ប្រភព ពីប្រជាពលរដ្ឋ នៅឃុំស្រែគបាន ឲ្យដឹងថា ឈើប្រណីត និងឈើប្រភេទលេខ១ នៅខាងក្រៅ បរិវេណ អាងស្តុក ទឹកនៃគម្រោង ទំនប់វារីអគ្គិសនី សេសានក្រោម២ កំពុងទទួលរង នូវការបំផ្លាញ ទាំងយប់ទាំងថ្ងៃ ។ ពាក់ព័ន្ធនឹង បញ្ហានេះលោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង តុលា មេរដ្ឋបាលព្រៃ ឈើខេត្តស្ទឹង ត្រែងនាំ គ្នាសម្ងំស្ងាត់ឈឹង ធ្វើមិន ដឹងមិនឮអ្វី ទាំងអស់ ហើយបណ្តោយ ឲ្យមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ធ្វើអ្វីៗ តាមអំពើចិត្ត ។ សកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា គឺជាការបំពានលើបទបញ្ជាលេខ០០២ របស់លោក ហ៊ុន សែន យ៉ាងច្បាស់ក្រទ្បែត ដូច្នេះក្រសួងបរិស្ថានដែលមានលោក សាយ សំអាល់ ជារដ្ឋមន្ត្រីនិងក្រសួងកសិកម្មដែលមានលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកសេសាន ខេត្តស្ទឹងត្រែងបានឲ្យដឹងថា គម្រោងសាង សង់ទំនប់វារីអគ្គិសនីសេសានក្រោម២កំពុងនាំមកនូវមហន្តរាយព្រៃឈើនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់យ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រុមហ៊ុនម៉ៅការសម្អាតផ្ទៃអាងស្តុកទឹកនៃគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានមេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា ជាអ្នកទទួលខុសត្រូវកំពុងបំពានកាប់ឈើក្រៅបរិវេណផ្ទៃអាងស្តុកទឹកធ្វើអាជីវកម្មខុសច្បាប់យ៉ាងអនាធិបតេយ្យ។ សកម្មភាពកាប់ឈើក្រៅអាងស្តុកទឹករបស់មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា គ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានទប់ស្កាត់ទេ ព្រោះគេដឹងថាឈ្មួញរូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីយោធាជាន់ខ្ពស់នៅក្បែរ ហ៊ុន សែន ។
តាមប្រភពពីមន្ត្រីសាលាខេត្តស្ទឹងត្រែង ដែលតាមដានគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២បានឲ្យដឹងថា សកម្មភាពឈូសឆាយព្រៃប្រមូលឈើក្នុងអាងស្តុកទឹកដំណើរការបានប្រមាណ២០ភាគរយហើយក្នុងទំហំផ្ទៃដី២៦ ០០០ហិកតា។ មេឈ្មួញលឹម ប៊ុណ្ណា ហៅខ្នា មិនត្រឹមតែបំផ្លាញព្រៃឈើក្នុងបរិវេណអាងស្តុកទឹកប៉ុណ្ណោះទេគឺថែមទាំងបំពានកាប់បំផ្លាញព្រៃឈើប្រណីតនិងឈើប្រភេទលេខ១នៅខាងក្រៅខាងស្តុកទឹក ហើយដឹកជញ្ជូនទៅលក់នៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ពីមុន លោក ហ៊ុន សែន បានសន្យាកាត់.ក ខ្លួនឯងប្រសិនបើមិនអាចទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើបាននោះ បាន ៕