ភ្នំពេញ៖ប្រភពបានទម្លាយឲ្យ ដឹងថាមាន ក្រុមមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីសំខា ន់ៗរបស់ក្រសួងអភិវឌ្ឍន៍ ជនបទបាន ធ្វើការឃុបឃិតគ្នា ជាប្រព័ន្ធលើការដាក់ ដេញថ្លៃលក់សម្ភារៈ ចាស់ៗរបស់ក្រសួងដោយ ប្រកាន់បក្ខពួក និងមិនអនុញ្ញាតឲ្យ ឈ្មួញដែលមិនមែន ជាដៃគូបក្ខពួក របស់គេមាន ឱកាសក្នុងការដាក់ពាក្យសុំចូលរួមដេញថ្លៃទិញសម្ភារៈទាំងនោះឡើយ។ ដោយប្រធាននាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុនិងមន្ត្រីដែលកាន់ពាក្យសុំចូលរួមដេញថ្លៃទិញ សម្ភារៈរបស់ក្រ សួងមិនលក់ពាក្យ សុំចូលដេញថ្លៃ ដោយរកលេស ថាមន្ត្រីដែលកាន់ពាក្យ សុំដេញថ្លៃទិញ ជាប់រវល់បេសកកម្ម ទៅខេត្តឆ្ងាយៗហើយឲ្យរង់ចាំពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺអោយទៅរកទិញពាក្យសុំដេញថ្លៃក្រុមន្ត្រីទាំងនោះថាមន្ត្រីដែលកាន់ការងារនោះទៅបំពេញការងារនៅខេត្តឆ្ងាយនិងយូរថ្ងៃរហូត។
តាមឈ្មួញម្នាក់បានឲ្យដឹងថាកាលពីដើមខែកុម្ភៈរូបគាត់បានអានសារព័ត៌មានគឺឃើញមានការចុះផ្សាយសេចក្តីប្រកាសជូនដំណឹងស្តីពីការដាក់ដេញថ្លៃលក់សម្ភារៈចាស់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនោះមានរថយន្តពីរគ្រឿង ម៉ូតូពីរគ្រឿងនិងម៉ាស៊ីនភ្លើងមួយគ្រឿងដោយមានតម្លៃមូលដ្ឋានក្នុងតម្លៃសម្ភារៈនិមួយៗចំនួនពីរលានរៀល ហើយពិធីដេញថ្លៃនិងប្រព្រឹត្តទៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ។ ដោយក្នុងសេចក្តីប្រកាសនោះបានដាក់កំណត់ថា បើអ្នកចង់ចូលរួមដេញថ្លៃគឺតម្រូវឲ្យទៅទិញពាក្យដេញថ្លៃនិងដាក់ពាក្យដេញថ្លៃឲ្យបានមុនពេលផុតកំណត់គឺល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយក្នុងសេចក្តីស្តីពីការជូនដំណឹងនោះគឺតម្រូវឲ្យអ្នកមានបំណងចូលរួមដេញថ្លៃត្រូវទៅទំនាក់ទំនងនៅនាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុ រៀងរាល់ម៉ោងធ្វើការដោយក្នុងលិខិតនោះមានការចុះហត្ថលេខាដោយលោករដ្ឋលេខាធិការ សួស គង់ ផងដែរ។ ក្រោយបានឃើញសេចក្តីជូនដំណឹងនេះក្នុងនាមរូបគាត់ជាឈ្មួញតូចតាចម្នាក់បានទៅកាន់នាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុនៃក្រសួងអភិវឌ្ឍន៍ជនបទចំនួន៥លើកដើម្បីទិញពាក្យសុំចូលរួមដេញថ្លៃ ។ប៉ុន្តែការធ្វើដំណើរទៅសុំទិញពាក្យដេញថ្លៃមិនទទួលបានលទ្ធផលទេ
ដោយទាំងលោកប្រធាននាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុ បាន សុម៉ារ៉ា និងមន្ត្រីមួយចំនួននៅក្នុងនាយកដ្ឋាននេះបានអះអាងថាអ្នកកាន់ពាក្យសុំដេញថ្លៃមិននៅកន្លែងធ្វើការនិងចុះទៅបេសកម្មនៅខេត្តឆ្ងាយរហូតពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺពុំអាចទិញពាក្យសុំចូលរួមដេញថ្លៃបាន។ ដោយការខិតខំក្នុងការសុំទិញពាក្យចូលរួមដេញថ្លៃនោះគឺរូបគាត់ជាឈ្មួញបានស្វែងរកលេខទូរស័ព្ទអ្នកកាន់ពាក្យដេញថ្លៃក្រោយពីបានលេខទូរស័ព្ទនោះ រូបគាត់បានទូរស័ព្ទទៅសួរដើម្បីរកទិញពាក្យដេញថ្លៃគ្រាន់តែទូរស័ព្ទចូលភ្លាមសួរសុំទិញពាក្យដេញថ្លៃ មន្ត្រីរូបនោះបានឆ្លើយថាជាប់រវល់និងបិទទូរស័ព្ទ ទោះបីមន្ត្រីរូបនោះបិទទូរស័ព្ទមិននិយាយជាមួយ រូបគាត់ជាឈ្មួញនៅតែព្យាយាមទៅទូរស័ព្ទទៅសួរមួយថ្ងៃពីរទៅបីដងគឺមន្ត្រីរូបនោះមិនលើកទូរស័ព្ទនិយាយជាមួយ។ ដោយចង់ដឹងបន្ថែមរូបគាត់បានយកទូរស័ព្ទលេខផ្សេងតេទៅគឺមន្ត្រីរូបនោះបានលើកទទួលហើយនៅពេលសួររឿងសុំទិញពាក្យដេញថ្លៃគាត់ឆ្លើយថាថ្ងៃទី២៧ ខែកុម្ភៈ ដែលចំថ្ងៃគេដេញថ្លៃគឺទើបគាត់មកដល់ភ្នំពេញវិញ។
តាមឈ្មួញដដែលបានបន្តឲ្យដឹងថាដោយសារតែមើលឃើញនូវភាពមិនប្រក្រតីក្នុងរឿងនេះ រូបគាត់បានទូរស័ព្ទជាច្រើនដងទៅកាន់លោកប្រធាននាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុគឺមុនៗគាត់និយាយជាមួយដោយបង្វែរលិចបង្វែរកើតឲ្យចាំថ្ងៃនេះចាំថ្ងៃនោះ ចាំមន្ត្រីដែលកាន់ពាក្យសុំដេញថ្លៃមកវិញ ។ប៉ុន្តែនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ រូបគាត់បានទៅកាន់នាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុរបស់ក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់សង្ឈឹមនៅពេលនិយាយពីរឿងសុំទិញពាក្យចូលដេញថ្លៃគឺត្រូវបានលោកប្រធាននាយកដ្ឋានអះអាងថាគ្មានពាក្យដេញថ្លៃទិញសម្ភារៈលក់ទេព្រោះពាក្យដេញថ្លៃនេះគេទិញអស់ហើយ។
តាមឈ្មួញដដែលបានបញ្ជាក់ឲ្យដឹងថាដោយឃើញទិដ្ឋភាពមិនប្រក្រតីរូបគាត់បានទូរស័ព្ទទៅកាន់លោកនាយករដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង ជួប សំអាត ហើយត្រូវបានលោកអគ្គនាយករូបនេះឆ្លើយដោះសារថារូបគាត់មិនមែនអ្នកទទួលបន្ទុកលើការងារនេះទេ ដោយរុញឲ្យទៅទំនាក់ទំនងជាមួយអ្នកដែលកាន់ការងារនេះទៅ ហើយនៅពេលរូបគាត់ជាឈ្មួញសួរថានាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុចំណុះអោយអគ្គនាយកដ្ឋានរបស់លោកម៉េចក៏លោកថាមិនដឹងលោកអគ្គនាយកបិទទូរស័ព្ទតែម្តង។ ក្រោយមកទៀតរូបគាត់បានទូរស័ព្ទសួរទៅកាន់លោករដ្ឋលេខាធិការ សួស គង់ ហើយត្រូវបានលោករដ្ឋលេខាធិការឆ្លើយថាឲ្យទំនាក់ទំនងទៅលោកអនុរដ្ឋលេខាធិការ ហួត សារឹម ដោយលោករដ្ឋលេខាធិការបានបញ្ជាក់ថាចាំគាត់ប្រាប់ទៅលោកអនុរដ្ឋលេខាធិការ ហួត សារឹម សួរនាំរឿងនេះឲ្យរូបគាត់។ ហើយនៅពេលទូរស័ព្ទសួរទៅលោកអនុរដ្ឋលេខាធិការ ហួត សារឹមនោះលោកអនុរដ្ឋលេខាធិការរូបនេះបានអះអាងថាគាត់នឹងសាកសួរទៅមន្ត្រីជំនាញ មួយសន្ទុះក្រោយមករូបគាត់បានទូរស័ព្ទម្តងទៀតទៅកាន់លោកអនុរដ្ឋលេខាធិការហើយនៅពេលនោះលោកអនុរដ្ឋលេខាធិការបានឆ្លើយថារសៀលថ្ងៃទី២៤ ខែកុម្ភៈ គឺមន្ត្រីដែលកាន់ការងារនេះនឹងមកដល់កន្លែងអាចទៅទិញពាក្យបានហើយ។ ដោយមិនអស់ចិត្តនិងចង់ដឹងកាន់តែច្បាស់ព្រោះថ្ងៃដេញថ្លៃទិញសម្ភារៈរបស់ក្រសួងឈានចូលជិតមកដល់នោះរូបគាត់ក៏បានយកលេខទូរស័ព្ទផ្សេងដែលមន្ត្រីជំនាញកាន់ពាក្យសុំដេញថ្លៃនោះមិនស្គាល់លេខតេទៅមន្ត្រីជំនាញរូបនោះក្នុងពេលនោះរូបគាត់បានសួរមន្ត្រីជំនាញនោះ ក្រោយពីមន្ត្រីជំនាញរូបនោះបានស្គាល់សម្លេងនឹងដឹងច្បាស់ថាអ្នកសុំទិញពាក្យដេញថ្លៃជាអ្នកទូរស័ព្ទទៅមន្ត្រីជំនាញរូបនោះបានឆ្លើយថាចាំខ្ញុំត្រឡប់ពីខេត្តរតនៈគីរីមកវិញនៅថ្ងៃទី២៧ ខែកុម្ភៈដែលជាថ្ងៃត្រូវប្រកាសលទ្ធផលនៃការដេញថ្លៃទិញសម្ភារៈរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ដោយសារឃើញទង្វើនិងសកម្មភាពរបស់មន្ត្រីទាំងធំទាំងតូចនៅក្រសួងអភិវឌ្ឍន៍ជនបទ
ធ្វើដូច្នេះមកលើរូបគាត់មិនឲ្យមានឱកាសចូលរួមដេញថ្លៃទិញសម្ភារៈទាំងនោះ រូបគាត់សង្ស័យថាការដាក់ដេញថ្លៃលក់សម្ភារៈចាស់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទនោះគឺជាការឃុបឃិតគ្នាធ្វើការដេញថ្លៃតាមរបៀបដេញថ្លៃដេកចងមុងនិងមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរជាមិនខាន ហើយតម្លៃដែលគេដេញបាននោះគឺមិនខ្ពស់ជាងតម្លៃគោលប៉ុន្មានទេ។ ព្រោះថាឈ្មួញដែលមិនមែនជាបក្ខពួករបស់មន្ត្រីមានអំណាចនៅក្នុងក្រសួងមួយនេះគឺគ្មានឱកាសក្នុងការចូលរួមដេញថ្លៃ។ បើមន្ត្រីទាំងនោះចង់បញ្ជាក់ថាខ្លួនជាអ្នកស្អាតស្អំគួរតែបើកឳកាសឲ្យឈ្មួញផ្សេងៗដែលចង់ចូលរួមដេញថ្លៃ គឺទិញពាក្យដេញថ្លៃបានដោយមិនបាច់គេចវេសថាមន្ត្រីកាន់ការងារនេះមិននៅកន្លែងនោះទេ ហើយនាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុដែលមានមន្ត្រីរាប់សិបនាក់បែរជាគ្រាន់តែពាក្យសុំចូលរួមដេញថ្លៃមួយមនុស្សម្នាក់មិននៅគ្មានអ្នកកាន់ការងារជំនួសនោះជារឿងមិនគួរឲ្យជឿ ចុះប្រធាននិងអនុប្រធាននាយកដ្ឋានជាច្រើនអ្នកទៀតធ្វើអ្វី? ធម្មតាលិខិតបែបនេះគឺប្រាកដជាមានឯកសារដើមនៅប្រធាននាយកដ្ឋានហើយប្រសិនបើគេចង់យកលិខិតនេះមកលក់ឲ្យឈ្មួញសំរាប់បំពេញបែបបទចូលរួមដេញថ្លៃនោះមិនពិបាកទេ ដោយគ្រាន់តែគេថតចម្លងឯកសារពីក្នុងកុំព្យូទ័រហើយបោះត្រានិងប្រគល់អោយឈ្មួញនោះជាការស្រេច ដោយសារពួកគាត់ជាមន្ត្រីពុករលួយគឺចេះតែរកល្បិចកលគ្រប់បែបយ៉ាងធ្វើអោយឈ្មួញដែលមិនមែនជាបក្ខពួករបស់គាត់គ្មានឱកាសចូលរួមដេញថ្លៃ បញ្ហានេះគឺជាការធ្វើអោយខាត់បង់នៅចំណូលថវិកាជាតិហើយផលប្រយោជន៍ធ្លាក់មកលើតែបក្ខពួកគាត់តែប៉ុណ្ណោះ។
ឈ្មួញរូបនោះក៏បានអំពាវនាវសូមលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការស្រាវជ្រាវលើករណីនេះដើម្បីជាការព្រមានដល់មន្ត្រីខិលខូចដទៃទៀត៕