ខេត្តពោធិ៏សាត់៖ ករណីអំពើពុករលួយ ដ៏ធ្ងន់ធ្ងរដែលបាន កើតមានឡើង នៅមន្ទីរអភវឌ្ឍន៍ជនបទ ខេត្តពោធិ៏សាត់ បច្ចុប្បន្នកំពុងតែធ្វើ ឲ្យមន្ត្រីជា ច្រើន កើតមានការក្តៅ ក្រហាយកាន់តែ ខ្លាំងឡើងៗ ។ដោយសារ តែលោកប្រធានមន្ទីរ ហួន បូនិត និងបក្ខពួក បានកិបកេងថវិកាជាតិ និងថវិកាគំ រោងនិង ពុំបានគិតពី សុខទុក្ខរបស់ មន្ត្រីថ្នាក់ក្រោមដែល មិនមែនជា បក្ខពួក។
តាមប្រភពបានឲ្យដឹងថាអស់រយៈពេលជាង១០ឆ្នាំមន្ត្រីនៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៏សាត់គឺបានកើតមានការក្តៅក្រហាយនិងខឹងសម្បាទៅនឹងលោកប្រធានមន្ទីរ ហួន បូនិត ដោយសារតែលោកប្រធានមន្ទីរជាមនុស្សគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននិងប្រព្រឹត្តអំពើពុករលួយដ៏ធ្ងន់ធ្ងររួមនិងការដឹកនាំមន្ទីរដោយភាពផ្តាច់ការ ។ប៉ុន្តែទោះបីប្រធានមន្ទីររូបនេះប្រព្រឹត្តកំហុសឆ្គងដ៏ធ្ងន់ធ្ងរមែន សម្រាប់មន្ត្រីក្រោមឱវាទគឺគ្មានមន្ត្រីណាហ៊ានប្រឆាំងតបតទៅនឹងលោកប្រធានមន្ទីររូបនេះឡើយ ដោយសារតែលោកប្រធានមន្ទីររូបនេះជាមនុស្សមានខ្នងបង្អែករឹងមាំនិងមានកូនប្រុសជាមន្ត្រីមានអំណាចពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃទើបធ្វើអោយគេមិនអាចប៉ះពាល់រូបគាត់បាន។
ដោយសារតែមានខ្នងបង្អែករឹងមាំ លោកប្រធានមន្ទីរ ហួន បូនិត បានប្រព្រឹត្តអំពើពុករលួយនិងធ្វើអ្វីៗតាមចិត្តដោយគ្មានខ្លាចនរណាឡើយ។ ជាក់ស្តែងនៅឆ្នាំ២០១៣និង២០១៤កន្លងទៅគ្រាន់តែថវិកាជាតិគឺលោកប្រធានមន្ទីរ ហួន បូនិត បានរួមដៃជាមួយលោកស្រីប្រធានការិយាល័យគណនេយ្យ ជា សុខនី និងជាក្មួយរបស់លោករដ្ឋមន្ត្រីធ្វើការកឹបកេងថវិកាជាតិអស់មិនតិចជាង៥០០លានរៀលឡើយ នេះមិនទាន់និយាយអំពីការដែលរូបគាត់និងបក្ខពួកកឹបកេងលើប្រាក់គំរោងផ្សេងៗដែលមានចំនួនទឹកប្រាក់ទ្វេរដងនៃថវិកាជាតិដែលរូបគាត់បានកិបកេងនិងប្រព្រឹត្តអំពើពុករលួយ។ តួយ៉ាងនៅក្នុងឆ្នាំ២០១៣មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៏សាត់បានចំណាយថវិកាជាតិសរុបអស់ខ្ទង់៩០០លានរៀល។ប៉ុន្តែក្នុងថវិកាទាំងនោះគឺលោកប្រធានមន្ទីរបានរួមដៃជាមួយបក្ខពួកកិបកេងថវិកាអស់មិនតិចជាង២៥០លានរៀលក្នុងនោះដូចជាការចំណាយថវិកាជំពូក៦០ គ្រាន់តែការចំណាយលើប្រេងឥន្ធនៈមួយអស់ទឹកប្រាក់មិនតិចជាង៦០លានរៀលទេនិងការចំណាយលើផ្នែករដ្ឋបាលអស់ទឹកប្រាក់ជាង២០លានរៀលនិងការចំណាយលើសំភារៈនិងបរិក្ខាបច្ចេកទេសអស់ខ្ទង់ជិត២០លានរៀល។ ហើយចំណុចពិសេសដែលលោកប្រធានមន្ទីរមួយនេះពុករលួយបានប្រាក់ច្រើនគឺកិបកេងការចំណាយថវិកានៅក្នុងជំពូក៦១ផ្នែកថែទាំនិងជួសជុលដូចជាការចាក់សាប ចាក់ថ្មល្អិតនៅក្នុងបរិវេនមន្ទីរ និងធ្វើរបងមន្ទីរនៅផ្នែកខាងលិចនិងខាងក្រោយមន្ទីរដែលចំណាយទឹកប្រាក់អស់រហូតជាង២០០លានរៀល។ប៉ុន្តែសម្រាប់ការចំណាយជាក់ស្តែងគឺអស់ទឹកប្រាក់យ៉ាងច្រើន១០០លានរៀល បូកបន្ថែមការចំណាយលើការថែទាំនិងការជួសជុលរថយន្តដោយក្នុងនោះរថយន្ត៣គ្រឿងជាកម្មសិទ្ធរបស់រដ្ឋនិង៤គ្រឿងទៀតជាកម្មសិទ្ធរបស់គំរោង។ប៉ុន្តែការចំណាយលើការជួសជុលរថយន្តនេះដោយសារតែមានអំពើពុករលួយគឺបានចំណាយអស់ទឹកប្រាក់រហូតខ្ទង់៨០លានរៀលតាមស្ថានភាពជាក់ស្តែង ការចំណាយលើជួសជុលរថយន្តអស់ទឹកប្រាក់យ៉ាងច្រើនជាង១០លានរៀនតែប៉ុណ្ណោះ។ ព្រោះថារថយន្តដែលអាចប្រើថវិកាជាតិយកទៅជួសជុលនោះគឺមានតែរថយន្តរបស់រដ្ឋចំនួន៣គ្រឿង ចំណែករថយន្តរបស់គំរោងគឺគេពុំអាចមានសិទ្ធយកថវិកាជាតិទៅធ្វើការជួសជុលទេ។ ហើយរថយន្តគំរោងទាំងនោះក៏សុទ្ធតែជារថយន្តទំនើបនិងថ្មីៗដែលមិនទាន់ត្រូវធ្វើការជួសជុលនោះដែរ។ សម្រាប់ការចំណាយលើជំពូក៦២គឺអស់ទឹកប្រាក់រហូតដល់ជិត២០០លានរៀល ហើយក្នុងនោះចំណាយលើសាហ៊ុយទូទាត់ក្នុងប្រទេស(បេសកកម្ម)គឺអស់ទឹកប្រាក់ខ្ទង់១៥០លានរៀលនិងការចំណាយលើផ្នែកទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយអស់ទឹកប្រាក់ខ្ទង់ជាង៣០លានរៀល។ប៉ុន្តែអ្វីដែលជាការចំណាយជាក់ស្តែងគឺមានភាពមិនប្រក្រតីយ៉ាងច្រើន គ្រាន់តែប្រាក់បេសកកម្មនៅពេលទូទាត់ម្តងៗគឺលោកប្រធានមន្ទីរបានបញ្ជាឲ្យគណនេយ្យកាត់យកពីមន្ត្រី៣០% រួមនិងការធ្វើរបាយការណ៍បំប៉ោងតួលេខបេសកកម្មមួយចំនួនថែមទៀតដើម្បីជាផលប្រយោជន៍របស់លោកប្រធានមន្ទីរ ហួន បូនិត និងបក្ខពួក។ ហើយការកិបកេងថវិកាខាងលើនេះគ្រាន់តែជាការរៀបរាប់សង្ខេបៗមិនទាន់និយាយលំអិតអស់ផង។ សម្រាប់ការចំណាយថវិកានៅឆ្នាំ២០១៤មន្ទីរមួយនេះក៏បានចំណាយថវិកាអស់ប្រហាក់ប្រហែលនិងឆ្នាំ២០១៣ហើយសមិទ្ឋផលដែលទទួលបានគឺមានតែការធ្វើរោងដាក់ឡាននិងមានដំបូលប្រក់ស័ង្ខសីនិងចាក់ដីក្រហមរួមនិងគ្រួសក្រហមដែលតាមការចំណាយពិតប្រាកដអស់ប្រាក់យ៉ាងច្រើនត្រឹមតែ៦០លានរៀល។ប៉ុន្តែដោយសារអំពើពុករលួយគឺគេបានចំណាយថវិកាអស់រហូតដល់ខ្ទង់២០០លានរៀល។ ចំណែកការចំណាយលើផ្នែកផ្សេងៗទៀតគឺមានទឹកប្រាក់មិនខុសគ្នាប៉ុន្មានពីឆ្នាំ២០១៣និងពោពេញដោយអំពើពុករលួយដូចគ្នា ទោះបីការចំណាយនៅផ្នែកខ្លះតាមរូបភាពលទ្ធកម្មមែនតែអំពើពុករលួយគឺកើតមានយ៉ាងធ្ងន់ធ្ងរ ហើយផងប្រយោជន៍យ៉ាងច្រើនបានទៅលោកប្រធានមន្ទីរ ហួន បូនិត។
តាមប្រភពបានបញ្ជាក់ឲ្យដឹងថាចាត់តាំងពីលោក ហួន បូនិត បានឡើងធ្វើជាប្រធានមន្ទីរនៅចុងឆ្នាំ១៩៩៧ រហួតមកដល់បច្ចុប្បន្ន គឺរូបគាត់បានអភិវឌ្ឍន៍ជីវភាពគ្រួសារយ៉ាងថ្តុំថ្កើនមានវីឡាធំនៅក្រុងស្ទឹងសែន និងដីធ្លី ជាច្រើនកន្លែងនិងសល់ប្រាក់យ៉ាងច្រើន ហើយនៅពេលរូបគាត់និងត្រូវចូលនិវត្តន៍ចុងឆ្នាំ២០១៦ខាងមុខនេះ ពិតមែនគឺរូបគាត់មិនមានការភ័យព្រួយដូចមន្ត្រីផ្សេងៗទៀតឡើយ ដោយសារអ្វីៗគឺគាត់បានរៀបចំទុករួចជាស្រេច អាចនិយាយបានថាក្រោយពេលគាត់ចូលនិវត្តន៍គឺគាត់អាចនិងកាន់តំណែងជារដ្ឋលេខាធិការឬអនុរដ្ឋលេខាធិការផងក៏មិនដឹង។
មន្ត្រីនៅក្នុងមន្ទីរសុំអោយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយគួរតែអង្កេតតាមដានលើករណីនេះផង៕