សារពត៌មាន បានដឹងថា បច្ចុប្បន្នការកាប់រុករានទន្ទា្រនដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទិ្ធបុគ្គលគឺជាវិនាសកម្មធំជាងគេនៅស្រុកសណ្តាន់នេះ។ ពួកគាត់បានចោទប្រកាន់ទៅលើលោកអធិការស្រុកសណ្តាន់ អួង ម៉ាលី ថាជាអ្នកប្រព្រឹត្តនូវទង្វើនេះ៖ លោកអធិការ អួង ម៉ាលី គឺជាបុគ្គលដែលមានអំណាចខ្លាំងនិងជាបុគ្គលដែលបញ្ជាកូនចៅរបស់ខ្លួនទៅឈរជើងការពារដី និងកម្មករដែលទៅកាប់ទន្ទ្រានព្រៃឈើនោះឯង។
លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់បានឆ្លើយតបជាមួយភ្នាក់ងារសារព័ត៌មាន ចំពោះបញ្ហានេះថា៖ លោកមិនទាន់បានចុះទៅត្រួតពិនិត្យនៅតំបន់ដែលទទួលរងនូវការកាប់ទន្ទ្រានដីព្រៃពីសំណាក់លោកអួងម៉ាលី ដូចការចោទប្រកាន់ពីបណ្តាញសហគមន៍ព្រៃឡង់នៅឡើយទេ។ ប្រសិនបើលោកពិនិត្យឃើញថា ការចោទប្រកាន់នេះជាការពិត លោកនឹងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីចាត់វិធានការទៅលើលោក អួង ម៉ាលីនេះតាមនីតិវិធី។
ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ លោក អួង ម៉ាលី អធិការស្រុកសណ្តាន់ បានបំភ្លឺតាមទូរស័ព្ទមកកាន់ភ្នាក់ងារសារព័ត៌មានថា៖ លោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយលោកនឹងចាត់សហការី របស់លោកអោយចុះទៅតាមដានក្នុងរឿងនេះ ថាតើគេចោទប្រកាន់លោក សំអាងទៅលើអ្វី?
គួរបញ្ជាក់ផងដែរថា ទាំងបណ្តាញសហគមន៍ព្រៃឡង់ ទាំងអង្គការក្រៅរដ្ឋាភិបាល ដែលមានកម្មវត្ថុការពារសម្បត្តិធនធានធម្មជាតិ និងសារពត៌មានក្នុងស្រុកមួយចំនួនដែលយកចិត្តទុកដាក់ទៅលើព្រៃឈើបាននិយាយស្រដៀងៗគ្នាថា អធិការស្រុកសណ្តាន់ដែលដឹកនាំដោយលោក អួង ម៉ាលី បង្ក្រាបបានតែអ្នកសារព័ត៌មាននិងអង្គការដែលការពារព្រៃឈើយកទៅដាក់គុកតែប៉ុណ្ណោះ ព្រោះពួកទាំងនេះជាឆ្អឹងទទឹង ក ជាមួយអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ នៅស្រុកសណ្តាន់។ អង្គការក្រៅរដា្ឋភិបាលដែលការពារព្រៃឈើនិងអ្នកសារព័ត៌មានក្នុងស្រុកធ្លាប់បានទទូចសុំ និងនៅតែទទូចសុំទៅដល់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត មេត្តាជួយចាត់វិធានការទៅដល់ មន្តី្រខិលខូចដែលកំពុងបំផ្លាញសម្បត្តិធម្មជាតិ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ ប្រមុខរាជរដ្ឋាភិបាលនេះផង ព្រោះថាសម្តេចជាប្រមុខរដ្ឋាភិបាលដែលខិតខំអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើន និងមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន តែបែរជាមានមន្ត្រីថ្នាក់ក្រោមមួយចំនួន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ព្យាយាមធ្វើជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់សម្តេច។
ម្យ៉ាងវិញទៀត សម្តេចធ្លាប់ចេញអនុសាសន៍ថា បើស្រលាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេចតេជោរ មន្រ្តីរាជការទាំងអស់ត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ ប៉ុន្តែ បច្ចុប្បន្នមានមន្ត្រីខិលខូចមួយចំនួននៅក្នុងស្រុកសណ្តាន់បាននឹងកំពុងជាន់ឈ្លីនូវអនុសាសន៍ដ៏ថ្លៃថា្ល របស់សម្តេច ដោយធ្វើទុកបុកម្នេញចំពោះប្រជាជនស្លូតត្រង់ ហើយធ្វើជាខ្នងបង្អែកអោយអ្នកដែលបំផ្លាញព្រៃឈើ និងធ្វើជាអ្នកដែលកាប់បំផ្លាញព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទិ្ធទៅវិញ។ ខ្លួនកាប់ព្រៃរាប់រយហិកតាយកមកធ្វើជាកម្មសិទិ្ធផ្ទាល់ខ្លួនបាន តែបើប្រជាពលរដ្ឋកាប់ព្រៃតែមួយកាំបិត ច្បាស់ជាជាប់គុកមិនខាន។
សារព័ត៌មាន សំណូមពរអោយឯកឧត្តម រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក ប្រធានរដ្ឋបាលព្រៃឈើ រួមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាជា្របជាព័ត៌មាន និងពិនិត្យតាមការគួរ។ សារព័ត៌មាន នឹងរងចាំប្រសាសន៍បំភ្លឺពីសំណាក់ឯកឧត្តម និងជាពិសេស ការស្រាយបំភ្លឺពីសំណាក់ លោកអធិការ អួង ម៉ាលី ក្រោយពីការតាមដានរបស់សហការីលោក។