លោក មេគយប៉ុណ ប៊ុនណា ប្រធានការិយាល័យគយ ប្រចាំនៅច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង (ជំនួសតំណែង លោក វ៉ូ វណ្ណា ទៅកាន់តំណែងប្រធានសាខាខេត្តកណ្តាល) ត្រូវមន្ត្រីគយមួយចំនួន លួចទម្លាយឲ្យដឹងថា បច្ចុប្បន្នបានកំពុងប្រព្រឹត្ត អំពើពុករលួយ តាមរយៈកេងបន្លំថវិកាបង់ពន្ធ ឃុបឃិតជាមួយឈ្មួញរកស៊ីទំនេញគេចពន្ធ ដោយមិនខ្វល់ ពីការកែទម្រង់អ្វីទាំងអស់ ហើយម្យ៉ាងទៀតដោយសារតែ លោក គុណ ញឹម មេគយថ្មី និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពុំដែលបញ្ចេញសាច់ដុំចាត់ការរឿងនេះម្តងណាឡើយ ។
គយនៅច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុងមានការប្រព្រឹត្តអំពើពុករលួយមានទ្រង់ទ្រាយធំផ្គើន នឹង គោលនយោបាយកំណែទម្រង់ស៊ីជម្រៅដែលសម្តេចនាយកយរដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានព្រមានចំពោះស្ថាប័នគយកាលពីដើមអាណត្តិឲ្យឆ្លុះកញ្ចក់ងូតទឹកដុសក្អែល មានន័យថាបញ្ឈប់ប្រព្រឹត្តអំពើពុករលួយជាបន្ទាន់ ព្រោះលទ្ធផលបោះឆ្នោតក្នុងអាណត្តិទី៤នោះគណបក្សប្រជាជនកម្ពុជាបានបាត់កៅអីក្នុងសភារហូតដល់ទៅ២២កៅអី ដោយសារពលរដ្ឋស្អប់ខ្ពើមរឿងមន្ត្រីប្រព្រឹត្តអំពើពុករលួយកិបកេងបន្លំយកលុយជាតិនេះឯង។
ប្រភពបាន ឲ្យដឹងថា ទំនិញ របស់យាយញាប់ មានក្រដាសបញ្ជី អត្រាពន្ធ ៧% ឡានតូច ត្រូវបង់ពន្ធ ៦លានរៀល ថ្លៃបាយ ៣លានរៀល , ឡានធំបង់ពន្ធ ៩លានរៀល បង់ថ្លៃបាយ ៥លានរៀល។ អត្រាពន្ធ ១៥% ឡានតូចបង់ពន្ធ ១០លានរៀល ថ្លៃបាយ ៥លានរៀល , ចាប់ហ៊ួយបូល អត្រាពន្ធ ៣៥% ឡានតូច បង់ពន្ធ ២២លានរៀល ថ្លៃបាយ ៥លានរៀល , ឡានតូចដូចគ្នាដែរបង់ពន្ធ ៨,៥ លានរៀល ថ្លៃបាយ ១១លានរៀល សរសេរទំនិញផ្សេងៗ អត្រា ៧% កង់ឡាន ឡានតូច បង់ពន្ធ ២២លានរៀល ថ្លៃបាយ ៥លានរៀល ត្រូវសរសេរជាកង់ឡាន ហើយប្រេងម៉ាស៊ីន (២០) បូកផ្សេងៗ ឡានធំបង់ពន្ធ ៩លានរៀល ថ្លៃបាយ ១៥លានរៀល ។
មន្ត្រីគយបានបញ្ជាក់ថា ចំពោះទំនិញ មានអត្រាពន្ធខ្ពស់ បង្កប់ជាមួយ ទំនិញមានអត្រាពន្ធទាប ត្រូវគិតបង់ពន្ធ និងថ្លៃបាយ តាមទំនិញអត្រាពន្ធខ្ពស់។ ទំនិញ (ចាប់ហ៊ួយ បូកអត្រាពន្ធ ៣៥%) ចំនួន ៣កុងតឺន័រ ត្រូវសរសេរពន្ធ ២២លានរៀល ឡានតូច ១កុងតឺន័រ និង ២កុងតឺន័រទៀត សរសេរជាទំនិញផ្សេង បង់ពន្ធ ៨,៥លានរៀល ឡានតូច។ ក្រៅពីទំនិញខាងលើ ដែលឈ្មួញបានបង់ពន្ធ និងថ្លៃបាយ ឲ្យលោកមេគយ ប៉ុណ ប៊ុនណា ខាងលើ នៅមានទំនិញផ្សេងៗទៀត ដែលលោកមេគយ ប៉ុណ ប៊ុនណា បានតម្រូវឲ្យអ្នករកស៊ី បង់លុយតាមតែទំនើងចិត្តហើយបានធ្វើឲ្យលោកមេគយ ប៉ុណ ប៊ុនណា មានការលូតលាស់ទ្រព្យសម្បត្តិដ៏មិនប្រក្រតី ដែលមិនមានសមភាពគ្នានឹងប្រាក់បៀវត្សទាល់តែសោះ។
លោកមេគយ ប៉ុណ ប៊ុនណា មិនឲ្យរបូតឡើយសូម្បីតែ ឡានដឹកដំឡូងមី មួយគ្រឿង ២ម៉ឺនរៀល សម្រាប់ថ្លៃបាយ ដែលក្នុងមួយថ្ងៃ យ៉ាងតិច ២០០គ្រឿង រថយន្តដឹកថ្នាំជក់ មួយគ្រឿ ៣០ដុល្លារ រថយន្តដឹកឈើ កៅស៊ូ ៩០ដុល្លារ និងរថយន្តដឹកចំណីសត្វ ៣០ដុល្លារ។ ដោយឡែក នៅមានឈ្មួញ ជាច្រើនទៀត បានឃុបឃិតជាមួយលោកមេគយ ប៉ុណ ប៊ុនណា កេងបន្លំពន្ធ ទៅលើមុខទំនិញ ដែលពួកគេ បាននាំចូលពី ប្រទេសវៀតណាម តាមច្រកត្រពាំផ្លុង និងការនាំទំនិញចេញ ពីកម្ពុជា៕