ខេត្តព្រៃវែង ៖ តាមមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា អស់រយៈពេលជាច្រើន ឆ្នាំមកនេះចាប់ តាំងពីលោក មុំ ច័ន្ទតា រា បាន ឡើងធ្វើជាប្រធាន មន្ទីរខាងលើ គឺរូបគាត់បានប្រើគ្រប់យុទ្ធ សាស្ត្រក្នុងការកឹបកេង ថវិកាជាតិ ផលប្រយោជន៍របស់មន្ត្រី ក្រាមឱវាទ និង ប្រាក់ដែល ប្រមូល ពីតាមវត្តរួម និងប្រាក់ខែគ្រូពុទ្ធិក សិក្សា ដោយប្រធានមន្ទី រមួយនេះហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងឲ្យ តែបានប្រាក់គឺស៊ីមិន ខ្លាចបាបទេ។
តាម ប្រភពបានឲ្យដឹងថា នៅក្នុងមន្ទីរធម្មកា រខេត្តព្រៃវែង គឺចាប់តាំងពីលោក មុំ ច័ន្ទតារា បានឡើងធ្វើជា ប្រធានមន្ទីរ គឺរូបគាត់បានបង្កើត រឿងអាស្រូវ ពុករលួយដ៍ធំធេង ដោយសហការជាមួយប្អូនថ្លៃរបស់គាត់ឈ្មោះ ប៊ុត សុផល ដែលមានតួនាទីជាប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាគណនេយ្យរបស់មន្ទីរ រួមនឹងបេឡា ឈ្មោះ ស៊ុន ទិត្យវិសាល ។ ចំណែកមន្ត្រីសំខាន់ៗផ្សេងទៀតនៅក្នុងមន្ទីរគឺត្រូវបានលោកប្រធានមន្ទីរ មុំ ច័ន្ទតារា ក្រវែងចោលនៅកៀនជញ្ជាំងរាល់កិច្ចការសំខាន់ៗគឺមិនត្រូវបានគេឲ្យដឹងទេ ជាពិសេសគឺការចំណាយថវិកាតែម្តង។
តាមប្រភពបានបញ្ជាក់ថា ដោយសារតែលោកប្រធានមន្ទីរ មុំ ច័ន្ទតារា ជាមនុស្សមានជំនាញខាងពុករលួយនោះគឺក្នុងមួយឆ្នាំៗថវិកាជាតិមិនតិចជាង២០០លានរៀល បានធ្លាក់ចូលហោប៉ៅរបស់គាត់និងបក្ខពួកជាពិសេសរូបគាត់និងលោក ប៊ុត សុផល ដែលជាប្អូនថ្លៃដែលជាអ្នកទទួលបានផលប្រយោជន៍ច្រើនបំផុត។
អំពើពុករលួយដែលលោកប្រធានមន្ទីរ មុំ ច័ន្ទតារា បានធ្វើកន្លងមកគឺការកឹបកេងប្រាក់រេជ្ជទ័យ ប្រាក់បេសសកម្មរបស់មន្ត្រី ប្រាក់ទំនាក់ទំទងសាធារណៈនិងផ្សព្វផ្សាយ ប្រាក់ជួសជុលរថយន្ត ប្រាក់ជួសជុលការិយាល័យ ប្រេងឥន្ធនៈ ប្រាក់ខែគ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យា មន្ត្រីកិច្ចសន្យា ប្រាក់ថែមម៉ោងរបស់គ្រូពុទ្ធិកសិក្សា និងប្រាក់ប្រមូលពីតាមវត្តសំរាប់ទ្រទ្រង់សាលាពុទ្ធិកសិក្សាខេត្ត។
តាមប្រភពបានបញ្ជាក់បន្ថែមថា សំរាប់ឆ្នាំ២០១៤ ខណៈពេលរាជរដ្ឋាបាលបំបាត់អំពើពុករលួយនៅតាមក្រសួងស្ថាប័ននោះ ។ប៉ុន្តែនៅមន្ទីរធម្មការខេត្តព្រៃវែងគឺនៅតែមានអំពើពុករលួយដ៍ធ្ងន់ធ្ងរមិនខុសគ្នាពីឆ្នាំ២០១៣ទេ ។ជាក់ស្តែងក្នុងឆ្នាំ២១០៤កន្លងទៅគឺមន្ទីរមួយនេះបានចំណាយថវិកាអស់រហូតជាង៦០០លានរៀល ដោយក្នុងនោះការចំណាយលើបន្ទុកបុគ្គលិកអស់ជា៤០០លានរៀល។ ហើយការចំណាយទាំងនោះគឺសុទ្ធតែមានអំពើពុករលួយ នៅគ្រប់ជំពូកដូចជា ប្រាក់នៅជំពូក៦០ដែលមានការចំណាយអស់ខ្ទង់១០០លានរៀល ដោយត្រូវលោកប្រធាននិងបក្ខពួកកឹបកេងអស់មិនតិចជាង៣០% លើកលែងតែប្រាក់ថ្លៃទឹកនិងភ្លើងចេញ។ ប្រាក់នៅជំពូក៦១មានចំនួយជាង១០លានរៀល សម្រាប់ជួសជុលកញ្ចាស់របស់មន្ទីរមួយគ្រឿងដែលមានតម្លៃមិនដល់១០លានរៀលផងគឺត្រូវបានគេចំណាយជួសជុលអស់រហូតជាង១០លានរៀលដោយគេយករថយន្តទៅជួសជុលនៅយាន្តដ្ឋាន អ៊ុក ឃន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១១ ភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង តាមរបៀបជួសជុលដោយគណៈកម្មាធិការលទ្ធកម្ម។ ប៉ុន្តែប្រធានមន្ទីរមួយនេះបានទទួលចំណែកពីម្ចាស់យាន្តដ្ឋានយ៉ាងតិច១០លានរៀល ។ ប្រាក់សម្រាប់ជួសជុលសម្ភារៈការិយាល័យត្រូវបានគេចំណាយអស់ខ្ទង់៤លានរៀល ។ប៉ុន្តែដូចជាគ្មានជួសជុលអ្វីអស់ប្រាក់ដល់ខ្ទង់លានរៀលទេ។ សម្រាប់ប្រាក់នៅជំពូក៦២ដែលត្រូវបានគេចំណាយអស់ខ្ទង់៧០លានរៀល ក្នុងនោះប្រាក់សម្រាប់ទំនាក់ទំនងសាធារណៈខ្ទង់២០លានរៀល គឺត្រូវបានគេកឹបកេងយ៉ាងតិចអស់៧០% ។ សម្រាប់ប្រាក់ចំណាយទូទាត់សោហ៊ុយក្នុងប្រទេសត្រូវបានគេចំណាយអស់ខ្ទង់៥០លានរៀល ។ប៉ុន្តែប្រាក់នេះត្រូវបានគេកាត់យកពីមន្ត្រីដែលបានបំពេញបេសសកម្មក្នុងម្នាក់ៗយ៉ាងតិច៣០% ហើយរួមនិងការបំប៉ោងចំនួនបេសសកម្មរបស់មន្ត្រីជាពិសេសចំនួនបេសសកម្មរបស់លោកប្រធានមន្ទីរនិងបក្ខពួកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សម្រាប់ការចំណាយលើជំពូក៦៤គឺអស់ទឹកប្រាក់ជាង៤០០លានរៀល ក្នុងនោះប្រាក់មួយចំនួនត្រូវបានប្រធានមន្ទីរនិងបក្ខពួកកឹបកេងបានដ៍ច្រើនសន្ធឹកសន្ធាប់ដូចជា ប្រាក់បន្ថែមម៉ោងរបស់គ្រូពុទ្ធិកសិក្សាដែលមានការចំណាយអស់ខ្ទង់៧០លានរៀល។ ប៉ុន្តែប្រាក់នេះត្រូវបានគេកឹបកេងមិនតិចជាង៥០% ប្រាក់របស់មន្ត្រីកិច្ចសន្យា និងប្រាក់ខែគ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យាគឺចំណាយអស់ទឹកប្រាក់ខ្ទង់១២០លានរៀល ក្នុងនោះមានគ្រូពុទ្ធិកសិក្សាជាប់កិច្ចសន្យាខ្ទង់៦០នាក់ក្នុងគ្រូម្នាក់ៗគឺគេកាត់យកប្រាក់ខែក្នុងមួយអង្គ/នាក់ ត្រូវគេកាត់មិនតិចជាង១០ម៉ឺនរៀល ។ មន្ត្រីជាប់កិច្ចសន្យាជាង២០នាក់គឺត្រូវបានគេកាត់យកប្រាក់អស់ចំនួន១២ម៉ឺនរៀល ក្នុងមួយឆ្នាំ។ ហើយទាំងគ្រូពុទ្ធិកសិក្សានិងមន្ត្រីជាប់កិច្ចសន្យាសរុបជិត៩០អង្គ/នាក់ ក្នុងនោះមានឈ្មោះខ្មោចមួយចំនួន សម្រាប់ប្រាក់ខែឈ្មោះខ្មោចគឺត្រូវបានគេស៊ីទាំងអស់ដោយម្ចាស់មិនបានមួយកាក់មួយសេនទេ។ ចំពោះប្រាក់ដែលមន្ទីរធម្មការប្រមូលពីតាមវត្តក្នុងមួយឆ្នាំមួយវត្តបង់ឱ្យមន្ទីរចំនួន៣ម៉ឺនរៀល សរុបទូទាំងខេត្តបានជាង១២លានរៀល សម្រាប់ទ្រទ្រង់សាលាពុទ្ធិកសិក្សាខេត្តគឺប្រាក់នេះគេស៊ីដាច់អស់យ៉ាងច្រើន។
តាមប្រភពបានឲ្យដឹងថា ទោះបីលោក មុំ ច័ន្ទតារា ប្រព្រឹត្តអំពើពុករលួយបានប្រាក់ច្រើនរស់នៅក្នុងភាពមានបាន ។ប៉ុន្តែរូបគាត់នៅតែមិនស្កប់ស្កល់ទេ ហើយរូបគាត់តែងតែរកលេសគៀបសង្កត់ទៅលើមន្ត្រីដែលមិនស៊ីខ្សែជាមួយគាត់នឹងបក្ខពួក។ ក្រៅពីនោះនៅពេលថ្មីៗនេះលោកប្រធានមន្ទីរមុំ ច័ន្ទតារា បានរៀបចំសំណើរសុំតែងតាំងប្អូនថ្លៃរបស់ខ្លួនគឺលោក ប៊ុត សុផល ឲ្យឡើងជាអនុប្រធានមន្ទីរដើម្បីចាំស្នងតំណែងជាប្រធានមន្ទីរពីរូបគាត់ ។ប៉ុន្តែត្រូវអនុប្រធានទាំងពីរប្រឆាំងជំទាស់ធ្វើគម្រោងការរបស់គាត់ត្រូវបរាជ័យ ។
តាមប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីជាច្រើននៅក្នុងមន្ទីរធម្មការខេត្តព្រៃវែងគឺមិនពេញចិត្តនិងការដឹកនាំរបស់លោកប្រធានមន្ទីរ មុំ ច័ន្ទតារា ទេហើយមានគម្រោងយករឿងនេះប្តឺងទៅក្រសួងឲ្យដោះស្រាយ។ ប៉ុន្តែពួកគាត់មិនសូវមានជំនឿលើក្រសួងទេ។ ព្រោះកន្លងមកពួកគាត់បានមើលឃើញមន្ត្រីសំខាន់ៗនៅក្នុងក្រសួងធម្មការដូចជាលោករដ្ឋលេខាធិការ ផ្លោ ថន លោកអនុរដ្ឋលេខាធិការ សេង សុមុនី និងលោកស្រីអគ្គនាយករដ្ឋាបាល និងហិរញ្ញវត្ថុ កែវ សុធារី បានរួមដៃគ្នា បង្ក្រាប មន្ត្រីតូចតាចដែលទម្លាយរឿងអាស្រូវមេរបស់ខ្លួនដូចជាករណីរឿង លោកប្រធានមន្ទីរធម្មការខេត្តពោធិសាត់ នូ ផេង និងប្រធានមន្ទីរធម្មការខេត្តកោះកុង លោក ដួង សាវឿន និងកូនស្រីជាអនុប្រធានមន្ទីរ វ៉ា រ៉ាវី ដែលបានប្រព្រឹត្តអំពើពុករលួយកឹបកេងថវិកាជាតិនិងផលប្រយោជន៍មន្ត្រីក្រោមឱវាទដ៍ធ្ងន់ធ្ងរ មន្ត្រីសំខាន់ៗដែលមានឈ្មោះ នៅក្នុងក្រសួងមួយនេះមិនបានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីខិលខូចទេ ផ្ទុយទៅវិញមន្ត្រីថ្នាក់ដឹកនាំទាំងនេះ បែជាគំរាមមិនឲ្យមន្ត្រីរងគ្រោះតតាំងឬចេះដឹងពីរឿងធ្វើមិនត្រឹមត្រូវរបស់ប្រធានមន្ទីរដែលប្រព្រឹត្តខុសទេ ហើយព្រមានមិនឲ្យមន្ត្រីរងគ្រោះទាំងនោះឈប់ទំនាក់ទំនងនិងផ្តល់ព័ត៌មានទម្លាយរឿងអាស្រូវទាំងអស់មកកាសែតទៀតផង។
មន្ត្រីនៅមន្ទីរធម្មការខេត្តព្រៃវែងគឺមានសង្ឃឹមតែទៅលើអង្គភាពប្រឆាំងអំពើពុករលួយដែលអាចចាត់វិធានការនិងបង្ក្រាបលោកប្រធានមន្ទីរ មុំ ច័ន្ទតារា និងបក្ខពួកបាន៕