រតនៈគីរីៈ កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមការងាររបស់អង្គការ អភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ ប្រចាំខេត្តរតនៈគីរី បានចុះបំ ពេញបេសកកម្ម នៅចំនុចភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគីរី ដោយបានប្រទះឃើញ គំនរឈើប្រណិត ជាច្រើនរយកំណាត់ ស្ថិតក្នុង ដែន ដីគ្រប់គ្រងរបស់ មន្ត្រីបរិស្ថាន។
លោក ឈីន ម៉ៅ ប្រធាន ស្នាក់ការអង្គការ អភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ ប្រចាំខេត្តរតនៈគីរី បានប្រាប់អ្នកសារព័ត៌មាន បានឲ្យដឹង ថា ក្រោយ ពីបានជម្រាបជូន ដំណឹងទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត រួចមក ក្រុមការងាររបស់ លោក ដោយមានការផ្តល់ ព័ត៌មានពីប្រជា សហគមន៍ និង ការជ្រោមជ្រែង ពីអាជ្ញាធរឃុំ ក្រុមរបស់លោក បានចុះទៅដែន ជំរកសត្វព្រៃលំផាត់ ក៏ប្រទះឃើញគំនរឈើ ជាច្រើនរយម៉ែត្រគីប ដែលគេកាប់ និងជ្រៀកមកបង្គរទុកប្រមាណជាង ៣៥០ កំណាត់នៅក្នុងទឹកដីរបស់មន្ត្រីបរិស្ថាន ហើយឈើទាំងនោះ មានប្រភេទឈើសុក្រម ខ្លុម ដែលមានប្រវែង៣ម៉ែត្រ ប្រហែល៩៤ម៉ែត្រគីប និងឈើប្រណិតផ្សេងៗជាច្រើនម៉ែត្រគីបទៀត ពាសពេញផ្ទៃដែនជំរកលំផាត់។
ស្របពេលដែលមានកម្មករ និងតៃកុងឡានកំពុងធ្វើការនៅទីនោះ ក្រុមការងាររបស់លោកក៏បានសាកសួរទៅកម្មករទាំងនោះ ពួកគាត់ក៏ឆ្លើយថា ឈើទាំងនេះ មិនមែនជាឈើដែលមន្ត្រីបរិស្ថានឃាត់ទុកនោះទេ តែជាឈើរបស់ថៅកែម្នាក់ឈ្មោះអ៊ីពៅ ដែលថៅកែរូបនេះជាអ្នកជួលឲ្យពួកគាត់ដឹកទៅដាក់ក្នុងរោងចក្រ ដោយឲ្យតម្លៃ១០ម៉ឺនរៀលក្នុងមួយគីប។
ក្រោយពីមន្រ្តីរបស់អង្គការបានរាយការណ៍ ជូនព្រះរាជអាជ្ញារង ជាប សុភ័ក្រ អំពីភស្តុតាងទាំងនោះ ក៏ស្រាប់តែមន្រ្តីបរិស្ថានបានយកច្បាប់របស់ក្រុមហ៊ុនឈើ យកមកបំផ្លៃក្នុងគោលបំណងភូតកុហកព្រះរាជអាជ្ញាថា ឈើទាំងនោះមានច្បាប់ត្រឹមត្រូវ តែការពិតឈើទាំងនោះជារបស់ឈ្មួញបំផ្លាញព្រៃឈើ ដែលកាប់បង្គរទុក ត្រៀមដឹកចេញតែប៉ុណ្ណោះ។ ប្រហែលមួយម៉ោងក្រោយមក មានមន្ត្រីបរិស្ថាន៣រូប ដឹកនាំដោយលោក វ៉ាន់ ធីន ជាប្រធានក្រុមប្រដាប់ដោយអាវុធមួយដើម បានស្រែកក្តែងៗដាក់មន្ត្រីអង្គការថា ឈើទាំងនោះ ជាឈើដែលមន្ត្រីបរិស្ថានចាប់រួចហើយ តើនរណាឲ្យមកលុកលុយក្នុងដែនដីរបស់គេ ។
បន្ទាប់មកលោក ធី នាយកដែនជំរកសត្វព្រៃលំផាត់ និងលោក សុង នាយផ្នែករបស់ខ្លួនបានយករថយន្តជាច្រើនគ្រឿងទៅដឹកឈើទាំងនោះ ដោយនិយាយថា យកទៅរក្សាទុកនៅការិយាល័យបរិស្ថាន តែក្រោយពីការស៊ើបអង្កេត ឃ្លំាមើលរបស់មន្ត្រីអង្គការ និងប្រជាសហគមន៍ ទើបដឹងថា លោកនាយកដែនជំរកសត្វព្រៃរូបនេះ ព្យាយាមយកវត្ថុតាងទាំងនោះទៅលាក់ទុកនៅកន្លែងផ្សេងមួយទៀត ដែលនៅឆ្ងាយពីនោះប្រមាណ៣០ ទៅ៤០គីឡូម៉ែត្រជិតក្រុមហ៊ុនដូងប្រេងដែលខ្លួនបានជួល ដើម្បីលាក់ទុក រងចាំមេឈ្មួញទុច្ចរិត យករថយន្តយីឌុបធំៗ មកដឹកចេញ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ឲ្យដឹងថា ករណីខាងលើប្រសិនបើរាយការណ៍ផ្ទាល់មាត់ជូនរដ្ឋមន្ត្រីបរិស្ថានឲ្យជួយអន្តរាគមន៍ភ្លាមៗ គឺមិនបានទេ ព្រោះច្បាប់នីតិរដ្ឋមិនអាច តម្រូវឲ្យមានការដាក់លិខិតចូលរដ្ឋបាលជាមុនសិន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាថា និងជួយអន្តរាគមន៍ក្នុងរឿងនេះ ក្រោយពីអង្កការបានដឹកលិខិតតាមផ្លូវរដ្ឋបាលរួច។
លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនៈគីរី បានឲ្យដឹងថា ករណីខាងលើនេះ ទាល់តែមានការចង្អុលបង្ហាញ ណែនាំពីសំណាក់ឯកឧត្តមអគ្គព្រះរាជអាជ្ញា អ៊ុក សាវុធ ទើបលោកមានទំនុកចិត្តក្នុងការអនុវត្តវិធានការតាមផ្លូវច្បាប់ បានងាយស្រួល។
ទាក់ទិននឹងការចោទប្រកាន់ខាងលើលោក ធី នាយកដែនជំរកសត្វព្រៃលំផាត់ បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទមកកាន់ ថា ឈើដែលក្រុមអង្គការប្រទះឃើញនោះ ជាឈើដែលគ្មានម្ចាស់ទេ ហើយលោកក៏មិនអាចសន្និដ្ឋានបានដែរថាជារបស់អ្នកណា មានចំនួនប៉ុន្មាន ព្រោះបើការផ្តល់ទៅមានខ្វះចន្លោះ អាចនឹងមានបញ្ហាដល់ក្រុមការងាររបស់លោក។ ទាក់ទងនិងរឿងដែលអង្គការខ្លះធ្លាប់បានប្តឹងក្រុមហ៊ុន២ដងរួចមកហើយ ហើយការប្តឹងនោះគ្រាន់តែដើម្បីឲ្យក្រុមហ៊ុនឲ្យលុយកាក់ប៉ុណ្ណោះ តែបើការអនុវត្តតាមនីតិវិធីនោះគឺគ្មានទេ។
លោកបានបន្តថា អង្គការអភិរក្សមានសិទ្ធិត្រឹមតែឃ្លាំមើល និងរាយការណ៍ប៉ុណ្ណោះ ប៉ុន្តែមន្ត្រីអង្គការខ្លះ បានចូលទៅយកលុយ យកកាក់នៅសិប្បកម្ម ឬរោងម៉ាស៊ីនអារឈើ។ លោកបានធ្លាប់ផ្តល់ឯកសារផ្លូវច្បាប់នានារបស់ក្រុមហ៊ុនជូនព្រះរាជអាជ្ញាពិនិត្យរួចហើយ។ ប្រសិនជាអង្គការមានបំណងសហការជាមួយបរិស្ថាន ទាល់តែមានស៊ីញ៉េពីមេ ទើបលោកអនុញ្ញាតិឲ្យចូលដែនដីរបស់លោក ព្រោះមន្ត្រីថ្នាក់ក្រោមត្រូវអនុវត្តទៅតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។
លោកបានបន្តឲ្យដឹងទៀតថា មួយរយៈកាលចុងក្រោយនេះ មានសារព័ត៌មាន និងអង្គការមួយចំនួនព្យាយាមប្តឹងលោកជាច្រើនករណីមកហើយ។ ករណីដែលថាមានម៉ាស៊ីនត្រង់ស៊ីន័រ និងម៉ាស៊ីនរ៉ៃនៅក្នុងដែនអភិរក្សរបស់លោក លោកក៏ធ្លាប់បានចាប់ជាបន្តបន្ទាប់ ហើយលោកក៏សំណូមពរឲ្យ ភ្នាក់ងារអ្នកសារព៏មាន ចុះធ្វើការផ្ទាល់ និងពិនិត្យជាក់ស្តែងជាមួយលោក ជៀសវាងពាក្យចចាមអារាមរបស់ប្រជាពលរដ្ឋមួយចំនួនដែលមិនយល់។ បច្ចុប្បន្នឈើដែលលោក និងក្រុមការងារប្រមូលបាន លោកបានយកទៅទុកនៅស្នាក់ការនានា របស់រិស្ថាន ហើយជាធម្មតា មានភាគីអន្តរក្រសួងចុះមកធ្វើសវនកម្ម និងរាយការណ៍ជូនក្រសួង និងខេត្ត។ លោកក៏បានបញ្ជាក់ជាចុងក្រោយថា ករណីខាងលើនេះ លោកបានរាយការណ៍ជូនថ្នាក់លើរួចរាល់អស់ហើយ។
លោក ស្រី ប៉ូឡូ អនុប្រធានអង្កការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ បានប្រាប់អ្នកសារព័ត៌មានយើងថា ប្រសិនបើមន្ត្រីបរិស្ថានថ្នាក់ក្រោមនិយាយថា គ្មាននរណាម្នាក់មានសិទ្ធិចូលក្នុងដែនដីរបស់លោក ហើយដែនដីនោះលោកជាអ្នកការពារ ចុះហេតុអ្វីទើបបណ្តែតបណ្តោយឲ្យមាន គំនរឈើរាប់រយម៉ែត្រគីប និងឈ្មួញចូលកាប់បំផ្លាញដែនជំរកយ៉ាងគគ្រឹកគគ្រែងបែបនេះ ហើយប្រសិនបើមន្ត្រីបរិស្ថានឃុំឃិតគ្នាជាមួយ អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ហើយព្យាយាមបិទបាំងព័ត៌មានមិនឲ្យថា្នក់លើដឹង និងព្យាយាមបំភ័នស្ថាប័នតុលាការ នូវឯកសារនានា តើព្រៃឈើដែនជំរកនេះ មិនរលាយហិនហោចទេឬ? ហើយតើនរណាទើបមានសិទ្ធិ ជួយការពារសម្បត្តិធនធានធម្មជាតិរបស់ខ្មែរបាន?
លោក ហ៊ុន សុខា ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិបានឲ្យដឹងថា គ្រាន់តែប្រជាពលរដ្ឋសាមញ្ញម្នាក់ក៏មានសិទ្ធិ និងកាតព្វកិច្ចថែរក្សា និងការពារសម្បត្តិធនធានធម្មជាតិរបស់ខ្លួនដែរ ចុះទម្រាំតែអង្គការរបស់លោកដែល អនុវត្តទៅតាមលក្ខន្តិកៈរបស់ខ្លួនដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ហេតុអ្វីមិនអាចមានសិទ្ធិការពារសម្បត្តិធនធានធម្មជាតិបាន? យោងលិខិតលេខ ១០៥ ស.ជ.ណ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃក៏បានអនុញ្ញាតឲ្យអង្គការរបស់លោក សហការជាមួយមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ លោកបានបញ្ជាក់ថា បទល្មើសព្រៃឈើជាបទឧក្រិដ្ឋ យោងតាមមាត្រា១០១ នៃច្បាប់ស្តីពីព្រៃឈើ មន្ត្រីមានសមត្ថកិច្ចដែលដឹងថា មានបទល្មើសព្រៃឈើ កើតមានឡើងហើយមិនព្រមចាត់វិធានការ គឺនឹងត្រូវទទួលទោស និងផាកពិន័យ។
លោក ហ៊ុន សុខា ក៏បានអំពាវទៅដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយពិនិត្យមើលករណីខាងលើនេះផង ព្រោះបើសិនជាមន្ត្រីបរិស្ថានខេត្តរតនៈគីរី ឃុបឃិតគ្នាជាមួយអ្នកប្រព្រឹត្តបទល្មើស គឺមិនគោរពបទបញ្ជារបស់ថ្នាក់លើ ព្រមទាំងមិនគោរពឯកឧត្តមអភិបាលខេត្តដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសជាន់ឈ្លីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតបើមន្ត្រីបរិស្ថានធ្វើរបៀបនេះ គឺដូចជាអ្នកបំផ្លាញព្រៃឈើដែរ តែបំផ្លាញដោយប្រយោល ដូច្នេះហើយសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាពិនិត្យជាបន្ទាន់ ជាសវៀងដូចពាក្យដែលប្រជាពលរដ្ឋតែងតែពោលថា មន្ត្រីបរិស្ថានទៅការពារព្រៃណា រលាយព្រៃនោះ។
លោកមេឃុំជ័យឧត្តម បានសំណូមពរទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងប្រមុខរាជរដ្ឋាភិបាល មេត្តាជួយត្រួតពិនិត្យក្រុមហ៊ុនដែលនៅតំបន់នោះផង ជាពិសេសជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រោះតំបន់នោះលោកសង្កេតឃើញមាន ទាំងការដាក់ម៉ាស៊ីនរៃ និងម៉ាស៊ីនត្រង់ស៊ីន័រ ដែលកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ប្រហែល៣០ ទៅ៤០គ្រឿង ដោយមានទាំងឧកញ៉ាផង មានទាំងឈ្មួញវៀតណាមផង។ លោកមេឃុំបាននិយាយទៀតថា ប្រសិនបើរាជរដ្ឋាភិបាលមិនជួយអន្តរាគមន៍ទេ ប្រហែល២ ទៅ ៣ខែទៀត ដែនជំរកសត្វព្រៃលំផាត់ និងរលាយហិនហោចយ៉ាងសង្វេគ។
ភ្នាក់ងារសារព័ត៌មាន ព្យាយាមទាក់ទងសុំការបំភ្លឺពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនៈគីរី តែមិនអាចទាក់ទងបាន។
ភ្នាក់ងារសារព័ត៌មាន គ្រោងនឹងចុះទៅតំបន់ដែនអភិរក្សសត្វព្រៃលំផាត់ តាមការស្នើសុំពីប្រជាពលរដ្ឋ និងការស្នើសុំរបស់លោកនាយកដែនជំរក ដើម្បីស្វែងរកការពិត និងចុះផ្សាយនៅលេខក្រោយជាបន្តទៀត៕