រាជធានីភ្នំពេញ ៖សមត្ថកិច្ចចម្រុះ កំពុង តាមចាប់ជនល្មើសដែលមានគ្នា ៣នាក់ ក្នុងនោះមានឈ្មោះ កែវ វិទូ កូនប្រុសលោក កែវ សុឃាង ប្អូនប្រុសប្រពន្ធលោក កែវ សុខឃាង ម្នាក់ និងម្នាក់ទៀត សង្ស័យជាអង្គរក្ស។ ការតាមប្រមាញ់ក្រុមជនបង្ក បានកើតឡើងបន្ទាប់ពី សមត្ថកិច្ចបានរកឃើញ រថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស ៥៧០ ពណ៌ស ដែលគេយកមកប្លុងចោល ក្នុងបុរីពិភពថ្មី ទល់មុខស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយនៅក្បែររថយន្តនោះ មានកាំភ្លើង ១ ដើមម៉ាកអាការមាន ១២គ្រាប់ ចំណែកស្លាកលេខ ភ្នំពេញ 2AA-0007 ត្រូវបានម្ចាស់កាច់បោះចូល ក្នុងរថយន្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនបាញ់បោះត្រូវជាកូន និងប្អូនថ្លៃរបស់មហាសេដ្ឋី កែវ សុខឃាង ផ្តើមចេញពី ជម្លោះពាក្យសម្តី ក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ហើយបានទាញកាំភ្លើង អាកាស្វាយបត់ បាញ់រះនៅបន្ទប់ជាន់ក្រោម ជាង ១០គ្រាប់ បណ្តាលមនុស្ស ២នាក់ រងរបួស បែកកញ្ចក់ និងគ្រឿងបរិក្ខា អស់ជាច្រើន។ នៅមុនពេលកើតហេតុ មានក្រុមអ្នកមាន ចូលសប្បាយពេលរាត្រី ៥-៦ នាក់ បានជិះរថយន្ត ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-0007 ចូលទៅអង្គុយផឹកស៊ី នៅបន្ទប់ជាន់ក្រោម ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក។
ហេតុការណ៍ផ្ទុះអាវុធ នៅមជ្ឈមណ្ឌលកំសាន្ត រ៉ក់ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ច បង្ហើបអោយដឹងថា ជនបង្កគឺជាក្រុម ឈ្មោះ កែវ វិទូ ត្រូវជាកូនប្រុសសំណព្វ របស់លោកមហាសេដ្ឋី កែវ សុខឃាង ហើយរថយន្ត ឡិចស៊ីស៥៧០ ពណ៌សរ ដែលជនល្មើសរត់ចោល ហើយដោះស្លាកលេខចេញនោះ គឺមានស្លាកលេខ 2AA-0007 ភ្នំពេញ ហើយសមត្ថកិច្ច បានដកហូតរថយន្ត និងកាំភ្លើង AK 47 មួយដើម ដែលជនល្មើសបោះចោល ក្រោយពេលធ្វើសកម្មភាព ដើម្បីយកទៅ កសាងសំណុំរឿងផងដែរ។
បន្ទាប់ពីវាយគេហើយ នៅតែមិនរំសាយកំហឹងក្នុងខ្លួន ក៏បានទៅទាញកាំភ្លើង អាកាស្វាយបត់ ពីក្នុងរថយន្តមកបាញ់រះ ជាង ១០គ្រាប់ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ជាច្រើន នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ៕