ខេត្តព្រះសីហនុ៖តាមសេចក្តីរាយការណ៍ពីក្រុមប្រជានេសាទនៅខេត្តព្រះសីហនុ បានអោយដឹងថាបច្ចុប្បន្ននេះ ធនធានមច្ឆាសមុទ្រ កំពុងរងការវិនាសយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមទូកនេសាទវៀតណាម និង ថៃមួយថ្ងៃៗរាប់រយគ្រឿងបានចូលនេសាទលើផ្ទៃសមុទ្រកម្ពុជា ។ ដោយក្រុមទូកនេសាទទាំងនោះប្រើឧបករណ៍ ខុសច្បាប់យ៉ាងទំនើប អូសប្រមូលចាប់ធនធានមច្ឆា ទាំងតូចទាំងធំ គ្មានត្រាប្រណីទីកន្លែងណាមួយឡើយ ។ ពោលគឺ ពេលដែលទូកនេសាទគេបើកកាត់ គឺកន្លែងនោះរលាយអស់ធនធានធម្មជាតិ។ ក្រុមប្រជានេសាទដដែលបានបន្ថែមថា សមត្ថកិច្ចដែលឈរជើងលើផ្ទៃសមុទ្រទាំងនោះ មិនបានបង្ក្រាបក្រុមអ្នកនេសាទខុសច្បាប់វៀតណាម. ថៃ នោះទេ សង្ស័យតែពួកគេនាំគ្នាសង្វាតតែយកលុយពីក្រុមទូកនេសាទល្មើសច្បាប់ទាំងនោះហើយ ទើបបានជាបើកដៃឲ្យ ក្រុមទូកនេសាទទាំងនោះធ្វើការនេសាទដោយសេរីអោយតែបង់ប្រាក់ជូនពួកគេតាមការកំណត់ ។ ហើយមិនបង់ប្រាក់អោយពួកគេ ឬបង់ប្រាក់មិនគ្រប់ចំនួនតាមការទាមទារ ទើបពួកគេនាំគ្នាបង្ក្រាប ។ ក្រុមប្រជានេសាទដែលក្តៅក្រហាយ និងសមត្ថកិច្ចដែលមិនព្រមបង្រ្កាបបានអោយដឹងថា ក្រុមសមត្ថកិច្ចដែលទទួលបានប្រយោជន៍ច្រើនជាងគេគឺអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រដែលមានលោក ពុំ ស៊ីថា ជានាយអធិការ និងលោក ងួន ម៉េង ជានាយរង និងជាអ្នកជំនិតលោក ពុំ ស៊ីថា ទទួលបន្ទុកខាងប្រមូលលុយពីថៅកែទូកនេសាទទាំងនោះ ។ ដោយសារតែមានការប្រព្រឹត្តអំពើពុករលួយពីសំណាក់ មេជលផលសមុទ្រ ពុំ ស៊ីថា និង ងួន ម៉េង បានធ្វើអោយអ្នកទាំងពីរ ម្នាក់ៗមានចំណូលរាប់ម៉ឺនដុល្លារ ជាពិសេសគឺលោក ពុំ ស៊ីថា ដែលសល់ពីការស៊ីចាយ និងចំណាយថ្នាក់លើរួច។ លោក ពុំ ស៊ីថា នៅថ្ងៃត្រង់ថ្ងៃនេះមិនអាចសុំការបំភ្លឺបានឡើយ ដោយប្រព័ន្ធទូរស័ព្ទរបស់លោកធ្លាប់ប្រើលេខ ០១៦ ៩១១ ១៤២ របស់លោក មានអ្នកទទួលប្រាប់ថា ច្រលំលេខហើយ លេខនេះអ្នកប្រើនៅខេត្តកំពង់ឆ្នាំងទេ (Sic)!!! ។ មជ្ឈដ្នានប្រជាពលរដ្ឋ និងមន្រ្តីរាជការ បានអោយដឹងនិងរិះគន់ថា ដោយសារតែសមត្ថកិច្ចជំនាញរបស់កម្ពុជាប្រព្រឹត្តអំពើពុករលួយស៊ីសំណូក និងបើកដៃអោយអ្នកនេសាទបរទេសចូលមកនេសាទខុសច្បាប់នោះបានធ្វើអោយអ្នកនេសាទវៀតណាម ថៃ រាប់រយទូកបានចូលមកនេសាទដោយខុសច្បាប់លើផ្ទៃសមុទ្រកម្ពុជាជារៀងរាល់ថ្ងៃគ្មានខ្លាចរអែងអ្នកណាឡើយ ជាហេតុធ្វើឲ្យធនធានមច្ឆាជាតិស្ទើររលាយពីផ្ទៃសមុទ្រកម្ពុជា។ ដើម្បីធានានូវការគ្រប់គ្រងជលផល និងធនធានជលផលជំរុញកិច្ចអភិវឌ្ឍវារីវប្បកម្ម ផលិតកម្ម និងការកែឆ្នៃ លើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជិវចម្រុះផង ទាំងមរតកវប្បធម៌ធម្មជាតិផង ប្រកបដោយនិរន្តភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ។ រាជរដ្ឋាភិបាលគួរប្រញ៉ាប់ចាត់វិធានការទប់ស្កាត់អោយទាន់ពេលវេលា បើពុំនោះទេផ្ទៃសមុទ្រកម្ពុជាប្រាកដជានិងបាត់បង់ អស់ធនធានមច្ឆាជាតិជាពុំខានដោយសារតែស្នាដៃមន្រ្តីអសកម្មទាំងនោះ ៕